រាជធានីភ្នំពេញ ៖ ខកចិត្តផង ខ្មាសគេផង ព្រោះតែសល់មួយថ្ងៃទៀតប៉ុណ្ណោះ ត្រូវចេញដំណើរទៅសម្តែងនៅប្រទេសអូស្ត្រាលី ស្រាប់តែលោកបឺរី និងកញ្ញាទឹម វត្តី ត្រូវគេបង្អាក់ដំណើរវិញ ។ ខកចិត្តព្រោះបានវេចខោ អាវ បានត្រៀមខ្លួនរួចទៅហើយជាមួយក្តីរីករាយបានទៅសម្តែងនៅបរទេស និងខ្មាសគេព្រោះបានប្រកាស និងលាទស្សនិកជនតាមទូរទស្សន៍ គេដឹងឮជាទូទៅ តែបែរជាត្រូវរើខោអាវដាក់ក្នុងទូវិញ ។
តើហេតុអ្វីបានលោកលោកបឺរី និងកញ្ញាទឹម វត្តី ជួបរឿងខកចិត្តបែបនេះ ?
ឱកាសទៅសម្តែងនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៤ របស់ក្រុមអ្នកសិល្បៈ មានលោកយ៉ែម សំអូន អ្នកនាងយ៉ាន លីនដា លោកសាយ សៀរ៉ា កញ្ញាគង់ ច័ន្ទស្រីមុំ កញ្ញាទឹម រដ្ឋា កញ្ញាមាន សូនីតា លោកបឺរី និងកញ្ញាទឹម វត្តី ។ ជិតដល់ថ្ងៃឡើងយន្តហោះ ម្នាក់ៗរៀបចំអីវ៉ាន់រួចរាល់ ស្រាប់តែលោកបឺរី និងកញ្ញាទឹម វត្តី ត្រូវគេផ្តល់ដំណឹងទាំងប្រថុចញ៉ុចមុនមួយថ្ងៃថា អត់មានសំណៅឯកសារគ្រប់គ្រាន់ ដូច្នេះឱ្យចាំមួយរយៈ ព្រោះស្ថានទូតអូស្ត្រាលី មិនអនុញ្ញាត ខណៈអ្នកត្រូវរួមដំណើរផ្សេងទៀតបានទៅទាំងអស់ ។
លោកបឺរី បានសម្តែងការសោកស្តាយ ព្រោះដល់ថ្ងៃឡើងយន្តហោះទៅហើយ បែរជាអ្នករៀបចំឱ្យទៅសម្តែងនោះប្រាប់ថា អត់បានចេញទៅវិញ ក្នុងពេលដែលរបស់របររៀបចំដាក់ក្នុងវ៉ាលីសអស់ទៅហើយ។ ការខកដំណើរនេះធ្វើឱ្យលោកស្រឡាំងកាំងមែនទែន ។ បឺរី និយាយថា យ៉ាងហោចណាស់ប្រាប់ថា មានបញ្ហាខ្វះនេះខ្វះនោះឱ្យដឹងក្នុងរយៈពេលយូរជាងនេះ ។ ការខកដំណើរនេះ លោកខ្មាសគេមិនតិចទេ ដោយសារតែមុនឡើងយន្តហោះ១ថ្ងៃ លោក និងក្រុមទាំងមូលបានចូលរួមកម្មវិធី «រាត្រីកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយបានប្រកាសពីការចេញទៅសម្តែងនោះ ព្រមទាំងបានថ្លែងលាទស្សនិកជន ។ ពេលខកដំណើរបែបនេះ ធ្វើឱ្យទស្សនិកជន និងមិត្តភក្តិសួរនាំគ្រប់គ្នា ។
លោកមាស រតនៈសម្បត្តិ ហៅបឺរី ឱ្យដឹងពីមូលហេតុជ្រុះឱកាសទៅសម្តែងនៅអូស្ត្រាលីយ៉ាងប្រថុចញ៉ុចបែបនេះថា ក្នុងចំណោមក្រុមអ្នកសិល្បៈដែលត្រូវទៅសម្តែងនៅអូស្ត្រាលី នោះ មានលោក និងកញ្ញាទឹម វត្តី អត់បានទៅ ដោយសារតែគេប្រាប់ថា គ្មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងស្រុកតម្កល់ទុក ។ នេះជាមូលហេតុធំធ្វើឱ្យដំណើរចេញទៅប្រទេសអូស្ត្រាលី របស់លោកបឺរី និងទឹម វត្តី ត្រូវខកខានវិញ ។
បឺរី និយាយថា «ខ្ញុំនិយាយមិនចេញទេចំពោះការខកដំណើរនេះ ខណៈជាដំណើរចេញទៅស្រូបយកភាពទាក់ទាញនៅបរទេសជាលើកទី១ តាំងពីខ្ញុំមានឈ្មោះជាតារាម្នាក់ និងចាប់ផ្តើមមានគេស្គាល់មក ។ លើសពីនេះទៅទៀតក្រៅពីស្តាយរឿងបាត់ឱកាសទៅក្រៅប្រទេស ខ្ញុំក៏ស្តាយប្រាក់ធីបណាស់ដែរ ដ្បិតតែដំណើរចេញទៅមានការរៃអង្គាសប្រាក់យកជួយកុមារកំព្រា តែតារាយើងក៏អាចបានប្រាក់ធីបលើកទឹកចិត្តពីបងប្អូនខ្មែរនៅទីនោះដែលចូលរួមទស្សនាការសម្តែង» ។
លោកបឺរី និយាយលួងចិត្តខ្លួនឯងថា ថ្ងៃណាមួយលោកនឹងបានទៅសម្តែងនៅប្រទេសគេជាក់ជាមិនខាន ។ ចំពោះការបរាជ័យទៅអូស្ត្រាលី នេះ បឺរី ចាត់ទុកជារឿងស៊យមួយ ៕
ចែករំលែកព័តមាននេះ