រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន សណ្ឋាគារ តារា (Dara Hotels Group) ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន TUI Hotels & Resorts របស់អាល្លឺម៉ង់ បានសម្ពោធជាផ្លូវការនូវសណ្ឋាគារ ធួយ សូណេអូ អូឡាំព្យា ភ្នំពេញ (TUI SUNEO Olympia Phnom Penh) នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដែលជាការបើកដំណើរការសណ្ឋាគារ TUI SUNEO ដំបូងគេនៅក្នុងប្រទេសកម្ពុជា ។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ។ ការបើកដំណើរការនេះគឺជាការចាប់ផ្តើមជំពូកថ្មីមួយសម្រាប់សណ្ឋាគារនេះ ដែលពីមុនត្រូវបានគេស្គាល់ថាជាសណ្ឋាគារ Olympia City Hotel by Dara ។
សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ១៦៨ នេះ មានទីតាំងស្ថិតនៅជិតពហុកីឡដ្ឋានជាតិអូឡាំពិក ហើយគឺជាសាខាទីបួនរបស់ TUI SUNEO នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ សណ្ឋាគារនេះដំណើរការក្រោមកិច្ចព្រមព្រៀងគ្រប់គ្រងរវាងក្រុមហ៊ុន Dara Hotels Group និង TUI Hotels & Resorts ហើយក៏ជាការបង្ហាញវត្តមានលើកដំបូងរបស់ម៉ាកយីហោនេះនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា ៖ «ការផ្លាស់ប្តូរនេះគឺជាជំហានដ៏គួរឱ្យមោទនភាពមួយសម្រាប់ក្រុមហ៊ុន Dara Hotels Group ។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនឈានមុខគេក្នុងវិស័យទេសចរណ៍លំដាប់ពិភពលោកដូចជា TUI Group របស់អាល្លឺម៉ង់ យើងកំពុងផ្សារភ្ជាប់បេតិកភណ្ឌក្នុងស្រុករបស់កម្ពុជា ទៅនឹងបណ្តាញអន្តរជាតិ» ។

លោក Bernd Mäser នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន TUI Hotels & Resorts បានមានប្រសាសន៍ថា ៖ «ការបើកដំណើរការសណ្ឋាគារ TUI SUNEO Olympia Phnom Penh គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការការពង្រីកបណ្តាញសណ្ឋាគាររបស់យើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ ទីក្រុងភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍របស់ប្រទេស ដោយមានការរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការតភ្ជាប់អន្តរជាតិដែលកំពុងកើនឡើង និងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត» ។

ការបើកដំណើរការនេះក៏បានឆ្លុះបញ្ចាំងផងដែរអំពីការពង្រឹងទំនាក់ទំនងរបស់ OCIC ជាមួយក្រុមហ៊ុន និងស្ថាប័ននានារបស់អាល្លឺម៉ង់ ៖ តាមរយៈគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC បានទិញទំនិញ និងសេវាកម្មដែលមានតម្លៃជិត ១១ លានដុល្លារអាមេរិក ពីក្រុមហ៊ុនអាល្លឺម៉ង់នានា រួមមាន Siemens, Schneider Electric, Peri និង Kalzip ខណៈដែលធនាគារ កាណាឌីយ៉ា ក៏ធ្លាប់ទទួលបានហិរញ្ញប្បទានពីធនាគារ អភិវឌ្ឍន៍ KfW របស់អាល្លឺម៉ង់ផងដែរ ។ តាមរយៈគម្រោង TUI SUNEO Olympia Phnom Penh ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Dara Hotels Group បន្តចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា ដោយសហការជាមួយដៃគូអន្តរជាតិឈានមុខគេ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ