ឥតល្ហែ ចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយ៣កន្លែងផ្អើលទៀតហើយ
- កណ្តាល
ខេត្តកណ្តាល ៖ កម្លាំងចម្រុះរួមមានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនការងារបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំលាំងប៉ុស្តិរដ្ឋបាលប៉ុស្តិទួលព្រេច មេឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានចុះ បង្ក្រាបទីតាំងផលិតកែច្នៃស្ករត្នោតក្លែងក្លាយ គ្មានច្បាប់អនុញ្ញាតចំនួន៣ទីតាំង និងរកឃើញវត្ថុតាងមួយចំនួនទៀត។ ដោយឡែកម្ចាស់ទីតាំងធ្វើកិច្ចសន្យាអប់រំ។ ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក លី សុជាតិ ស្នងការរងទទួលផែនការងារបទល្មើសសេដ្ឋកិច្ចបានប្រាប់អោយដឹងថា ទីតាំងទី១-ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។ ទីតាំងទី២-ឈ្មោះ ជឹម ជុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីនៅ ភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល និងទីតាំងទី៣-ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិច្រកក្រសាំង ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល ។ សរុបទីតាំងទាំង៣ រកឃើញមានម៉ូទ័រកូរស្ករចំនួន៥គ្រឿង, ខ្ទះរំងាស់ស្ករចំនួន៦ និងស្ករសចំនួន៤៥បាវ ស្មើ២.២៥០គីឡូក្រាម។ លោកបានបន្ថែមទៀតថា ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន៧៤ធុង ស្មើនឹង២២២០គីឡូក្រាម។

ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចំពោះម្ចាស់ទីតាំងផលិតកែច្នៃស្ករត្នោតទាំងបីទីតាំងលើបានហៅមកអប់រំធ្វើកិច្ចសន្យាមិនអោយប្រព្រឹត្តបន្តទៀតឡើយ ។ ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ, ខ្ទះ, ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច បានយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកអង្គរស្នួលដើម្បីចាត់ការនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)






















ចែករំលែកព័តមាននេះ