រាជធានីភ្នំពេញ ៖ រថយន្ដហ្វ័រធូន័រពណ៌ខ្មៅ ពាក់ស្លាកលេខ «ខ ម» បើកបរដោយបុរសម្នាក់ស្លៀកពាក់ជាឯកសណ្ឋានអង្គរក្សបានបោលបុកគ្នាជាមួយម៉ូតូវ៉េវ ពណ៌ខ្មៅលាយក្រហម ពេញទំហឹងចំពីមុខ បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសស្រាលរីឯម៉ូតូត្រូវដាច់ជា២កំណាត់ ។គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥៥នាទីព្រឹក ថ្ងៃទី២០ មីនា ២០១២ តាមបណ្ដោយផ្លូវបេតុងកែងផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំពោះហេតុកាណ៍គ្រោះថ្នាក់ខាងលើ ជនរងគ្រោះឈ្មោះហ៊ី ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម បើកបរពីត្បូងទៅជើងតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើក៏មានរថយន្ដ១គ្រឿងម៉ាក់ហ្វ័រធូន័រពណ៌ខ្មៅបើកបរដោយបុរសម្នាក់មានឯកសណ្ឋានជាអង្គរក្សធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ក៏បត់ឆ្វេងចូលផ្លូវបេតុង ហើយវាក់នឹងម៉ូតូវ៉េវជាន់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូវ៉េវដាច់ជា២កំណាត់មើលទៅគួរឱ្យរន្ធត់ តែសំណាងល្អ ម្ចាស់ម៉ូតូបានហោះចេញពីលើម៉ូតូ ទើបពុំបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសស្រាល ។
ម្ចាស់រថយន្ដបានសងទៅម្ចាស់ម៉ូតូចំនួន១៥០ដុល្លារទុកជាថ្លៃខូចខាត ដើម្បីបញ្ចប់បញ្ហា៕
ចែករំលែកព័តមាននេះ