រាជធានីភ្នំពេញ ៖ អ្នកនាងខៀវ សានសាណា ធ្លាប់លេចឮមានព័ត៌មានថា គ្រោងរៀបការជាមួយថៅកែក្រុមហ៊ុន ជាជនជាតិអាមេរិក កាលពីចុងឆ្នាំ២០១៤ ។ ចំណែក ថ្មីៗកន្លងមកគេបានឃើញនារីមេម៉ាយកូនពីររូបនេះ និងគូស្នេហ៍ដឹកដៃគ្នាទៅទិញផ្ទះវីឡាប្រណីតមួយតាមបណ្តោយផ្លូវ២០០៤ ដែលទំនងជាផ្ទះដែលនាង និងគូស្នេហ៍ទិញសម្រាប់រៀបមង្គលការ និងរស់នៅរួមគ្នា ។
អ្នកនាងខៀវ សានសាណា បានរៀបការស្ងាត់ៗក្នុងវិហារគ្រឹះនៅកាណាដាកាលឆ្នាំ២០០៩ហើយពេលនេះនាងមានកូន២នាក់ គឺកូនប្រុសច្បងអាយុ៤ឆ្នាំ និងកូនស្រីទី២ អាយុជាង៣ឆ្នាំ កំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅកម្ពុជា ។ ចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងសាណា និងស្វាមីជនជាតិកាណាដា លោក ដូឡាល់ដ៍ បូវសឺរ បានបញ្ចប់កាលពីពាក់កណ្តាលឆ្នាំ២០១៤ ប៉ុន្តែពួកគេនៅតែជួបគ្នា យូរៗម្តង គ្រាដែលអតីតស្វាមីចង់ជួបមុខកូន ។
អ្នកនាង ខៀវ សានសាណា ត្រូវគេទម្លាយឱ្យដឹងនាពេលកន្លងមកថា ត្រៀមចូលរោងការជាមួយប្រធានក្រុមហ៊ុនមួយបន្ទាប់ពីលែងលះជាមួយស្វាមីជាង២ឆ្នាំ ប៉ុន្តែគម្រោងនេះត្រូវពន្យារពេល ។ ទោះជាយ៉ាងណាក្តី ប្រភពព័ត៌មានចុងក្រោយបានលើកឡើងថាគម្រោងរៀបការចុងឆ្នាំនេះរបស់អ្នកនាងសាណាអាចនឹងត្រូវពន្យារពេល ប៉ុន្តែមិនមែនមានន័យថាស្នេហាពួកគេដើរដល់ផ្លូវបែកទេ ។ អ្នកនាងខៀវ សានសាណា និងលោក Seraj Sutton ប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife ត្រូវបានគេដឹងថា បានភ្ជាប់ចំណងស្នេហ៍នឹងគ្នាអស់រយៈពេលជាយូរមកហើយ ពោលគឺបន្ទាប់ពីនាងបែកបាក់ស្វាមី ។គេដឹងដែរថាអ្នកទាំងពីរសុទ្ធតែធ្លាប់បែកបាក់ស្នេហ៍ និងធ្វើការងារជាមួយគ្នាមានភាពជិតស្និទ្ធបន្ទាប់ពីដឹកដៃគ្នាទៅទទួលការបណ្ដុះបណ្ដាលជំនាញរកលុយតាមប្រព័ន្ធនៅក្រៅប្រទេស ។ អ្វីដែលកាន់តែធ្វើឲ្យគេជឿជាក់ថាស្នេហាថ្មីរបស់នាងសានសាណាកាន់តែរឹងមាំ គឺថ្មីៗនេះនាងបានចូលមើលលំនៅដ្ឋានគំរូជាមួយគូស្នេហ៍នៅបុរីអ៊័រគីដេវីឡាតាមបណ្តោយផ្លូវ២០០៤ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ តាមអ្នកឃើញសកម្មភាពនោះបានលើកឡើងថា សាណា និងគូស្នេហ៍គ្រោងទិញផ្ទះវីឡាតម្លៃប្រមាណ២៨ម៉ឺនដុល្លារ ហើយអាចជាទ្រនំសម្រាប់នាង និងគូស្នេហ៍រស់នៅនាថ្ងៃអនាគត ។ អ្នកទាំងពីរទំនងជាមិនជ្រើសរើសការបង់រំលស់ ព្រោះតែទំហំទឹកប្រាក់សម្រាប់ទិញផ្ទះនោះមិនមែនជាឧបសគ្គសម្រាប់ពួកគេទេ ។
ពិធីការិនីខៀវ សានសាណា នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែកន្លងទៅនាងតែបដិសេធមិនទទួលបទសម្ភាសន៍ទាក់ទិនជីវិតផ្ទាល់ខ្លួនរបស់នាងទេ ។ ទោះជាយ៉ាងណាក្តី អ្នកសិល្បៈសុទ្ធតែសរសើរអំពីវាសនានាងសាណាដែលអាចស្វែងរកបុរសយល់ចិត្ត ឆ្លាតវៃលើមុខជំនួញ មានទ្រព្យធន បើទោះបីជាមានវ័យជ្រេបន្តិចក្តី។ លោក Seraj Sutton មានវ័យមិនក្រោម៦០ឆ្នាំទេ ប៉ុន្តែបុរសពោះម៉ាយរូបនេះ មើលទៅនៅក្មេង ដោយសារតែលោកប្រើប្រាស់ផលិតផលHerbalife ថែរក្សាសុខភាពរបស់ក្រុមហ៊ុនលោកជាប្រចាំ និងជាមនុស្សដែលមានប្រាក់ចំណូលខ្ពស់ ៕
ចែករំលែកព័តមាននេះ