ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ និង​និយោជក ​អះអាង​ថា រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិ​ទី ​៧ ​គិតគូរ​យ៉ាង​ដិត​ដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យការងារ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​បាន​លើក​ឡើង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ​នេះ បាន​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មករនិយោជិត ក្នុង​ការ​លើកកម្ពស់​សិទ្ធិ និង​ជីវភាព​របស់​ពួក​គេ ខណៈ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​មាន​ភាពល្អ​ប្រសើរ…

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​បាន​លើក​ឡើង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ​នេះ បាន​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មករនិយោជិត ក្នុង​ការ​លើកកម្ពស់​សិទ្ធិ និង​ជីវភាព​របស់​ពួក​គេ ខណៈ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​មាន​ភាពល្អ​ប្រសើរ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សុខទុក្ខ​កម្មករ ​។

លោកស្រី នុ​ត ស្រី​មុំ ដែល​ជា​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ Sabrina បាន​លើក​ឡើង​ថា ​ក្រោយ​ពី​មាន​យន្តការ​គាំពារ​ដល់ក​ម្មក​រិ​នី​រោងចក្រ​ដែល​មាន​ផ្ទៃពោះ​មក កម្មការិនី​រូប​នេះ​អាច​ចេញ​មុន​ម៉ោង​ចំនួន​ ២៥ ​នាទី និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទៅ​ពិនិត្យ​សុខភាព​ម្តង​ចំនួន ​៨ ​ម៉ឺន​រៀល​, ប្រាក់​ឧបត្ថម្ភ​ក្រោយ​ពេល​សម្រាល​ចំនួន​ ៥០% ​ពី​រោងចក្រ និង​ ៧០ ​ភាគរយ​ពី​រាជរដ្ឋាភិបាល ក្នុង​នោះ​ក៏​មាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ​៨០ ​ម៉ឺន​រៀល​ពី​សម្តេច​តេ​ជោ​អតីត​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ​។ លោកស្រី​បន្ថែម​ថា ខ្លួន​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ពី​រោងចក្រ​ផង​ដែរ ក្នុង​នោះ​មានការ​ផ្តល់​អាហារ​ថ្ងៃត្រង់​ដោយ​ឥត​គិតថ្លៃ​ចំនួន​មួយ​ពេល និង​មាន​កន្លែង​អាហារ​ដ្ឋា​ន​សមរម្យ​ទៀត​ផង ​។ ទាំង​អស់នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​មក​លើ​កម្មករនិយោជិត ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ ​។

ចំណែក​លោកស្រី ឃុន ដា​វី ដែល​ជា​កម្មការិនី​នៅ​រោងចក្រ WANLIN-ZONGHENG (CAMBODIA) បាន​លើក​ឡើង​ថា នៅ​ក្នុង​រោងចក្រ​បច្ចុប្បន្ន​នេះ​មាន​លក្ខខណ្ឌ​ការងារ​ល្អ កន្លែង​ការងារ​មាន​សុ​វត្តិភាព មាន​បរិយាកាស​ការងារ​ល្អ ស្រួល​ធ្វើការ ដែល​អាច​ធ្វើ​ឱ្យ​ខ្លួន​មាន​ផលិតភាព​ការងារ ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ ។ លោកស្រី​បន្ថែម​ថា កម្មករនិយោជិត​ទាំងអស់​មាន​ប័ណ្ណ ប​.​ស​.​ស​. ប្រើប្រាស់​គ្រប់​គ្នា ដែល​កម្មករ​អាច​ទៅ​ប្រើប្រាស់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាន​ដោយ​ឥត​គិតថ្លៃ ដែល​ទាំងនេះ​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​លើ​ជីវភាព​របស់​កម្មករ កាត់​បន្ថយ​ចំណាយ​ផង​លើ​ថ្លៃ​ថែទាំ​សុខភាព​ផង​ដែរ​ ។

លោក​ឧក​ញ្ញា សុខ ពិសិដ្ឋ ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដើម្បី​បម្រើ​ផលប្រយោជន៍​កម្មករនិយោជិត​លោក​ចាប់អារម្មណ៍​ការ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ពីព្រោះ​កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​ឯកជន​ ។ ការ​បណ្តុះបណ្តាល​នេះ​វា​ជា​ឆ្នាំងបាយ​សម្រាប់​វិស័យ​ឯកជន ក្នុង​ការ​បង្កើន​ផលិតភាព ពីព្រោះ​កម្មករ និង​បុគ្គលិក​មានឱកាស​ក្នុង​ការ​បង្កើន​ជំនាញ ​។

ទន្ទឹម​នឹង​ការ​គាំទ្រ​ជា​និច្ច​នូវ​យន្តការ​ថ្មី​ៗ​ដែល​បាន​ដាក់​ចូល​សម្រាប់​បម្រើ​ផលប្រយោជន៍​កម្មករនិយោជិត​នៅ​កម្ពុជា កម្មករនិយោជិត និង​វិស័យ​ឯកជន​ទាំងអស់​បាន​សម្តែង​ការ​អរគុណ​រាជរដ្ឋាភិបាល អរគុណ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​កម្មករនិយោជិត​នៅ​ទូ​ទាំង​ប្រទេស​ ។

គូរ​កត់សម្គាល់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ​៧​ ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​បាន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អនុវត្ត​សិទ្ធិ​ការងារ និង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ ហើយ​រាជរដ្ឋាភិបាល​មាន​យន្តការ​ក្នុង​ការ​លើកកម្ពស់​ការ​ការពារ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ថែរក្សា​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ផ្តល់​អត្ថប្រយោជន៍​នានា​ជូន​បងប្អូន​កម្មករនិយោជិត រួម​ទាំង​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ផង​ដែរ ​។

រាជរដ្ឋាភិបាល​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ជូន​បងប្អូន​កម្មករនិយោជិត ក្នុង​នោះ កម្មករ​ប្រើ​ប​.​ស​.​ស​.​ដោយ​ឥត​គិតថ្លៃ​, ការ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ​ ២០២៤, គិតគូរ​ពី​តម្លៃ​ទឹក​ភ្លើង ផ្ទះ​ជួល​, ការ​បង្កើត​យន្តការ​ផ្សេង​ៗ​ដើម្បី​លើកកម្ពស់​សិទ្ធិ​កម្មករ​, ការ​ឧបត្ថម្ភ​ដល់​កម្មការិនី​និយោជិត​មាន​ផ្ទៃពោះ និង​មាន​យន្តការ​ការ​ច្រើន​ទៀត​ណាស់ ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល ក្នុង​នោះ​កម្មករ​ក៏​អាច​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ។

គួរ​កត់​សំគាល់ថា សម្តេច​មហា​បវរ​ធិ​បតី​ក៏​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​ ៤ ​ចំណុច​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុវត្ត​សម្រាប់​ឆ្នាំ​ ២០២៤ ដល់​ឆ្នាំ ​២០២៥ ផង​ដែរ ក្នុង​នោះ​ទី ​១ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​កសាង​ម​ត្តេ​យ្យ​សហគមន៍ ទី​ ២ កែសម្រួល​អាហារ​ដ្ឋា​ន​ហូប​បាយ​ក្នុង​បរិវេណ​រោងចក្រ​សហគ្រាស ទី​ ៣ កែសម្រួល​មធ្យោបាយ​ធ្វើ​ដំណើរ និង​ទី ​៤ ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ដល់​កម្មករនិយោជិត​ផង​ដែរ ​៕ អត្ថបទសហការ