ខេត្តឧត្តរមានជ័យ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានដាក់គ្រឿងចក្រជីកកកាយបើកទ្វារទឹកបន្ថែមនៅចំណុចលូ៣ បឹងតាម៉ុក ដើម្បីរំដោះទឹកបានរហ័ស បញ្ចៀសក្នុងការជន់លិចស្ពានអូរជីក នៅក្នុងរដូវវស្សាម្តងៗ។ បឹងតាម៉ុកនេះ ស្ថិតនៅក្នុងភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋអ្នកស្រុកអន្លង់វែង ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមដងផ្លូវស្ពានអូរជីកនេះ តែងតែធុញទ្រាន់ទៅនឹងការជន់លិច ដោយសារតែទឹកភ្លៀងបង្កើនហក់ឡើង ធ្វើឱ្យលិចស្ពានអូរជីកជារៀងរាល់ឆ្នាំ ដែលបង្កឲ្យរាំងស្ទះក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការផងដែរ។ ហើយខណៈពេលនេះ ក៏ត្រូវបានបើកទ្វារទឹកបន្ថែមទៀត ធ្វើឱ្យប្រជាពលរដ្ឋមានក្តីសង្ឃឹមថា ស្ពានអូរជីក ហៅស្ពានតាម៉ុក មិនអាចមានទឹកជំនន់ជន់លិចបន្តទៀតនាពេលរដូវវស្សាខាងមុខនេះឡើយ។
ទាក់ទិននឹងការដាក់គ្រឿងចក្រជីកកកាយបើកមុខទ្វារទឹក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ លោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យកាសែតកោះសន្តិភាពដឹងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយដែលស្ថិតនៅលើតំបន់ខ្ពង់រាប ខណៈនៅក្នុងរដូវវស្សាម្តងៗ ទឹកភ្លៀងបានហូរធ្លាក់ជាគំហុកមកពីលើជួរភ្នំដងរ៉ែក ចាក់មកតាមប្រឡាយបឹងបួ និងអាងស្តុបទឹកនានាផងដែរ បន្ទាប់មកបឹងបួ ប្រឡាយ អាងដែលស្តុបទឹកមិនអាចធានាបាន ហើយទឹកក៏បានហូរចាក់មកជន់លិចតាមបណ្តាភូមិ ផ្លូវលំ និងផ្លូវជាតិក៏អាចថាបានដែរ។ ប៉ុន្តែទឹកជំនន់នៅក្នុងតំបន់នេះ វានឹងជន់លិចលឿន វាក៏ស្រកទៅវិញលឿនដែរ ដោយមិនដូចនៅក្នុងតំបន់ផ្សេងៗនោះទេ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា យោងទៅលើទឹកជំនន់ជន់លិចស្ពានអូរជីក ហៅស្ពានតាម៉ុកនេះ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់នូវកញ្ចប់ថវិកាតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការអភិវឌ្ឍន៍បើកទ្វារទឹកបឹងតាម៉ុក ចំណុចលូ៣បន្ថែមទៀត។ ដោយកាលដើមឡើយ ពីមុនមានលូបង្ហូរទឹកចំនួន៤ និងបន្តដាក់លូចំនួន៤ទៀត ក្រាលបេតុងបាតក្រោមប្រវែង១២០០ម៉ែត្រផងដែរ ដើម្បីរំដោះទឹកបានលឿន បញ្ចៀសក្នុងការជន់លិចស្ពានបន្តទៀត នៅក្នុងរដូវវស្សាខាងមុខនេះ៕
ចែករំលែកព័តមាននេះ