ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​រចនា​ដោយ​ឈើ​ប្រណី​ត​តម្លៃ​រាប់​ម៉ឺន​ត្រូវ​ភ្លើង​ឆេះ​ហ្មត់

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​ ផ្ទះ​កន្តាំង​៣ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ចំនួន​២ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ នៅ​ជាប់​គ្នា​ក្នុង​ភូមិ​រកា​កណ្តាល​ទី១​ សង្កាត់​រកា​កណ្តាល​ ក្រុង​ក្រចេះ​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់​​កាល​ពី​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ មេសា​ ។

នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ គេ​មិន​ទាន់​មាន​ប្រភព​ព័ត៌​មាន​ណា​មួយ​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើត​ឡើង​

ខេត្ត​ក្រចេះ ៖​ ផ្ទះ​កន្តាំង​៣ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ចំនួន​២ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ នៅ​ជាប់​គ្នា​ក្នុង​ភូមិ​រកា​កណ្តាល​ទី១​ សង្កាត់​រកា​កណ្តាល​ ក្រុង​ក្រចេះ​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់​​កាល​ពី​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩ មេសា​ ។

នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ គេ​មិន​ទាន់​មាន​ប្រភព​ព័ត៌​មាន​ណា​មួយ​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើត​ឡើង​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នៅ​ឡើយ​នោះ​ទេ​ ។ ដោយ​ឡែក​ ម្ចាស់​ផ្ទះ​ដែល​ជា​ដើម​ហេតុ​បាន​អះ​អាង​ប្រាប់​សមត្ថ​កិច្ច​ថា​ បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ខណៈ​ដែល​រូប​គាត់​ និង​ភរិយា​មិន​នៅ​ផ្ទះ​រវល់​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផ្ទះ​ម្តាយ​ ។

លោក​ស្រី​កុសល​ ចៅ​សង្កាត់​រកា​កណ្តាល​បាន​ឱ្យ​ដឹង​ថា​ លំនៅ​ឋាន​ទាំង​ពីរ​ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​ ខណៈ​ដែល​ម្ចាស់​លំនៅ​ឋាន​ទាំង​ពីរ​មិន​នៅ​ផ្ទះ​ ។ អ្នក​ស្រី​បន្ត​ថា​ អណ្តាត​ភ្លើង​បាន​ឆាប​ឆេះ​ចេញ​ពី​ផ្ទះ​កន្តាំង​៣ខ្នង​មួយ​ មាន​ទំហំ​៨ម៉ែត្រ​គុណ​១២​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​សន ធី​ អាយុ​៣៧​ឆ្នាំ​ ជា​បុគ្គលិក​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ មាន​ប្រពន្ធ​ឈ្មោះ​ចោម ចរណៃ​ អាយុ​២៩​ឆ្នាំ​ ជា​គ្រូ​បង្រៀន​ ។ ចំណែក​ឯ​សម្ភារ​ និង​ទ្រព្យ​ដែល​ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង​ក្នុង​អណ្តាត​ភ្លើង​នោះ​រួម​មាន​ស្រូវ​២០​បាវ​ ប្រាក់​ខ្មែរ​៣០ម៉ឺន​រៀល​ ប្រាក់​អាមេរិក​២២០​ដុល្លារ​ ទូ៣​ គ្រែ១​ និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ​ ។

រីឯ​លំនៅ​ឋាន​មួយ​ទៀត​ក៏​ជា​ផ្ទះ​កន្តាំង​៣ខ្នង​ដូច​គ្នា​ដែរ​ មាន​ទំហំ​៧,៥​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ដែល​ទើប​តែ​សាង​សង់​រួច​កាល​ពី​ឆ្នាំ​ទៅ​ ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​ហ៊ន សុមី អាយុ​៣៣​ឆ្នាំ​ បម្រើ​ការ​នៅ​អង្គ​ការ​ WWF ខេត្ត​ក្រចេះ​ និង​ប្រពន្ធ​ឈ្មោះ​លី ម៉ាឡៃ​ អាយុ​​៣២​ឆ្នាំ​ ជា​គ្រូ​បង្រៀន​ ។ លំនៅ​ឋាន​មួយ​នេះ​ត្រូវ​អណ្តាត​ភ្លើង​ឆាប​ឆេះ​អស់​គ្មាន​សល់​ រួម​ទាំង​សម្ភារ​ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ ប្រាក់​អាមេរិក​៣០០​ដុល្លារ​ គ្រឿ​អលង្ការ​ប្លាទីន​ជាង​១តម្លឹង​ និង​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​​ធំ​ ។

តាម​ការ​អះ​អាង​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ម្ចាស់​ផ្ទះ​ជា​ដើម​ហេតុ​ឈ្មោះ​សន ធី​ អាយុ​៣៧​ឆ្នាំ​ បាន​និយាយ​ថា​ ថ្ងៃ​កើត​ហេតុ​គាត់​ និង​ប្រពន្ធ​មិន​នៅ​ផ្ទះ​ទេ​ និង​ចាក់​សោ​ផ្ទះ​ ហើយ​បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​ម្តាយ​ ។ បុរស​រូប​នេះ​អះ​អាង​ថា​ ក្នុង​ផ្ទះ​គាត់​មិន​មាន​អុជ​ធូប​ទៀន​ ឬ​ដុត​ភ្លើង​ទុក​ចោល​នោះ​ឡើយ​ ។

លោក​ស្រី​កុសល​ ចៅ​សង្កាត់​រកា​កណ្តាល​បាន​ប្រាប់​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​ គឺ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​ ហើយ​បន្ទាប់​ពី​ចរន្ត​អគ្គិ​សនី​​បាន​ភ្ជាប់​វិញ​ ក៏​ឃើញ​មាន​ផ្សែង​ហុយ​ចេញ​តាម​ដំបូល​ផ្ទះ​ឈ្មោះ​សន ធី​ និង​មាន​អណ្តាត​ភ្លើង​ឆេះ​ចេញ​យ៉ាង​សន្ធោ​សន្ធៅ​ គ្មាន​នរ​ណា​ជួយ​ទាន់​ ខណៈ​ដែល​ម្ចាស់​លំនៅ​ឋាន​ទាំង​ពីរ​មិន​នៅ​ផ្ទះ​ និង​ចាក់​សោ​ពី​ខាង​ក្រៅ​ជាប់​ថែម​ទៀត​នោះ​ ។

អគ្គិភ័យ​បាន​ឆាប​ឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​អស់​រយៈ​ពេល​ជិត​២ម៉ោង​ ទើប​មាន​ការ​ធូរ​ស្រាល​ បន្ទាប់​ពី​កម្លាំង​នគរ​បាល​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២គ្រឿង​ និង​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​១២​រថយន្ត​ ។ ក្នុង​សកម្ម​ភាព​នៃ​ការ​ជួយ​សង្គ្រោះ​បាញ់​ទឹក​ពន្លត់​នោះ​ គឺ​មាន​ការ​ចុះ​ដឹក​នាំ​ចាត់​ចែង​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍​ត្រី​ ជួង ស៊ាង​ហាក់​ ស្នង​ការ​នគរ​បាល​ខេត្ត​ និង​លោក​វរសេនីយ៍​ឯក​ ហន ប៉ូច ស្នង​ការ​រង​កណ្តាល​សណ្តាប់​ធ្នាប់​ និង​កង​កម្លាំង​នគរ​បាល​ជា​ច្រើន​រូប​ទៀត​ ។

លោក​វរសេនីយ៍​ឯក​ ហន​ ប៉ូច ស្នង​ការ​រង​កណ្តាល​សណ្តាប់​ធ្នាប់​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្នុង​សកម្ម​ភាព​ចុះ​ជួយ​សង្គ្រោះ​គ្រោះ​អគ្គិភ័យ​នា​ព្រឹក​នោះ​ ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ប្រើ​ប្រាស់​កម្លាំង​ជិត​១០០​នាក់​ និង​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២គ្រឿង​ និង​ទឹក​ចំនួន​១២​រថយន្ត​ ទើប​ធ្វើ​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​វិញ​ក្នុង​រយៈ​ពេល​ជិត​២ម៉ោង​រួច​មក​ ។

លោក​ស្នង​ការ​រង​បាន​បញ្ជាក់​ថា​ ជា​មួយ​នឹង​ស្ថាន​ភាព​នោះ​ កម្លាំង​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​បាញ់​ទឹក​ពន្លត់​ និង​បាញ់​ទឹក​ទប់​ស្កាត់​មិន​ឱ្យ​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរ​នោះ​ ។ លោក​បន្ត​ថា​ កម្លាំង​នគរ​បាល​នៅ​តែ​បន្ត​ការ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ពិត​ប្រាកដ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​ ។ ទោះ​បី​ជា​ជំហាន​ដំបូង​មាន​ការ​សង្ស័យ​ពី​ការ​ទុស្សេ​ចរន្ត​អគ្គិសនី​ក្តី​ ។ លំនៅ​ឋាន​ទាំង​២​ដែល​ក្លាយ​ជា​ចំណី​ភ្លើង​នេះ​ ជា​ផ្ទះ​ដែល​លម្អ​ដោយ​ឈើ​ប្រណីត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ។ ពិត​ជា​គួរ​ឱ្យ​មាន​ការ​ស្តាយ​ពន់​ពេក​ណាស់​ ដែល​អ្វីៗ​បាន​ក្លាយ​ជា​ផេះ​ផង់​ក្នុង​ភ្លើង​តែ​មួយ​ប៉ប្រិច​ភ្នែក ៕