រាជធានីភ្នំពេញ ៖ ប្រធានផ្នែកទីផ្សារលក់ផលិតផលទឹកសុទ្ធរបស់ក្រុមហ៊ុនប្រូវីដា ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត «កិបកេងប្រាក់ក្រុមហ៊ុន»ប្រមាណ២.៥០០០ដុល្លារអាមេរិក ។
ជនសង្ស័យឈ្មោះ សុខ ប៊ូ ភេទប្រុស អាយុ៤៣ ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនទឹកសុទ្ធ ប្រូវីដា ដែលពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ សុខ ប៊ូ បានទៅបម្រើការងារនៅក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ដោយទទួលបានតួនាទីជាប្រធានផ្នែកលក់ទឹកសុទ្ធ ប្រូវីដា ប្រចាំនៅតំបន់រាជធានីភ្នំពេញ និងបានប្រាក់ខែ២១០០ដុល្លារអាមេរិកក្នុង១ខែ ។
កន្លងមក ជនសង្ស័យបានបំពេញការងារឲ្យក្រុមហ៊ុនមិនដែលមានបញ្ហាអ្វីទេ ទើបមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្រាប់តែក្រុមហ៊ុនត្រូវបាត់បង់ប្រាក់ចំណូល ។ លុះពេលក្រុមហ៊ុនស្រាវជ្រាវទៅឃើញថា ឈ្មោះ សុខ ប៊ូ ប្រធានផ្នែកលក់ទឹកសុទ្ធនោះ មានការកឹបកេងប្រាក់មិនបានបង់ឲ្យក្រុមហ៊ុនគ្រប់ចំនួន ពោលគឺប្រាក់ដែលប្រមូលបានជនសង្ស័យទុកចាយវាយផ្ទាល់ខ្លួនខ្លះ និងបង់ឲ្យក្រុមហ៊ុនខ្លះ ដូច្នោះ បានជាក្រុមហ៊ុនត្រូវបាត់បង់ប្រាក់ចំណុលដល់ទៅជាង២ម៉ឺនដុល្លារអាមេរិក ។
ក្រោយពេលក្រុមហ៊ុនស្រាវជ្រាវដឹងបាត់ប្រាក់ចំណូល ក្រុមហ៊ុនបានហៅជនសង្ស័យឲ្យទទួលខុសត្រូវនិងសងក្រុមហ៊ុនវិញ តែដោយសារប្រាក់ទាំងនោះត្រូវបានចាយវាយរបូតពីដៃអស់ទៅ ជនសង្ស័យព្រមទទួលស្គាល់ការពិត និងព្រមទទួលការអនុវត្តទោសទៅតាមច្បាប់ជាធរមាន ព្រោះមកដល់ដំណាក់កាលនេះ បើទោះបីជនសង្ស័យសុខចិត្តធ្វើកិច្ចសន្យាសង ក៏មិនអាចទៅរកប្រាក់ពីណាបានរាប់ពាន់រាប់ម៉ឺនដុល្លារ មកសងដើមបណ្តឹងវិញនោះដែរ ដោយសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ដុតដាបខ្លាំងយ៉ាងនេះ ដូច្នេះមានតែផ្ញើខ្លួនតាមយថាកម្មទីចុះ ៕
ចែករំលែកព័តមាននេះ