ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក កត្តា អ៊​ន ​៖ ការ​ជួយ​ផ្សព្វផ្សាយ និង​ជំរុញលើកទឹកចិត្ត​ឱ្យ​យុវជន​មក​ចូល​រៀន​ជំនាញ គឺជាការ​ស្នេហា​ជាតិ និង​ជួយ​សង្គម​ជាតិ

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​លើក​ឡើង​ថា ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​លើក​ឡើង​ថា ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​ការ​ចូលរួម​លើកទឹកចិត្ត​ ឱ្យ​យុវជន​មក​ចុះ​ឈ្មោះ​ចូល​រៀន គឺជា​ការ​ស្នេហា​ជាតិ និង​ជួយ​សង្គម​ជាតិ​មួយ​ដ៏​ត្រឹមត្រូវ​ ។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​ក្រសួង​ការងារ​បាន​នឹង​កំពុង​បន្ត​យុទ្ធនាការ​កៀរគរ​យុវជន ​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បច្ចេកទេស ​ឱ្យ​កាន់តែ​ផុសផុល​នៅ​ទូ​ទាំងប្រទេស​បន្ថែម​ទៀត បន្ទាប់​ពី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ ដល់​យុវជន​នៅ​វគ្គ​ទី​ ១ ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​ថា ​៖ «​ពលរដ្ឋ​ម្នាក់ ជួយ​ជំរុញ​យុវជន​ឱ្យ​បាន​ម្នាក់ មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​គឺជា​ការ​ស្រលាញ់​ជាតិ ជា​ស្មារតី​ស្នេហា​ជាតិ ជួយ​សង្គម​ជាតិ និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​រីក​ចំរើន​រុងរឿង តាម​រយៈ​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត មានការ​ងារ​ធ្វើ​ល្អ និង​ប្រាក់​ចំណូល​សមរម្យ​»​ ។

ឯកឧត្តម​បន្ថែម​ថា គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ចំនួន​៣៧ ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ប្រទេស ​បាន​នឹង​កំពុង​ចូល​រូ​មយ៉ាង​សកម្ម​ លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន ហើយ​សកម្មភាព​នេះ​នឹង​បន្ត​ដូច​ភ្លៀងរលឹម​ ។ ឯកឧត្តម​បន្ត​ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​១,៥ ​លាន​នាក់ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី កន្លង​ទៅ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​យុវជន​កម្ពុជា​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត មានការ​ងារ​ធ្វើ​សមរម្យ មាន​ប្រាក់​ចំណូល​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ដូច្នេះ​ហើយ​ការ​ជួយ​ជំរុញ​យុវជន និង​សមាជិកគ្រួសារ​ម្នាក់​អាច​មក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​របស់​រាជរដ្ឋាភិបាល​គឺជា​ការ​ជួយ​សង្គម​ជាតិ និង​ជា​ការ​ស្នេហា​ជាតិ​មួយ​ដ៏​ត្រឹមត្រូវ ​។

ឯកឧត្តម​អំពាវនាវ​ឱ្យ​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ ដែល​មិន​ទាន់​បាន​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សូម​រួសរាន់​មក​ចុះ​ឈ្មោះ​ចូល​រៀន​ នៅ​តាម​គ្រឹះស្ថានសិក្សា​ទូ​ទាំង​ប្រទេស ​។ ឯកឧត្តម​ថ្លែងអំណរគុណ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​បណ្តាញ​អ្នក​សារព័ត៌មាន​ទាំងអស់​ ដែល​កំពុង​ចូលរួម​យ៉ាង​សកម្ម​ ក្នុងការ​ជួយ​ផ្សព្វផ្សាយ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នេះ ​៕ អត្ថបទសហការ