ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងដង្កៀបក្រហម មានទីតាំងនៅក្នុងភូមិ ដំណាក់កី ឃុំជើងគ្រាវ ស្រុករលៀប្អៀរ បានអះអាងថា កសិដ្ឋានចិញ្ចឹមបង្កងរបស់លោកទទួលបានជោគជ័យ ក្រោយពីបានអនុវត្តបច្ចេកទេសចិញ្ចឹមបង្កង បានត្រឹមត្រូវក្នុងរយៈពេលជាង៦ខែកន្លងមក ដោយមានអតិថិជនជាច្រើន បានគាំទ្រជាច្រើន និងបានសុំរៀនសូត្រពីបច្ចេកទេសចិញ្ចឹមបង្កបន្ត ។
លោក សំ ពិសី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងភូមិដំណាក់កី នៅព្រឹកថ្ងៃទី១៧ ធ្នូ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា លោកបានទៅរៀនបច្ចេកទេសចិញ្ចឹមបង្កងពីគ្រូនៅខេត្តបាត់ដំបង និងបន្ទាប់មក ទៅស្វែងយល់បន្ថែម ពីការចិញ្ជឹមបង្កងអូស្ត្រាលី ឬបង្កងដង្កៀបក្រហមនេះពីប្រទេសថៃ ។
ក្រោយមក លោកបានចាប់ផ្ដើមចិញ្ចឹមបង្កងប្រភេទនេះ រយៈពេលជាង6ខែ ឃើញថាបានទទួលជោគ
ជ័យជាបណ្តើរៗហើយ មានអតិថិជនគាំទ្រជាច្រើន កុំម្មង់ទិញ និងខ្លះមកសុំរៀនបច្ចេកទេសបន្តពីលោក ។ បច្ចុប្បន្ននេះ កសិដ្ឋានលោកមានដីទំហំ១៤ហិកតា មានស្រះធំៗទំហំ៣០ម៉ែត្រ គុណនឹង៦០ម៉ែត្រ ចំនួន១៨ស្រះ , មានអាងចិញ្ចឹមបង្កងតូច និងធំចំនួន៣៧អាង និងមានមេ និងបាបង្កង កំពុងបង្កាត់ពូជក្នុងស្រះ សរុបចំនួន៨ពាន់ក្បាល ហើយបើវាញាស់មក ក្នុងរយៈពេល១ខែទៀត លោកនិងមានបង្កងសរុបជាង១០ម៉ឺនក្បាល ។
លោក សំ ពិសី បានបញ្ជាក់ឱ្យដឹងទៀតថា ការចិញ្ចឹមបង្កងមិនលំបាកប៉ុន្មានទេ ប៉ុន្តែក៏មិនមែនជាការងាយស្រួលដែរ ព្រោះយើងត្រូវការទុនជីកស្រះទុនធ្វើអាង ទុនសំរាប់ទិញចំណី ដើម្បីចិញ្ចឹមបង្កងអោយឆាប់ធាត់ធំ និងបើយើងអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមបង្កងនេះបានត្រឹមត្រូវនោះ គឺតែក្នុងរយះពេល៣ខែ យើងនឹងអាចចាប់បង្កងនោះលក់បាន ដែលនៅក្នុងទីផ្សារបច្ចុប្បន្ន បង្កងនេះ១គីឡូ មានតម្លៃពី២៥ដុល្លារ ទៅ៣០ដុល្លារ ។ ម្ចាស់កសិដ្ឋានចិញ្ជឹមបង្កងរូបនោះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ចិញ្ចឹមបង្កង អាចមករៀនសូត្រដោយផ្ទាល់នៅកសិដ្ឋានលោកបាន ដោយមិនគិតថ្លៃ ។
ព័ត៌មានពិស្តារមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ