ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ការ​អភិវឌ្ឍន៍​នៅ​តំបន់​ភ្នំ​តា​ម៉ៅ មិន​បាន​ឈូស​ឆាយ​ប៉ះពាល់​សួន​ភ្នំ​តា​ម៉ៅ​នោះ​ទេ​ សួន​ភ្នំ​តា​ម៉ៅ ​ជាង​ ៤០០ ​ហិ​កតា​នៅ​តែ​ដដែល បងប្អូន​ប្រជាពលរដ្ឋ​ចង់ទៅ​លេង​ពេល​ណា​ក៏​បាន !

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​មក​អះអាង​ថា ការ​អភិវឌ្ឍ​ន៍នៅ​តំបន់​ភ្នំ​តា​ម៉ៅ មិន​ប៉ះពាល់​នោះ​ឡើយ​ទៅ​លើ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​មាន​ផ្ទៃដី​ជាង ៤០០…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​មក​អះអាង​ថា ការ​អភិវឌ្ឍ​ន៍នៅ​តំបន់​ភ្នំ​តា​ម៉ៅ មិន​ប៉ះពាល់​នោះ​ឡើយ​ទៅ​លើ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​មាន​ផ្ទៃដី​ជាង ៤០០ ​ហិ​កតា​ បងប្អូន​ប្រជាពលរដ្ឋ​ចង់ទៅ​លេង​ពេល​ណា​ក៏​បាន ​។ ការ​ចេញ​មក​បញ្ជាក់​របស់​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ប្រតិកម្ម​មួយ​ចំនួន ក្រោយ​ពួក​គេ​ឃើញ​សកម្មភាព​ឈូស​ឆាយដី​អភិវឌ្ឍ​តំបន់​ជុំវិញ​ភ្នំ​តា​ម៉ៅ ​។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ០៤ ខែសីហា ឆ្នាំ ​២០២២ ​នេះ រដ្ឋបាល​ព្រៃឈើ បានឱ្យ​ដឹង​ថា តំបន់​ភ្នំ​តា​ម៉ៅ ជា​តំបន់​ស្ថានីយ​ស្តារ​ព្រៃឈើ​មួយ ដែល​មាន​ដាំ​ដុះ​ឈើ​ដាំ​ប្រភេទ​អាកា​ស្យា ប្រេងខ្យល់ និង​ឈើ​ធម្មជាតិ​ ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា តំបន់​នេះ​ពោរពេញ​ទៅ​ដោយ​ដីខ្សាច់ ដំណុះ​ឈើ​មិន​មានការ​លូតលាស់​ល្អ​ទេ​ ។ ដូច្នេះ​រាជរដ្ឋាភិបាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដោយសារ​ជា​តំបន់​មួយ​ដែល​នៅ​ក្បែរ​ទីក្រុង ក្បែរ​ព្រ​លាន​យន្តហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី ​។

រដ្ឋបាល​ព្រៃឈើ បន្ថែម​ថា ការ​អភិវឌ្ឍ​តំបន់​នេះ មិនមែន​ជា​ការ​លក់ដូរ ដូច​ការ​លើក​ឡើង​នោះ​ទេ តែ​ជា​ការ​ដោះ​ដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដោយ​កែ​លម្អ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង មាន​ប្រព័ន្ធ​ផ្លូវ អគារ សួន​ស្បា​រ អាង​ស្តុក​ទឹក ក៏​ដូច​ជា​ការ​បង្កើត​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ការ​បង្កើត​សួនសត្វ​សា​ហ្វា​រី​នៅ​ខេត្តសៀមរាប ការ​បង្កើត​សួន​ភូតគាម​នៅ​ខេត្តមណ្ឌលគិរី និង​ការ​សាងសង់​អគារ​ធ្វើការ​របស់​មន្ត្រីរាជការ និង​សម្ភារ​នានា ​។

រដ្ឋបាល​ព្រៃឈើ​បាន​សង្កត់ធ្ងន់​ថា ការ​ដោះ​ដូរ គឺ​អនុវត្ត​ដោយ​មាន​ភាព​តឹងរ៉ឹង មានការ​វាយតម្លៃ​ពី​ក្រុមហ៊ុន​ឯកជន និង​មាន​គណៈកម្មការ​ឯកជន​ភា​វូ​នី​យ​កម្ម ដែល​មាន​អន្តរក្រសួង ពិនិត្យ និង​វាយតម្លៃ​អំ​ពោះ​ការ​ដោះ​ដូរ​យ៉ាង​ត្រឹមត្រូវ​ ។

រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់​ទៀត​ថា តំបន់​នេះ ពុំ​មាន​សត្វព្រៃ​សំខាន់​ៗ​ជិត​ផុត​ពូជ និង​កម្រ ដូច​ការ​លើក​ឡើង​នោះ​ទេ ហើយ​តំបន់​នេះ​មាន​ជ្រូកព្រៃ​ដែល​តែងតែ​មក​រំខាន​ដល់​ដំណាំ​ប្រជាពលរដ្ឋ​ ។ សត្វព្រៃ​ដែ​ល​លើក​ឡើង​កន្លង​មក គឺជា​សត្វព្រៃ​បាន​ថែរក្សា​នៅ​ក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​មាន​សុវត្ថិភាព ​១០០ ​ភាគរយ ហើយ​ការ​អភិវឌ្ឍ​នេះ មិន​មានការ​ប៉ះពាល់​ទាល់តែ​សោះ​ ។

រដ្ឋបាល​ព្រៃឈើ លើក​ឡើង​ទៀត​ថា សត្វ​ដែល​តែងតែ​លើក​ឡើង​ដោយ​អង្គការ សង្គម​ជន​បរិស្ថាន និង​សាធារណជន​នានា គឺជា​សត្វព្រៃ​ដែល​កំពុង​រស់នៅ​ក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​សត្វព្រៃ​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រើស រ​ម៉ាំ​ង ក្រៀល រនាល ទុង ត្រូវ​បាន​ដោះ​លែងឱ្យ​រស់​ក្នុង​បរិវេណ​របស់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​លើ​ផ្ទៃដី​ជាង ៤០០​ ហិ​កតា និង​មិន​មាន​សត្វព្រៃ​អាច​ចេញ​មក​ខាងក្រៅ​នោះ​ទេ និង​បាន​មើលថែ​រក្សា ផ្តល់​ចំណី​ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​នានា ​។ ការ​លើក​ឡើង​កន្លង​មក បាន​ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រ​លំ​ថា ការ​អភិវឌ្ឍ​តំបន់​នេះ​ប៉ះពាល់​ដល់​សត្វព្រៃ ​៕ អត្ថបទសហការ