ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ ​បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការ​និយាយ​សាធារណៈ ភាសា​ខ្មែរ ដើម្បី​បន្ត​លើកកម្ពស់​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការ​និយាយ​ជា​សាធារណៈ​ជា​ភាសា​ខ្មែរ ក្នុង​ការ​ប្រកួត​ក្លឹ​ប​សិស្ស​ពូកែ​នៅ​ឆ្នាំ ​២០២៣…

រាជធានីភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការ​និយាយ​ជា​សាធារណៈ​ជា​ភាសា​ខ្មែរ ក្នុង​ការ​ប្រកួត​ក្លឹ​ប​សិស្ស​ពូកែ​នៅ​ឆ្នាំ ​២០២៣ ​ខាង​មុន​នេះ ដើម្បី​បន្ត​លើកកម្ពស់​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ និង​បង្កើន​សមត្ថភាព​របស់​សិស្ស​ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់ និង​មេដាយ​ដល់​សិស្ស​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ក្លឹ​ប​សិស្ស​ពូកែ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​ ២០២២​ កន្លង​មកនេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះ​សា្ថ​ន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​លើក​ឡើង​ថា «ការ​និពន្ធ​រឿង​ខ្លី និង​តែង​កំណាព្យ គឺជា​ផ្នែក​មួយ​នៃ​អក្សរសិល្ប៍ និង​អក្សរសាស្ត្រ​ខ្មែរ ហើយ​ការ​តែង​និពន្ធ​នេះ​ក្នុង​ន័យ​លើក​ត​ម្កើ​ន​អ្វីមួយ និង​អប់រំ​ប្រជាជន​ខ្មែរ​ឱ្យ​ស្រឡាញ់​វប្បធម៌​ប្រពៃណី ថែរក្សា​និង​អភិរក្ស​មរតក​ដូនតា ចូលរួម​ថែរក្សា​បរិស្ថាន និង​សីលធម៌​រស់នៅ​» ។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា «​ការ​ប្រកួត​ក្លឹ​ប​សិស្ស​ពូកែ​មាន​វិញ្ញាសា​ការ​និយាយ​ជា​សាធារណៈ​អង់គ្លេស តែ​សម្រាប់​ឆ្នាំ​ក្រោយ​យើង​នឹង​បញ្ចូល​វិញ្ញាសា​និយាយ​ជា​សាធារណៈ​ភាសា​ខ្មែរ ដើម្បី​បង្កើន​ជំនាញ​វោហារ​សព្ទ និង​ជំនាញ​សិក្សា​ស្រាវជ្រាវ​រុករក​ប្រធាន​អ្វីមួយ​សម្រាប់​និយាយ​ចែករំលែក​ចំណេះដឹង​បន្ថែម​ដល់​សាធារណៈជន​» ។

ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បញ្ជាក់​ថា កម្មវិធី​ប្រកួត​ក្លឹ​ប​សិស្ស​ពូកែ​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ មិនមែន​ក្នុង​ន័យ​ប្រកួតប្រជែង​យកឈ្នះ​ចាញ់ លេខ​ ១ លេខ ​២ ឬ​លេខ​៣​នោះ​ទេ គឺ​ក្នុង​ទិស​ដៅ​ផ្តល់​ឱកាស និង​ជម្រុញ​កុមារ យុវជន​បញ្ចេញ​សមត្ថភាព ទេ​ព្យ​កោសល្យ បង្កើន​ជំនាញ​សិក្សា​ស្រាវជ្រាវ មានគំនិត​ច្នៃប្រឌិត និង​ចេះ​រួម​សហការ​ធ្វើ​ការងារ​ជា​ក្រុម​ ។

លោក​ឧកញ៉ា​បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ប្រកួត​ទាំងអស់​ថា ទោះជា​លទ្ធផល​បែប​ណា ក៏​ត្រូវ​ទទួលយក​ការ​ពិត និង​ត្រូវ​ឆ្លុះ​ប​ញ្ជាំ​ង​ខ្លួនឯង​លើ​ចំណុច​ខ្វះខាត ហើយ​ត្រូវ​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ពេល​អនាគត​។

សូម​ជម្រាប​ថា ការ​ប្រកួត​ក្លឹ​ប​សិស្ស​ពូកែ​មាន​សិស្ស​ចូលរួម​ប្រឡង​ជាង ​៣៥០០​ នាក់​ មក​ពី​កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ លើ​វិញ្ញាសា ការ​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ការ​និយាយ​ជា​សាធារណៈ ការ​តស៊ូ​មតិ ការ​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ (Spelling Bee) សំ​ណេ​រ​ភាសា​ខ្មែរ គណិត​វិទ្យា រូបវិទ្យា និង​សរសេរ​តាម​អាន​ភាសា​ខ្មែរ​ ។ សម្រាប់​សិស្ស​ជ័យ​លា​ភី​ទទួល​បាន​រង្វាន់ និង​មេដាយ​ក្លឹ​ប​សិស្ស​ពូកែ​ប្រចាំ ​២០២២ មាន​ចំនួន​ ៩០ ​នាក់​ ៕ អត្ថបទសហការ