ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា នៅសាលាក្រុងតាខ្មៅ អង្គការសីលការបានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីអភិបាលកិច្ចមូលដ្ឋានលើសេវាអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ក្រោមអធិបតីភាពលោកស្រី ធីតា ឃិះ នាយិកាអង្គការសីលការ លោក នូ សាខន អភិបាលក្រុងតាខ្មៅ និងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនអនាម័យ ក្រុមហ៊ុនទឹកស្អាត និងអាជ្ញាធរក្រុងសង្កាត់ ព្រមទាំងតំណាងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកស្រី ធីតា ឃិះ បានថ្លែងនាឱកាសនោះថា នេះជាវេទិកាពិគ្រោះយោបល់លើកទី៤ របស់គម្រោងអភិបាលកិច្ចមូលដ្ឋានបែបប្រជាធិបតេយ្យ តាមរយៈគណនេយ្យភាពសង្គមដែលសហការរៀបចំដោយអង្គការសីលការ សាលាក្រុងតាខ្មៅ និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានក្រុងតាខ្មៅនេះ ។ ដើម្បីពង្រឹងលើការអនុវត្តគណនេយ្យភាពសង្គម និងរួមចំណែកធ្វើឱ្យមានអភិបាលកិច្ចល្អប្រកបដោយចីរភាពនៅប្រទេសកម្ពុជា អង្គការសីលការបានចាប់ដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវបែបចូលរួមនៅអាស៊ី (PRIA)ក្នុងប្រទេសឥណ្ឌា ដើម្បីអនុវត្តគម្រោងពង្រឹងអភិបាលកិច្ចមូលដ្ឋានបែបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈគណនេយ្យភាពសង្គម នៅអាស៊ី (DLDG) ក្រោមជំនួយមូលនិធិអង្គការសហប្រជាជាតិ ដើម្បីប្រជាធិបតេយ្យ (UNDEF) ។
លោក នូ សាខន អភិបាលក្រុងតាខ្មៅ បានថ្លែងនាពេលនោះថា ឆ្លងតាមរយៈការបណ្តុះបណ្តាល ដំណើរទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា វេទិកាប្រជុំពិគ្រោះយោបល់និងយុទ្ធនាការផ្សព្វផ្សាយទូទាំងក្រុងតាខ្មៅនាពេលកន្លងមក យើងសង្កេតឃើញថា សមត្ថភាព ការយល់ដឹង ពិសេសការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការអភិបាលកិច្ចក្នុងក្រុងតាខ្មៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ម៉្យាងទៀត យើងបានបង្កើតឧបករណ៍គណនេយ្យភាពសង្គមមួយចំនួន ដែលបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការទទួលព័ត៌មានបានកាន់តែទូលំទូលាយ អាចតាមដានត្រួតពិនិត្យ ព្រមទាំងផ្តល់ឱកាសដល់ពលរដ្ឋនិងស្ថាប័នផ្តល់សេវាកម្ម អាចជួបពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីគ្នាបានកាន់តែស៊ីជម្រៅ ក្រោមការសម្របសម្រួលរបស់សាលាក្រុងតាខ្មៅ ។
ជាលទ្ធផល បើទោះបីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យមិនទាន់គ្របដណ្តប់ទូទាំងក្រុង១០០% ស្របតាមតម្រូវការរបស់ពលរដ្ឋក្តី ក៏បច្ចុប្បន្ននេះស្ថានភាពនៃការប្រើប្រាស់ទឹកស្អាត អនាម័យ បរិស្ថាន និងសោភ័ណភាពក្រុង មានការរីកចម្រើនយ៉ាងច្រើន ដែលធ្វើឱ្យក្រុងតាខ្មៅទាំងមូលនាពេលអនាគត ក្លាយជាក្រុងស្អាតជាក់ជាមិនខាន ។
នាឱកាសនោះ លោកអភិបាលក្រុងក៏បានថ្លែងអំណរគុណអង្គការសីលការ អង្គការព្រីយ៉ា និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ដែលតែងតែសហការ និងជួយផ្នែកបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីសាលាក្រុង និងពលរដ្ឋនៅក្រុងតាខ្មៅនាពេលកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ