ក្រុងតាខ្មៅ, កណ្តាល ៖ ចោរ៤នាក់ប្រដាប់ដោយកាំភ្លើងខ្លីស្ទើរគ្រប់ដៃបានឆ្មក់ចូលប្លន់ផ្ទះលក់មាស-ប្តូរប្រាក់នៅផ្សារតាខ្មៅថ្មីប្រមូលយកគ្រឿងអលង្ការមាស-ប្លាទីនច្រើនសន្ធឹកសន្ធាប់ រួចហើយពួកគេបានជិះម៉ូតូរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៧ មិថុនា ២០១២ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
តាមសាក្សីបាននិយាយឱ្យដឹងថា ពួកចោរមានគ្នា៤នាក់ជិះម៉ូតូស៊េរីទំនើប២គ្រឿងមកឈប់មុខផ្ទះលក់មាស-ប្តូរប្រាក់ខាងលើ ដោយដកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និងបញ្ជាមិនឱ្យស្រែក… អ្នកណាហ៊ានស្រែកនឹងបាញ់សម្លាប់ចោល ។ បន្ទាប់មកប្រមូលយកគ្រឿងអលង្ការមាស-ប្លាទីនយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយភ្លាមៗនោះពួកចោរបានឡើងដោះកាមេរ៉ាចាប់សកម្មភាព (កាមេរ៉ាសុវត្ថិភាព) ដែលដាក់ឱ្យថតសកម្មភាពផ្សេងៗនៅមុខផ្ទះយកទៅជាមួយគេចខ្លួនបាត់ ។
ពេលនេះប៉ូលិសកំពុងតែទាក់ទងកម្លាំងគ្រប់ផ្នែកឱ្យចេញស្ទាក់នៅតាមកន្លែងនានា ដើម្បីស្វែងរកចាប់ពួកចោរទាងនោះហើយ… ប៉ុន្តែជិត២ម៉ោងមកនេះរកចោរមិនឃើញទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ