ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន ចំរុង បង្ហាញ​អារម្មណ៍​ពិត​ពេល​ចូល​ទៅ​កាន់​តំបន់​ឱ​រ៉ា​ល់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​តែងតែ​សង្កេត​ឃើញ​តារា​សម្តែង និង​ជា​ពិធីករ​ពូកែ​វោហា លោក ប៉ែន ចំរុង រួម​ជាមួយនឹង​លោក តាន់…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​តែងតែ​សង្កេត​ឃើញ​តារា​សម្តែង និង​ជា​ពិធីករ​ពូកែ​វោហា លោក ប៉ែន ចំរុង រួម​ជាមួយនឹង​លោក តាន់ គឹ​ម​សួរ បាន​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា ហើយ​ពេល​ដែល​លោក​បាន​ទៅ​ម្តង​ៗ លោក​តែងតែ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ដោយ​បង្ហាញ​ពី​អារម្មណ៍​ស្រលាញ់​បរិស្ថាន​ធម្មជាតិ និង​ចង់​ឲ្យ​តំបន់​ព្រៃ​ភ្នំ​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្លាយជា​ពណ៌​បៃតង ។

ឆ្លើយឆ្លង​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ភ្នា​ក់​ការងារ​សារព័ត៌មាន​កោះសន្តិភាព តារា​សម្តែង និង​ជា​ពិធីករ​ពូកែ​វោហា លោក ប៉ែន ចំរុង បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​ស្រលាញ់​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​យើង​ខ្លាំង​ណាស់ បើ​ទោះបី​បច្ចុប្បន្ន​នេះ លោក​មាន​ភារកិច្ច​សំខាន់​ដែល​ត្រូវ​មើលថែ​ភរិយា និង​កូនស្រី ដែល​នៅ​តូច ក៏​ដូច​ជា កំពុង​មមាញឹក​ក្នុង​វិ​ថី​សិល្បៈ​ក៏​ពិតមែន លោក​តែងតែ​ឆ្លៀត​ពេលវេលា​ទៅ​កាន់​ទីកន្លែង​ដែល​មាន​តំបន់​ព្រៃ​ភ្នំ ដើម្បី​លំហែរ​ខួរក្បាល​ផង និង​ដើម្បី​ចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​ផង​ដែរ ។

លោក​ប៉ែន ចំរុង បន្ត​ថា ប៉ុន្មាន​ថ្ងៃមុន​លោក បាន​ទៅ​កាន់​តំបន់​ឱ​រ៉ា​ល់ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ទីនោះ​ពិតជា​ត្រជាក់ ដោយសារ​តំបន់​នោះ​សំបូរ​ទៅ​ដោយ​ព្រៃឈើ​ធំ​ៗ មើលទៅ​ពិតជា​ស្រស់បំព្រង​ខ្លាំង​ណាស់ ។

ពាក់ព័ន្ធ​ជាមួយ​ធម្មជាតិ​ពណ៌​បៃតង​ខៀវខ្ចី​នេះ លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ផង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា ពេល​ដែល​លោក​ដើរ​ចូល​ព្រៃ​កាន់តែ​ជ្រៅ លោក​បានឃើញ​ដើមឈើ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​អន្លើរ​ៗ ។ តារា​សម្តែង​រូប​នេះ​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង នៅ​ក្នុង​តំបន់​ឱ​រ៉ា​ល់​ជា​ច្រើន​លើក​ច្រើន​សារ​មកនេះ បាន​ធ្វើ​ឲ្យ​លោក​មានចិត្ត​ស្រឡាញ់​ព្រៃឈើ និង​ចង់​ចូលរួម​អភិរក្ស ជា​ពិសេស​ចង់រក​ចំណូល​បន្ថែម​ជួយ​ប្រជាជន​ក្នុង​សហគមន៍​នោះ ។

លោក​ប៉ែន ចំរុង បាន​និយាយ​ថា ពេល​លោក​ទៅ​ដល់​ឃើញ​ប្រជាជន​នៅ​ក្នុង​សហគមន៍​គាត់​ពឹងផ្អែក​ទាំងស្រុង​លើ​អនុ​ផល​នៃ​ព្រៃឈើ ដូច្នេះ​ជីវភាព​របស់​ពួក​គាត់​ពិតជា​ពិបាក ដែល​ធ្វើ​ឲ្យ​លោក​មានគំនិត​ចង់​ជួយ​ប្រជាជន​នៅ​តំបន់​នោះ ដោយ​ចង់​ផ្សព្វផ្សាយ​ពី​សម្រស់​ស្រស់​ស្អាត​ក្នុង​តំបន់​ឱ​រ៉ា​ល់ និង​ចង់​ធ្វើ​ឲ្យ​តំបន់​នោះ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ។ លោក​បន្ថែម​ថា ការ​នាំ​ទេសចរ​ចូល​ក្នុង​ព្រៃ គឺជា​រឿង​មួយ​ដ៏​ល្អ ព្រោះ​វា​អាច​ជួយ​ការពារ​ព្រៃឈើ​ដោយ​ប្រយោល និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​សហគមន៍​ក្នុង​តំបន់​នោះ ។

លោក​ប៉ែន ចំរុង បាន​បញ្ជាក់​ថា បើ​មាន​ពេលវេលា​គ្រប់គ្រាន់​លោក​នឹង​ធ្វើការ​គៀងគរ​អ្នកសិល្បៈ​ជា​ច្រើន​ផ្សេង​ៗ​ទៀត ឲ្យ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ដើម្បី​ឲ្យ​តំបន់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្លាយជា​ពណ៌​បៃតង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ