រាជធានីភ្នំពេញ ៖ សំឡេងផ្ទុះជាច្រើនគ្រាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមដងផ្លូវ និងធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់ៗគ្នា ដែលសំឡេងផ្ទុះខាងលើនោះ បានចេញពីរថយន្តធុនយក្ស ប្រភេទយីឌុបមួយគ្រឿង ដែលបានបើកបរក្នុងល្បឿនយ៉ាងលឿន ។
អ្វីដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចនោះ គឺទាំងសមត្ថកិច្ចប៉ូលិសនិងប្រជាពលរដ្ឋនឹកស្មានថា ខ្មាន់កាំភ្លើងបាញ់បោះសេរី ក៏បានដេញតាមនិងពួនស្ទាក់ រហូតដល់ ឃាត់រថយន្តនោះធ្វើការត្រួតពិនិត្យអ្នកបើកបរ និងកម្មករដែលជិះនៅលើនោះ១២នាក់ទៀត ទើបដឹងថាពួកគេដុតផាវបោះលេង មិនមែនជាការបាញ់បោះសេរីនោះឡើយ។
ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ឧសភា នៅតាមបណ្ដោយផ្លូវលេខ១២០K ចាប់ពីចំណុចកែងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ រហូតដល់ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមអ្នកដុតផាវ បង្កឲ្យមានការភ្ញាក់ផ្អើលនោះ មានចំនួន១២នាក់ និងមិនត្រូវបានគេ ប្រាប់ឲ្យដឹងឈ្មោះនោះទេ ពួកគេជិះរថយន្តធុនយក្សប្រភេទយីឌុប ១គ្រឿងម៉ាកFUSO ពណ៌ពងមាន់ លាយលឿង ពាក់ស្លាកលេខតាកែវ 3A-1187 បើកបរដោយបុរសម្នាក់ឈ្មោះ ទូច ចាន់ថុល អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិបារាយ ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងនោះ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានឮសំឡេងផ្ទុះលាន់កក្រើកចេញពីរថយន្តនោះ ។ ខណៈនោះកម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅ ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ ក៏បានដេញតាមនិងស្រែកតាមវិទ្យុទាក់ទងឲ្យតាមបណ្ដាគោលដៅផ្សេងទៀត ជួយចេញធ្វើការពួនស្ទាក់ ព្រោះពេលនោះសំឡេងផ្ទុះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ