ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ ធនាគារ មេយប៊ែង បានអបអរសាទរគម្រប់ខួប ១០ឆ្នាំ នៃ កម្មវិធីស្ត្រី និងតម្បាញ រួមជាមួយ ពិធីបិទសិក្ខាសាលាថ្នាក់តំបន់លើកទី ៣ ស្តីពីការប្រើប្រាស់ល័ក្តធម្មជាតិ និងពិធីសម្ពោធជាផ្លូវការ នៃសាលពិព័រណ៍ល័ក្តធម្មជាតិរបស់ធនាគារមេយប៊ែង និង ខល័រសៀល នៅក្នុងប្រទេសកម្ពុជា

1 ខែ មុន

រាជធានីភ្នំពេញ៖ សិក្ខាសាលា និង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ បាន​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​ជ្រលក់​ពណ៌​ធម្មជាតិ និង​ការ​ថែរក្សា​ប្រពៃណី​តម្បាញ​របស់​កម្ពុជា ក៏​ដូ​ជា​បាន​បណ្តុះបណ្តាល​ស្ត្រី​តម្បាញ​ចំនួន ២,៦១៧នាក់ និង​គាំទ្រ​កសិករ​ចំនួន ៣,០២៤នាក់ ​ទូ​ទាំង​អាស៊ាន អស់​រយៈពេល ១០ឆ្នាំ​ កន្លង​មក ។

មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង តាម​រយៈ​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា និង​ខ​ល័​រសៀល ដែល​ជា​ដៃគូ​អនុវត្ត​កម្មវិធី បាន​ប្រារព្ធ​ពិធី​បិទ​សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​៣ ស្តី​ពី​ការ​ជ្រលក់​ល័ក្ត​ធម្មជាតិ និង​ពិធី​សម្ពោធ​ជា​ផ្លូវការ ​នៃ​សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ពី​ស្ត្រី​តម្បាញ និង​ដៃគូ​អនុវត្ត​កម្មវិធី​មក​ពី​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង និង​ជំនាញ​អំពី​ការ​ជ្រលក់​ល័ក្ត​ធម្មជាតិ ព្រមទាំង​ជំរុញ​ផលិតកម្ម​វាយ​ន​ភណ្ឌ​ប្រកបដោយ​ចីរភាព ​។ សិក្ខាសាលា និង​ពិធី​សម្ពោធ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ខួប ​១០​ឆ្នាំ​នៃ​កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​មួយ​ទសវត្សរ៍​ក្នុង​ការ​ពង្រឹងសមត្ថភាព​ស្ត្រី អភិរក្ស​បេតិកភណ្ឌ​វាយ​ន​ភណ្ឌ និង​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព ​នៅ​ទូ​ទាំង​តំបន់​អាស៊ាន​ ។

ពិធី​បិទ​សិក្ខាសាលា និង​សម្ពោធ​សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ មាន​អ្នកចូលរួម​ចំនួន​៨០​រូប រួម​មាន លោក​ជំទាវ ស្រី ស៊ី​យុ​ត ទីប្រឹក្សា​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​; លោក​ជំទាវ សូ​វុ​ទ្ឍ សុ​បញ្ញា​រ័​ត្ន អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​; ឯកឧត្តម ព្រឹម រ​ដ្ឋា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​; លោក ម៉េ សំបូ អនុប្រធាន​នាយកដ្ឋាន​វប្បធម៌ និង​សិល្បៈ​ប្រចាំ​ខេត្តសៀមរាប​; លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារ មេ​យ​ប៊ែ​ង​; លោកស្រី ហ្គា​រី​ន ចាន់ នាយិកា​គ្រប់គ្រង​ប្រតិបត្តិ​នៃ​ធនាគារ មេ​យ​ប៊ែ​ង​; លោកស្រី ណរ ហ្វា​ស​លី​ន ប្រធាន​ផ្នែក​លើកកម្ពស់​សហគមន៍​នៃ​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង​; អ្នកស្រី ង៉​ន់ វណ្ណ​ថា ស្ថាបនិក​ខ​ល័​រសៀល និង​តំណាង​ធនាគារ មេ​យ​ប៊ែ​ង មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង ដៃគូ​អនុវត្ត​កម្មវិធី​ថ្នាក់​តំបន់ និង​ស្ត្រី​តម្បាញ​មក​ពី​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​ ។ កម្មវិធី​រួម​មានការ​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម ការ​ចែករំលែក​បទ​ពិសោធន៍​ពី​ស្ត្រី​តម្បាញ​កម្ពុជា​ចំនួន​៣​រូប និង​ការ​ជួបជុំ​តំណាង​ស្ត្រី​អ្នក​តម្បាញ​ទាំង​១០​ជំនាន់ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​តាម​រយៈ​កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង នៅ​កម្ពុជា​ ។

មួយ​ទសវត្សរ៍​នៃ​ការ​លើកកម្ពស់​ជីវភាព​ស្ត្រី និង​ការ​ថែរក្សា​ប្រពៃណី​តម្បាញ​របស់​កម្ពុជា
ចាប់តាំងពី​កម្មវិធី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង តាម​រយៈ​ភាព​ជា​ដៃគូ​យូរអង្វែង​ជាមួយ​ខ​ល័​រសៀល ​។ កម្មវិធី​នេះ​បាន​រួមចំណែក​អភិរក្ស​ប្រពៃណី​តម្បាញ​សូត្រ​ខ្មែរ ព្រមទាំង​បង្កើត​ឱកាស​សេដ្ឋកិច្ច និង​ជីវភាព​ប្រកបដោយ​ចីរភាព​សម្រាប់​ស្ត្រី និង​សហគមន៍ ​។ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ កម្មវិធី​នេះ​នៅ​កម្ពុជា បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ស្ត្រី​អ្នក​តម្បាញ​ចំនួន ​៨៥២​នាក់ គាំទ្រ​កសិករ​ចំនួន​១,៥៨៤​នាក់ និង​គាំទ្រ​ការ​ដាំ​ដើម​មន​ជាង​២២០,៧០០​ដើម ហើយ​ក៏​បាន​រួមចំណែក​ជួយ​បង្កើន​ប្រាក់​ចំណូល​ប្រចាំខែ​របស់​អ្នកចូលរួម​រហូត​ដល់ ៣៥០​ដុល្លារ​អា​មេ​រិ​ក ​។

លោកស្រី អ៊ី​ស​លី​ន រាម​លី នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង និង​ជានា​យក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង បាន​បង្ហាញ​ថា ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អាច​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​ពង្រឹងសមត្ថភាព​ស្ត្រី និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព​។ បច្ចុប្បន្ន កម្មវិធី​នេះ​បាន​ផ្សា​ភ្ជាប់​ស្ត្រី កសិករ និង​សហគមន៍​នៅ​ក្នុង​ប្រទេស​អាស៊ាន​ចំនួន​ប្រាំ តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង ជំនាញ និង​ឱកាស​ផ្សេង​ៗ ​។

«​សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​៣ និង​ការ​សម្ពោធ​សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ​នៅ​កម្ពុជា ជា​ជំហាន​បន្ត​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​បេសកកម្ម​នេះ​។ តាម​រយៈ​កម្មវិធី​ពង្រឹងសមត្ថភាព​យុវជន​ទូ​ទាំង​អាស៊ាន eMpowering Youths Across ASEAN (eYAA) និង​ខ​ល័​រសៀល សាល​ពិព័រណ៍​នេះ ​ជួយ​ពង្រឹង​ភាព​ធន់​របស់​សហគមន៍ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អាស៊ាន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​» ​។

ការ​ជំរុញ​កិច្ចសហការ​ក្នុង​តំបន់ តាម​រយៈ​ការ​ជ្រលក់​ល័ក្ត​ធម្មជាតិ
សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​៣​នេះ បន្ត​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ចែករំលែក​ចំណេះដឹង​ក្នុង​តំបន់ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៤ ដើម្បី​ពង្រឹង​ជំនាញ​ជ្រលក់​ល័ក្ត​ធម្មជាតិ និង​លើកកម្ពស់​ផលិតកម្ម​វាយ​ន​ភណ្ឌ​ប្រកបដោយ​ចីរភាព​នៅ​ទូ​ទាំង​អាស៊ាន​ ។ ចាប់តាំងពី​ការ​ចាប់ផ្តើម គំនិត​ផ្តួចផ្តើម​នេះ​បាន​ប្រមូលផ្តុំ​ស្ត្រី​តម្បាញ និង​ដៃគូ​អនុវត្ត​កម្មវិធី​មក​ពី​ទូ​ទាំង​តំបន់ ដោយ​រួម​គ្នា​បង្កើត​កម្រិត​ពណ៌​ធម្មជាតិ​ជាង​២២៧ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​ការ​អនុវត្ត​បច្ចេកទេស​បែប​ប្រពៃណី​ ។

រៀបចំ​ដោយ​ខ​ល័​រសៀល សិក្ខាសាលា​ឆ្នាំ​២០២៦ មាន​អ្នកចូលរួម​ចំនួន ​៥០​នាក់ មក​ពី​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង និង​ជំនាញ​អំពី​ការ​ជ្រលក់​ល័ក្ត​ធម្មជាតិ​ ។ សិក្ខាសាលា​នេះ​បាន​រួមចំណែក​បង្កើត​កម្រិត​ពណ៌​ធម្មជាតិ​ជាង​១៨ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​ពាក់ព័ន្ធ​ នៅ​ទូ​ទាំង​ខ្សែ​សង្វា​ក់​ នៃ​ការ​ជ្រលក់​ល័ក្ត​ធម្មជាតិ ​។

ពី​គំនិត​ផ្តួចផ្តើម​របស់​យុវជន​អាស៊ាន ក្លាយទៅជា​ធនធាន​ដ៏​មាន​តម្លៃ​ សម្រាប់​សហគមន៍​កម្ពុជា
សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ​នេះ ត្រូវ​បាន​អភិវឌ្ឍ​បន្ត​ពី​គម្រោង​ស្រាវជ្រាវ និង​ដាំ​រុក្ខជាតិ​សម្រាប់​ជ្រលក់​ពណ៌​ធម្មជាតិ ដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២៤ ក្រោម​កម្មវិធី​ពង្រឹងសមត្ថភាព​យុវជន​ទូ​ទាំង​អាស៊ាន eMpowering Youths Across ASEAN (eYAA) ជំនាន់​ទី​៤ ដែល​បាន​រៀបចំ​រួម​គ្នា ​ដោយ​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង និង​មូលនិធិ​អាស៊ាន ​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​ប្រមូលផ្តុំ​យុវជន​ស្ម័គ្រចិត្ត​អាស៊ាន​ចំនួន​ ១០​រូប និង​សមាជិក​សហគមន៍​មូលដ្ឋាន ដោយ​បាន​ផ្តល់​ប្រយោជន៍ ​ដល់​សមាជិក​សហគមន៍​ចំនួន​ ២១៥​នាក់ គាំទ្រ​ការ​ដាំ​រុក្ខជាតិ​ជា​វត្ថុ​ធាតុ​សំខាន់​ក្នុង​ការ​ផលិត​ពណ៌​ចំនួន និង​ចែក​ជូន​រុក្ខជាតិ​ប្រភេទ​នេះ​ដល់ ​៤០​គ្រួសារ និង​បាន​រួមចំណែក ​ដល់​ការ​បង្កើត​សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ​ផង​ដែរ ​។

បន្ទាប់​ពី​ការ​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០២៦ សាល​ពិព័រណ៍​នេះ​នឹង​បន្ត​ដើរតួ​នាទី ​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​រៀនសូត្រ ការ​ពិសោធន៍ និង​ចែករំលែក​ចំណេះដឹង​អំពី​ការ​ជ្រលក់​ពណ៌​ធម្មជាតិ ​។ សាល​ពិព័រណ៍​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​លើកកម្ពស់​ជីវភាព​សហគមន៍ និង​អភិរក្ស​សិល្បៈ​តម្បាញ​នៅ​កម្ពុជា​ ។

អ្នកស្រី ង៉​ន់ វណ្ណ​ថា ស្ថាបនិក​ខ​ល័​រសៀល បាន​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​ស្ត្រី​តម្បាញ​របស់​យើង ការ​តម្បាញ​សូត្រ​បែប​ប្រពៃណី​មាន​តម្លៃលើស​ពី​ការ​ប្រកប​មុខរបរ ​។ វា​គឺជា​ប្រភព​ចំណូល អត្តសញ្ញាណ​វប្បធម៌ និង​ចំណេះដឹង​ដែល​បាន​ផ្សា​ភ្ជាប់​សហគមន៍​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​។ តាម​រយៈ​សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ យើង​មាន​ទីកន្លែង​មួយ​សម្រាប់​ពង្រឹង​ជំនាញ​ទាំងនេះ និង​ផ្ទេរ​ចំណេះដឹង​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ​។ សាល​ពិព័រណ៍​នេះ​ក៏​ជា​សក្ខីភាព​នៃ​សមិទ្ធផល​ដែល​អាច​កើតឡើង​តាម​រយៈ​កិច្ចសហការ​ ។ ការ​រួមចំណែក​របស់​យុវជន​ស្ម័គ្រចិត្ត​អាស៊ាន និង​សហគមន៍​មូលដ្ឋាន បាន​ជួយ​បង្កើត​ធនធាន​ដ៏​មាន​តម្លៃ​មួយ ​សម្រាប់​គាំទ្រ​ស្ត្រី​តម្បាញ និង​កសិករ ព្រមទាំង​អភិរក្សបេតិកភណ្ឌ​វាយ​ន​ភណ្ឌ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​»​ ។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស ​នៃ​ធនាគារ មេ​យ​ប៊ែ​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រពៃណី​តម្បាញ​សូត្រ​របស់​កម្ពុជា គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​វប្បធម៌​របស់​យើង​។ ការ​អភិរក្ស​នេះ​ទាមទារ​ឱ្យ​មានការ​វិនិយោគ​ជា​បន្តបន្ទាប់​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ត្រី និង​សហគមន៍​ ។ តាម​រយៈ​កិច្ចសហការ​ជាមួយមូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង និង​ខ​ល័​រសៀល យើង​បានឃើញ​ថា ជំនាញ​តម្បាញ​បែប​ប្រពៃណី​អាច​បង្កើត​មុខរបរ​ប្រកបដោយ​ចីរភាព ទន្ទឹម​នឹង​ការ​អភិរក្ស​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ ​។ សាល​ពិព័រណ៍​ល័ក្ត​ធម្មជាតិ ជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត ដែល​ផ្តល់​ទីកន្លែង​សម្រាប់​ការ​សិក្សា នវានុវត្តន៍ និង​ការ​ចែករំលែក​ចំណេះដឹង ដើម្បី​ពង្រឹងសហគមន៍​ តម្បាញ​របស់​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​ ។

ការ​អបអរសាទរ​ខួប​មួយ​ទសវត្សរ៍​ នៃ​ការ​រីក​ចម្រើន​រួម​គ្នា​នៅ​ទូ​ទាំង​អាស៊ាន
ចាប់តាំងពី​ការ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៦ មក កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង បាន​រីក​ចម្រើន​ទៅ​ជា​ប្រព័ន្ធអេកូឡូស៊ី​សេដ្ឋកិច្ច ​ក្នុង​តំបន់​ដែល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ​។ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ កម្មវិធី​នេះ​នៅ​ទូ​ទាំង​តំបន់​បាន​បណ្តុះបណ្តាល​ស្ត្រី ​អ្នក​តម្បាញ​ចំនួន​ ២.៦១៧​នាក់ និង​គាំទ្រ​កសិករ​ចំនួន​ ៣.០២៤​នាក់ ដោយ​មាន​ទុន​វិនិយោគ​ចំនួន​ ៥,៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ការ​វិនិយោគ​នេះ​ គាំទ្រ​ដល់​ការ​តម្បាញ​បែប​ប្រពៃណី ការ​ផលិត​សរសៃសូត្រ​ធម្មជាតិ ការ​ជ្រលក់​ល័ក្ត​ធម្មជាតិ ការ​អភិវឌ្ឍ​ជំនាញ ផលិតកម្ម​ប្រកបដោយ​ចីរភាព និង​ការ​បង្កើន​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​ ។

បន្ទាប់​ពី​ការ​អបអរសាទរ​ខួប​ ១០​ឆ្នាំ ​របស់​កម្មវិធី​នៅ​កោះ​បាលី​ក្នុង​ខែសីហា ឆ្នាំ​២០២៦ សិក្ខាសាលា​ថ្នាក់​តំបន់​លើក​ទី​៣​នេះ បាន​បន្ត​ការ​អបអរសាទរ​នៅ​កម្ពុជា ដោយ​នាំ​យកចំណេះ​ដឹង និង​កិច្ចសហការ​ក្នុង​តំបន់​មក​កាន់​សហគមន៍​តម្បាញ​ដោយ​ផ្ទាល់​ ។ ​កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ មេ​យ​ប៊ែ​ង បន្ត​រួមចំណែក​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ ROAR30 របស់​ធនាគារ មេ​យ​ប៊ែ​ង តាម​រយៈ​ការ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​បន្ន ការ​លើកកម្ពស់​ជីវភាព​រស់ នៅ​ប្រកបដោយ​ចីរភាព និង​ការ​ពង្រឹង​ភាព​ធន់​របស់​សហគមន៍ ព្រមទាំង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អាស៊ាន​ ៕ អត្ថបទសហការ