រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សិស្ស និស្សិត យុវជន កម្មករនិយោជិត មាតាបិតា អាណាព្យាបាល និងសាធារណជន ជាពិសេសបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ក្រសួងនឹងប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឱ្យដឹងថា ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១៣៤ ស្មើនឹង ២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗដូចជា ៖
1. កិច្ចពិភាក្សាលើប្រធានបទ ស្តីពី «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»
2. ការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន
3. ការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាព ដើម្បីទទួលបានគុណវុឌ្ឍិជាតិ និងទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាព
4. ការតាំងបង្ហាញស្នាដៃសិស្ស និស្សិត របស់គ្រិះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចជា រ៉ូបូតអាចនិយាយឆ្លើយឆ្លងជាមួយមនុស្ស រ៉ូបូតឆុងកាហ្វេដោយស្វ័យប្រវត្តិ ព្រមទាំងឧបករណ៍ សម្ភារ និងស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់
5. ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការ សមាគម ព្រមទាំងខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនឯកជននានា
6. ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់ និងអាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំ ក្នុងថ្ងៃនោះ និង
7. មានកម្មវិធីកម្សាន្តផ្សេងៗទៀតផងដែ ។
ព្រមជាមួយគ្នានេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ក៏នឹងប្រារព្ធព្រមគ្នានៅគ្រប់ខេត្តទូទាំងប្រទេសផងដែរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សិស្ស និស្សិត យុវជន កម្មការនិយោជិត មាតាបិតា អាណាព្យាបាល និងសាធារណជន ជាពិសេសបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន និងចូលរួមទស្សនាដោយសេរី ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ