ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ នៅ​ទន្លេបាសាក់ មុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទន្លេបាសាក់ មុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ ចាប់ពី​ថ្ងៃ​ទី​១២ និង​១៣ តុលា​នេះ ដោយ​មាន​ទូក ង…

ខេត្តកណ្ដាល ៖ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទន្លេបាសាក់ មុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ ចាប់ពី​ថ្ងៃ​ទី​១២ និង​១៣ តុលា​នេះ ដោយ​មាន​ទូក ង ចូលរួម​ប្រណាំង​ជា​ច្រើន ។

អភិបាលខេត្ត​កណ្ដាល​លោក បណ្ឌិត ម៉ៅ ភិ​រុណ បាន​ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ថា ពី​ធី​ប្រណាំងទូក​រៀបចំ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះ​វស្សា​ដែល​នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៣ ខែតុលា​នេះ ព្រមទាំង ដើម្បី​បង្កើត​ជា​បរិយាកាស​សប្បាយ​រីករាយ​ជូន​មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកណ្តាល ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តា​ខ្មៅ​។

គួរ​បញ្ជាក់​ដែរ​ថា ពិធី​អុំទូក​នៅ​ពេល​នេះ​មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ចំនួន​៦៣​ទូក​ក្នុង​នោះ ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន​១៩​ទូក (​ទូក​ខ្នាត​អន្តរជាតិ​នារី​០២​ទូក​) ទូកផ្កាចា​ចំនួន​១៨​ទូក (​ទូកផ្កាចារ​នារី​០២​ទូក​) និង​ទូក​អុំ​បុរស​ចំនួន​២៦​ទូក ដែល​មក​ពី​ក្រុង​តា​ខ្មៅ មាន​ចំនួន​២៤ ទូក ស្រុក​កោះធំ​ចំនួន​០២​ទូក , ស្រុក​កៀនស្វាយ​ចំនួន​០៩​ទូក , ស្រុក​ល្វាឯម​ចំនួន​០៦​ទូក , ស្រុក​មុខកំពូល​ចំនួន​០៤​ទូក , ស្រុក​ខ្សាច់កណ្តាល​ចំនួន​០៥​ទូក , ស្រុក​ពញាឮ​ចំនួន​០៤ ទូក , ស្រុក​ស្អាង​ចំនួន​០៦​ទូក និង​ខេត្តកំពង់ចាម​ចំនួន​០២​ទូក , រាជធានី​ភ្នំពេញ​ចំនួន​០១​ទូក ។

រីឯ​កីឡាករ​ដែល​អញ្ជើញ​ចូលរួម សរុប​មាន​ចំនួន​២៩០៣​នាក់ ។ លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា ក្នុង​ឱកាស​នេះ​ដែរ​តាង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តា​ខ្មៅ អនុ​គណៈកម្មការ​ទាំង​៨ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឲ្យ​ពិធី​នេះ​លេច​ជា​រូបរាង​ឡើង និង​សូម​ស្នើ​ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បន្ត​ទៀត ក្នុង​រយៈពេល​២ ថ្ងៃនេះ ដើម្បី​ឲ្យ​ពិធី​អុំទូក​របស់​យើង​ដំណើរការ​ទៅ​ដោយ​រលូន​បញ្ចៀស​បាន​នូវ​ឧបទ្ទវហេតុ​ផ្សេង​ៗ និង​បញ្ចប់​ទៅ​ជាមួយនឹង​លទ្ធផល​ជោគជ័យ​ខ្ពស់ ។

ជាមួយ​គ្នា​ផង​ដែរ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ គ្រឿង​ឧបភោគបរិភោគ ដល់​កីឡាករ​ទូក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រណាំងទូក សម្រាប់​រយៈពេល​០២​ថ្ងៃនេះ ។ ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​កីឡាករ​កីឡាការិនី​ទូក​ទាំងអស់​ត្រូវ​ចេះ​រក្សា​មិត្តភាព សាមគ្គីភាព សុខភាព ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួល​បាន​នូវ​ជ័យ​ជំ​នៈ​ពី​ការ​ប្រកួត​សម្រាប់​ជា​កិត្តិយស​ជូន ភូមិ ស្រុក ហើយ​សូម​គោរព​ឲ្យ​បាន​នូវ​បទបញ្ជា និង​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ដែល​កំណត់​ដោយ​គណៈកម្មការ​រៀបចំ​ពិធី ។

ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ទូ​ទាំង​ខេត្តកណ្តាល​ទាំងអស់ សូម​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព​ទាំងអស់​គ្នា និង​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​ការ​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​បង្ក​អន្តរាយ​ដល់​សង្គម​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ