ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​សណ្ឋាគារ Peak ប្រកាស​តែងតាំង​អ្នកម៉ៅការ​ថ្មី ដើម្បី​បន្ត​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Gem (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែល​ជា​អ្នក​អភិវឌ្ឍន៍​នៃ​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ចំរុះ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​សម្តេច​ហ៊ុន​សែន សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Oxley Gem (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែល​ជា​អ្នក​អភិវឌ្ឍន៍​នៃ​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ចំរុះ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​សម្តេច​ហ៊ុន​សែន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​សេចក្តី​សោមនស្ស​សូម​ប្រកាស​បញ្ជាក់​ជូនដំណឹង​ស្តី​ពី​ការ​សម្រេច​តែងតាំង ក្រុមហ៊ុន​អ្នកម៉ៅការ​សាងសង់​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា “​ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd” (“CRUCG”) ដើម្បី​មក​ទទួល និង​បន្ត​ដំណើរការ​សាងសង់​សំណង់​ដែល​មាន​ស្រាប់​តទៅ​មុខ​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Oxley Gem បានអោយ​ដឹង​ថា ក្រុមហ៊ុន CRUCG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន (“CRCC”) ជា​សហគ្រាស​សំណង់​របស់​រដ្ឋ​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​សៀង​ហៃ (Shanghai) និង​ហុងកុង (Hong Kong) ក្នុង​ឆ្នាំ ២០០៨ (​មាន​លេខ​កូដ A-Share code 601186, H-Share code 1186) ។

នៅ​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​ចាត់​ចំណាត់ថ្នាក់​លំដាប់​ទី ៥៨ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​មានសំណាង​បាន​ជាប់​ចំណាត់ថ្នាក់​ទាំង ៥០០ ក្រុមហ៊ុន និង​ជា​ក្រុមហ៊ុន​វិស្វកម្ម​ដ៏​ធំ​លំដាប់​ទី ៣ ក្នុង​ចំណោម​ក្រុមហ៊ុន​វិស្វកម្ម​ធំ​ៗ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ទាំង ២៥០ ក្រុមហ៊ុន នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល ១១ ឆ្នាំ​ជាប់​ៗ​គ្នា ។

ក្រុមហ៊ុន CRUCG មាន​ជំនាញ​ក្នុង​ការ​សាងសង់​គម្រោង​លំនៅ​ដ្ឋា​ន និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ចុះ​កិច្ចសន្យា​សាងសង់​អគារ​ខ្ពស់​ៗ​ទូទៅ និង​សំណង់​ស្មុគស្មាញ​ធំ​ៗ ក្នុង​តំបន់​ទីក្រុង​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​មើល​ក្នុង​វេ​ប​សាយ ៖ http://crucg.crcc.cn. ។

បច្ចុប្បន្ន​ក្រុមហ៊ុន Oxley Gem កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការ​មេ​មុន​ឈ្មោះ Great Wall International Engineering Co. , Ltd (“SINO”) លើ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ដំណើរការ​ផ្ទេរ និង​ប្រគល់​ឲ្យ​ក្រុមហ៊ុន CRUCG ដើម្បី​ឲ្យ CRUCG ចូល​មក​ទទួល និង​កាន់កាប់​ការងារ​សាងសង់​បន្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ចាប់ពី​ថ្ងៃ​សុក្រ​ទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ហើយ​ផ្តើម​បន្ត​ដំណើរការ​សាងសង់​ដូច​ធម្មតា និង​ជា​បន្តបន្ទាប់ ។

ក្នុង​នាម​ក្រុមហ៊ុន និង​ក្នុង​នាម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជាប់​ទំនាក់ទំនង​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ The Peak ក្រុម​ម​ហ៊ុន​អភិវឌ្ឍន៍ សូម​ធានា​ថា កាលបរិច្ឆេទ​បញ្ចប់​ការ​សាងសង់​សំណង់​គម្រោង​ដែល​បាន​គ្រោងទុក​នោះ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​បញ្ចប់​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន «SINO» និង​ការ​ជំនួស​ដោយ​ក្រុមហ៊ុន​អ្នកម៉ៅការ​ថ្មី​បន្ត​ឡើយ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ