រាជធានីភ្នំពេញ ៖ តារាចម្រៀងភេទទី៣ និយមត្រាប់តាមសំឡេងអ្នកចម្រៀងប៉ែន រ៉ន គឺលោករ៉ូ លីន បានអះអាងថា លោកកំពុងតែរៀបចំគម្រោងបើកហាងកាហ្វេមួយនៅខេត្ដសៀមរាប ។ រ៉ូលីន សម្លឹងឃើញតំបន់សៀមរាប ព្រោះស្រឡាញ់ទឹកដីនោះ តែមិនដឹងថា រកជួលកន្លែងបានឬអត់ទេ ។ បើឱ្យរើសហាងនៅភ្នំពេញប្រហែលជាមិនទាន់អាចទេ ណាមួយសម្បូរហាងកាហ្វេណាស់ ។
ផែនការមួយនេះរ៉ូលីន មិនទាន់ប្រាកដថាធ្វើបានសម្រេច ឬអត់ទេ ព្រោះពុំសូវមានពេលគិត មកពីរវល់រឿងដើររាំច្រៀង ស្ទើរតែរកពេលសម្រាកគ្មាន ។ តាំងពីមកពីសម្ដែងនៅអាមេរិកវិញ រ៉ូលីនមានការងារជាប់រហូត អត់ដែលសម្រាកនៅផ្ទះបាន២ថ្ងៃឡើយ ។ នេះជាជោគជ័យមួយដែលរ៉ូលីន មិននឹកស្មានទេ នៅពេលមានអ្នកគាំទ្រច្រើន ។ នាងតែងតែព្យាយាមរកចំណុចណា សប្បាយៗឱ្យទស្សនិកជនបានរីករាយចិត្ដនៅពេលទស្សនាការសម្ដែងរបស់នាងដើម្បីកុំឱ្យមានភាព ដដែលៗ ។
ចំពោះហាងកាហ្វេនោះតម្លៃនៃការចំណាយនៅមិនទាន់ដឹងថាអស់ប៉ុន្មានទេ ព្រោះស្ថិតក្នុងគម្រោង តែបើនាងសម្រេចចិត្ដច្បាស់ហើយ នោះនឹងចំណាយរៀបចំឱ្យក្នុងហាងមើលទៅបែបមនោសញ្ចេតនា និងរំលេចលក្ខណៈប្រពៃណីខ្មែរ ព្រមទាំងបំពាក់ភ្លើងពណ៌ឱ្យមានភាពស្រស់ស្អាត ។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ រ៉ូលីនប្រាប់កោះសន្ដិភាពកាលពីពេល ថ្មីៗនេះថា នាងមិនទទួលសម្ដែងនៅក្រៅប្រទេសទេ ដោយសារតែចង់ធូរស្រាលពីការងារបន្ដិច និងចង់ដើរលេងឱ្យស្រួលចិត្ដ និងចង់នាំម្ដាយដែលជាស្រ្ដីមេម៉ាយដើរកម្សាន្ដបែបគ្រួសារ ។ នាងប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានគេហៅសម្ដែងច្រើន តែអត់ទទួលទេ ព្រោះនាងគិតស្រេចហើយថានឹងយកពេលវេលាដើរលេងជាមួយម្ដាយឱ្យគាត់បានសប្បាយចិត្ដ ។ ជាធម្មតានាងមិនសូវមានពេលសម្រាប់គ្រួសារក្នុងនាមកូន និងម្ដាយឡើយ ដូច្នេះទើបសម្រេចចិត្ដច្បាស់ហើយថានឹងនាំគាត់ដើរលេងសប្បាយម្ដង មិនតែប៉ុណ្ណោះណាត់មិត្ដភក្ដិជិតដិត និងបងប្អូនឱ្យបានច្រើនទៅដើរលេងជួបជុំគ្នា ។ ពេលស្បើយពីកម្សាន្ដសប្បាយងាកទៅរកអាជីពវិញក៏មិនអីដែរ។
រ៉ូលីនមានគម្រោងចេញទៅប្រទេសបារាំងនៅខែតុលាឆ្នាំនេះ ដោយនាងនិយាយថា នឹងធ្វើឱ្យបងប្អូនខ្មែរយើងនៅទីនោះបានសើចសប្បាយ ។ នាងរំពឹងថានឹងទទួលបានការគាំទ្រថ្មីទៀតនៅលើទឹកដីប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ