ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA ក្លាយជា​ធនាគារ​លេខ 1 របស់​កម្ពុជា ក្នុង​បញ្ជី​ធនាគារ​ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​លើ​ពិភពលោក ឆ្នាំ ​2026 ពី​ទស្សនាវដ្តី Forbes

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ពី​កម្ពុជា ABA ជា​ធនាគារ​ដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ​បំផុត ក្នុង​បញ្ជី​ធនាគារ​ឆ្នើម​ៗ​លើ​ពិភពលោក ប្រចាំឆ្នាំ ​2026 (World’s Top Performing Banks 2026 Ranking) ដែល​ជា​ការ​វាយតម្លៃ​លើក​ដំបូង​របស់​ទស្សនាវដ្តី Forbes​ ។ ABA លេខ 1 នៅ​កម្ពុជា និង​លេខ 31 នៅ​ទូ​ទាំង​ពិភពលោក ក្នុង​លំដាប់​ធនាគារ​ដែល​មាន​សមត្ថភាព​ប្រតិបត្តិការ​ល្អ​បំផុត ក្នុង​ប្រភេទ ធនាគារ​ខ្នាត​មធ្យម​កម្រិត​ទាប (Lower Mid-size Banks)​ ។

ការ​ទទួលស្គាល់​នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ធនាគារ ABA និង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ABA ជា​ធនាគារ​ស្តង់ដារ​សកល ដែល​មាន​អានុភាព ភាព​ធន់​រឹង​មាំ និង​គុណភាព​នៃ​លទ្ធផល​ហិរញ្ញវត្ថុ ​។ ក្រោម​ការ​រៀបចំ​របស់​ទស្សនាវដ្តី Forbes សហការ​ជាមួយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Statista ចំណាត់ថ្នាក់​ធនាគារ​ឆ្នើម​ៗ​លើ​ពិភពលោក ឆ្នាំ​ 2026 នេះ ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្អែក​ទៅ​លើ​ទិន្នន័យ​ហិរញ្ញវត្ថុ​ជាក់ស្ដែង 4 ចំណុច​សំខាន់​ៗ ៖
•​ ​ប្រាក់​ចំណេញ
•​ ​ការ​រីក​ចម្រើន និង​គុណភាព​ប្រាក់​ចំណូល
•​ ​ភាព​ធន់​រឹង​មាំ​នៃ​ដើមទុន និង​ប្រភព​មូលនិធិ​មាន​ស្ថិរភាព​ជាទី​ពំនឹង
•​ ​គុណភាព​ទ្រព្យសកម្ម និង​ប្រសិទ្ធភាព​ប្រតិបត្តិការ ​។

ដើម្បី​ធានា​នូវ​ការ​វាយតម្លៃ​បាន​ត្រឹមត្រូវ​រវាង​ធនាគារ​ដែល​មាន​ទំហំ​ខុស​ៗ​គ្នា គ្រឹះស្ថាន​នីមួយ​ៗ​ត្រូវ​បាន​បែងចែក​ជា 6 ក្រុម ដោយ​ផ្អែក​ទៅ​លើ​ទំហំ​ទ្រព្យសកម្ម​សរុប​ ។ ធនាគារ ABA ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ក្រុម ធនាគារ​ខ្នាត​មធ្យម​កម្រិត​ទាប ដែល​ធនាគារ​ដែល​ស្ថិត​ក្នុង​ក្រុម​នេះ ត្រូវ​មានទ្រព្យ​សកម្ម​ចន្លោះ​ពី 10-20 ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​ក្រុម​នេះ ធនាគារ ABA ជាប់​ចំណាត់ថ្នាក់​លេខ 31 នៅ​ទូ​ទាំង​ពិភពលោក និង​ចំណាត់ថ្នាក់​លេខ 1 នៅ​កម្ពុជា ​។

ផ្អែក​តាម​ចំណាត់ថ្នាក់​នេះ ធនាគារ ABA ឈរ​នៅ​កំពូល​តារាង​ក្នុង​ចំណោម​ធនាគារ​ដែល​មាន​លទ្ធផល​ប្រតិបត្តិការ​ល្អ​បំផុត​ចំនួន 500 មក​ពី 89​ប្រទេស ដែល​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ការ​វាយតម្លៃ​ជាស​កល​លើក​ដំបូង​របស់​ទស្សនាវដ្តី Forbes​ ។ សមិទ្ធផល​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ ពី​គ្រឹះ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​របស់ ABA និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ រក្សា​បាន​នូវ​ប្រាក់​ចំណេញ និង​ស្ថិរ​កំណើន ជាមួយនឹង​ដើមទុន​ដ៏​រឹង​មាំ និង​ប្រភព​មូលនិធិ​មាន​ស្ថិរភាព​ជាទី​ពំនឹង​, គុណភាព​ទ្រព្យសកម្ម និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​ ។ ការណ៍​នេះ ក៏​រំលេច​ឲ្យ​ឃើញ​ពី​តួនាទី​របស់​ធនាគារ ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​នៅ​កម្ពុជា ហើយ​ចំណាត់ថ្នាក់​កំពូល​របស់ ABA ក្នុង​តារាង​សកល ក៏​បង្ហាញ​ផង​ដែរ​ថា វិស័យ​ធនាគារ​របស់​កម្ពុជា មាន​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ​តាម​ស្ដង់ដារ​ពិភពលោក ​។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា “​យើងខ្ញុំ មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដែល​ត្រូវ​បាន​ទស្សនាវដ្តី Forbes ទទួលស្គាល់​ជា​ធនាគារ​លេខ 1 នៅ​កម្ពុជា ក្នុង​ការ​វាយតម្លៃ ធនាគារ​ឆ្នើម​ៗ​លើ​ពិភពលោក​ជា​លើក​ដំបូង​របស់​ទស្សនាវដ្ដី​។ ការ​ដែល​ធនាគារ ABA ត្រូវ​បាន​វាយតម្លៃ ក្នុង​ចំណោម​ធនាគារ​កំពូល​ៗ​ជុំវិញ​ពិភពលោក ដោយ​ផ្អែក​លើ​សូចនាករ​ហិរញ្ញវត្ថុ​ជាក់ស្ដែង បាន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​នេះ​កាន់តែ​មាន​អត្ថន័យ​ពិសេស​សម្រាប់​យើងខ្ញុំ​”​ ។

លោក​ក៏​បាន​បន្ត​ថា “​សមិទ្ធផល​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​នៃ​អាជីវកម្ម និង​សង្គតិភាព​នៃ​លទ្ធផល​ដែល​យើងខ្ញុំ​សម្រេច​បាន​កន្លង​មក​។ ប៉ុន្ដែ​ជាក់ស្ដែង ចំណាត់ថ្នាក់​នេះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ដែល​លើស​ភាពរឹងមាំ និង​សង្គតិភាព ពោល​គឺជា​លទ្ធផល​នៃ​ទំនុកចិត្ត​របស់​អតិថិជន​រាប់​លាន​នាក់​មក​លើ​ធនាគារ​យើងខ្ញុំ ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមការងារ និង​ការ​បន្ត​ផ្តោត​សំខាន់​ទៅ​លើ​ការ​កសាង​ធនាគារ​ដែល​រឹង​មាំ ជាទី​ទុកចិត្ត និង​មាន​ចក្ខុវិស័យ​ឆ្ពោះទៅ​មុខ​។ យើងខ្ញុំ​មាន​មោទនភាព​ដែល​បានឃើញ​លទ្ធផល​ប្រតិបត្តិការ​របស់ ABA ត្រូវ​បាន​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ ហើយ​យើងខ្ញុំ​នឹង​បន្ត​បង្កើន​ស្តង់ដារ​ប្រតិបត្តិការ​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្ពស់​ឡើងជា​លំដាប់​បន្ថែម​ទៀត​” ​។

អំណឹះតទៅ ធនាគារ ABA នឹង​បន្ត​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ដែល​ជា​ច​លករ​នាំ​មក​នូវ​លទ្ធផល​ការងារ​ល្អ​ប្រសើរ​ក្នុង​រយៈពេល​វែង តាម​រយៈ​ការ​វិនិយោគ​ទៅ​លើ​ធនធានមនុស្ស បច្ចេកវិទ្យា និង​សមត្ថភាព​របស់​ខ្លួន ព្រមទាំង​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​នវានុវត្តន៍ សុវត្ថិភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​អតិថិជន និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជា​បន្ដបន្ទាប់ និង​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ​៕ អត្ថបទសហការ