ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់​ដាក់​កុង​ត្រូល​ជជុះ​៦​កន្លែង​ចាំ​ទារលុយ​ពី​ពលរដ្ឋ​រក​ស៊ី​អនុ​ផល​ព្រៃ​ឈើ

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ កុង​ត្រូល​ជជុះ​របស់​កម្លាំង​អាវុធ​ហត្ថស្រុក​ឱរ៉ាល់​ចំនួន​៦​កន្លែង​ត្រូវ​ប្រជា​ពលរដ្ឋ​រក​ស៊ី​ដឹក​អនុ​ផល​ព្រៃ​ឈើ​រិះ​គន់ថា បាន​ជម្រិត​ទារ​លុយ​ពី​ពួក​គាត់​ច្រើន​ណាស់​ក្នុង​មួយ​កន្លែង​មិន​ក្រោម​ពី​២០​ម៉ឺន​រៀល

ខេត្ត​កំពង់​ស្ពឺ ៖ កុង​ត្រូល​ជជុះ​របស់​កម្លាំង​អាវុធ​ហត្ថស្រុក​ឱរ៉ាល់​ចំនួន​៦​កន្លែង​ត្រូវ​ប្រជា​ពលរដ្ឋ​រក​ស៊ី​ដឹក​អនុ​ផល​ព្រៃ​ឈើ​រិះ​គន់ថា បាន​ជម្រិត​ទារ​លុយ​ពី​ពួក​គាត់​ច្រើន​ណាស់​ក្នុង​មួយ​កន្លែង​មិន​ក្រោម​ពី​២០​ម៉ឺន​រៀល​នោះ​ទេ។

បើ​តាម​សម្តី​របស់​ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​រក​ស៊ី​ដឹក​អនុ​ផល​ព្រៃ​ឈើ​និយាយ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គាត់​រក​ស៊ី​រាល់​ថ្ងៃ​នេះ​ជួប​ផល​លំបាក​ខ្លាំង​ណាស់​ ដោយ​សារ​តែ​លោក​សោម ពុទ្ធ​តារ៉ា ដែល​ជាមេ​បញ្ជា​​ការ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់​បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដាក់​កុង​ត្រូល​ជជុះ​ដើម្បី​ជំរិត​ទារ​លុយ​ពី​ពួក​គាត់​ មួយ​កន្លែងៗ​គឺ​ត្រូវ​បង់​ឱ្យ​មន្ត្រីរបស់​លោក​ចាប់​ពី​៥០​ដុល្លារឡើង​ទៅ ដោយ​គ្រាន់​តែ​ដឹក​ចំនៀរ​ឈើ​​ប៉ុណ្ណោះ ប្រសិន​បើ​ពួក​​គាត់​ដឹក​ឈើ​ក្រហម​ធម្មតា​វិញ​ គឺ​ត្រូវ​បង់​ចាប់​ពី​៥០​ម៉ឺន​ទៅ​៨០​ម៉ឺន​រៀល​។

ប្រភព​បន្ត​ទៀត​ថា កុង​ត្រូល​ជជុះ​ដែល​លោក​សោម ពុទ្ធ​តារ៉ា បញ្ជា​ឱ្យ​កូន​ចៅ​ដាក់​កុង​ត្រូល​ជជុះ​មាន​៦​កន្លែង គឺ១​-ផ្លូវ​បំបែក​តេ​ទឹក​ពុះ ​​២-ខ្លោច​ ​​៣-អូរ​ព្រុង​ ​៤-អូរ​ត្រាវ (ក្រុម​ហ៊ុន​HLH) ​៥-តំបន់​ជាំ និង​​​៦-នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់​នេះ​ផ្ទាល់​តែ​ម្តង​ ។

តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​រក​ស៊ី​ដឹក​អនុ​ផល​ព្រៃ​ឈើ​បាន​រិះ​គន់​ទៅ​លើ​លោក​សោម ពុទ្ធ​តារ៉ា ថា ចាប់​ពី​៣​ថ្ងៃ​ទៅ​៧​ថ្ងៃ​ លោក​ដើរ​ប្រមូល​លុយ​ពី​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​កន្លែង​ដាក់​កុង​ត្រូល​ជជុះ​ទាំង​៦​កន្លែង​នោះ​ដើម្បី​​យក​មក​ដាក់​ក្នុង​ហោ​ប៉ៅ​របស់ខ្លួន ប៉ុន្តែ​ចំពោះ​បញ្ហា​ចុះ​បង្ក្រាប​មុខ​សញ្ញា​ចោរ​លួច ឆក់ ប្លន់​ប្រព្រឹត្ត​បញ្ហា​ ប្រព្រឹត្ត​បញ្ហា​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ លោក​សោម ពុទ្ធ​តារ៉ា​ តាំង​ពី​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់​ជិត​១០​ឆ្នាំ​មក​ហើយ​មិន​​ដែល​ឃើញ​បង្ក្រាប​បាន​ម្តង​ណា​ឡើយ​ ខណៈ​ដែល​កម្លាំង​នគរ​បាល​ស្រុក​ឱរ៉ាល់​ចុះ​បង្ក្រាប​មុខ​សញ្ញា​ចោរ​លួច ឆក់​ ប្លន់ និង​គ្រឿង​ញៀន​បាន​ជា​ហូរហែ​។

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ជា​ពិសេស​ប្រជា​ពលរដ្ឋ​រក​ស៊ី​ដឹកអនុ​ផល​ព្រៃ​​ឈើសំណូម​ពរ​ឱ្យ​ថ្នាក់​លើ​គួរ​ពិនិត្យ​មើល​ភាព​អសកម្ម​របស់​លោក​សោម ពុទ្ធ​តារ៉ា​ ផង​ដើម្បី​កុំ​ឱ្យ​ខូច​ឈ្មោះ​ស្ថាប័ន​កម្លាំង​អាវុធ​ហត្ថ​ទូទាំ​ង​ប្រទេស​ ជា​ពិសេស​ប៉ះ​ពាល់​ដល់​លោក​ជូ សារុន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ដែល​ទើប​ឡើង​គ្រង​តំណែង​ថ្មីៗនេះ។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ខាងលើ​នេះ​ អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​សោម ពុទ្ធ​តារ៉ា បាន​ទេ ៕