ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បន្តលើករណីរឿងគូស្នេហ៍មួយគូ ដែលលេបថ្នាំសម្លាប់ខ្លួនក្នុងផ្ទះសំណាក់«សុខាសម្បត្តិ»បន្ទាប់ពីរកមូលហេតុឃើញនិងស្រាវជ្រាវជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យខេត្តកណ្តាល និងលទ្ធផលពីគ្រូពេទ្យ ហើយក៏មានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលដែរនោះ ក៏បានសម្រេចឱ្យខាងប្រុសវិលត្រឡប់ទៅផ្ទះ ព្រោះមិនជាប់ពាក់ព័ន្ធបទល្មើសឃាតកម្មនោះឡើយ ។ នេះបើតាមការបញ្ជាក់ពីលោកសម្បត្តិ រតនា អធិការរងទទួលផែនយុត្តិ ធម៌នៃអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់កោះសន្តិភាព ។
គួររំលឹកថា ពិតជាមិនគួរឱ្យជឿឡើយ ដែលការលេបថ្នាំសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ បណ្តាលឱ្យស្ត្រីដែលគេសន្មត់ជាគូស្នេហ៍ស្លាប់ ឯបុរសបានត្រឹមឡេឡឺត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ។ ដោយសារតែប្រុសស្នេហ៍នៅមានជីវិត ទើបអ្វីៗត្រូវបានលាតត្រដាងការពិតខ្លះៗ ជុំវិញការលេប ថ្នាំធ្វើអត្តឃាតក្នុងបន្ទប់ផ្ទះសំណាក់ ។
តាមបុរសជាគូស្នេហ៍និយាយឱ្យដឹងថា ស្ត្រីជាគូស្នេហ៍ជានារីដែលមានប្តីហើយ ឯរូបខ្លួនជាសង្សារក៏មានប្រពន្ធហើយដែរ ។ គាត់ឈ្មោះ យ៉ែម នៅ អាយុ៣២ឆ្នាំ ឯស្រីស្នេហ៍ឈ្មោះ មួន ចាន់ធឿន អាយុ២៩ឆ្នាំ ។ តាមឈ្មោះ យ៉ែម នៅ និយាយថា នាងមានទំនាស់ជាមួយប្តីជាជនបរទេសនៅប្រទេសជប៉ុន បានបបួលខ្លួនជាគូកំណាន់ចិត្តទៅដើរកម្សាន្តនៅក្រុងព្រះសីហនុ តែខ្លួនបានបដិសេធមិនទៅក៏នាំគ្នាមកដេកផ្ទះ សំណាក់ ដើម្បីបន្ធូរអារម្មណ៍ ។
កំពុងដេក ខណៈខ្លួនបានដើរចូលបន្ទប់ទឹកមួយសន្ទុះ ចេញមកវិញក៏ឃើញនាងបែកពពុះមាត់ ហូរឈាមតាមច្រមុះតាមមាត់ ។ ពេលឃើញបែបនេះ ខ្លួនភិតភ័យដើរចូលបន្ទប់ទឹកវិញបម្រុងចង.ក តែមិនដាច់ចិត្ត ក៏សម្រចមកលេបថ្នាំដែលសល់ទើបបណ្តាលឱ្យរបួស ។ តាមការរៀបរាប់ថា ពួកគេទាំងពីរនាក់ស្រឡាញ់គ្នាអស់រយៈពេល៧ខែមកហើយ ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរប ាលក្រុងតាខ្មៅបានប្រាប់នៅថ្ងៃទី២ កញ្ញា ។ ការស្រឡាញ់គ្នាជាគូស្នេហ៍គឺប្តូរផ្តាច់ ទោះបីជាខាងស្រីមានប្តី និងខាងប្រុសមានប្រពន្ធរួចហើយក្តី ក៏គូស្នេហ៍នេះបានព្រមព្រៀងលេបថ្នាំផ្តាសាយ ថ្នាំបំបាត់ក្តៅខ្លួន រហូតហួសកម្រិតធ្វើឱ្យខាងស្រីស្លាប់នៅក្នុងផ្ទះសំណាក់ ចំណែកខាងប្រុសត្រូវបានសង្គ្រោះទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣១ សីហា វេលាម៉ោង១៥ និង១០នាទី នៅក្នុងផ្ទះសំណាកបន្ទប់លេខA១០១ ផ្លូវ១១០ ភូមិថ្មី២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ស្ត្រីដែលលេបថ្នាំសម្លាប់ខ្លួនឈ្មោះ មួន ចាន់នឿន អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងមានស្រុកកំណើតភូមិឱម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៣១ សីហា វេលាម៉ោងប្រហែល២រសៀល ឈ្មោះ ជួន កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ដើរមកមើលភ្ញៀវព្រោះដល់ពេលសម្អាតបន្ទប់ ហើយដល់ម៉ោងដើម្បីឱ្យភ្ញៀវបង់លុយថ្មីទៀត បានទៅគោះទ្វារបន្ទប់លេខA១០១ តែមិនព្រមបើកទ្វារ ក៏បានយកសោបន្ទប់មកចាក់ ហើយឃើញខាងប្រុសឈ្មោះ យ៉ែម នៅ បានដើរចុះដើរឡើងក្នុងបន្ទប់ មានស្ថានភាពឡេឡឺៗបានសួរមិនស្តី ឯស្ត្រីជាគូស្នេហ៍ដេកលើពូក ។
បន្ទាប់មកក៏ហៅបុគ្គលិក មកជួយមើល ឃើញស្ត្រីដេកបែកចំពុះមាត់នៅលើពូកស្លាប់ទៅហើយ ។ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ ។តាមព័ត៌មានថា ខាងប្រុសបានចូលមកសម្រាកក្នុងបន្ទប់លេខA101 នៅថ្ងៃទី២៩ សីហា វេលាម៉ោង២០និង២០នាទី និងសម្រាកបានមួយយប់ស្រាប់តែនៅថ្ងៃទី៣០ វេលាម៉ោង១០ព្រឹក ស្ត្រីដែលស្លាប់ក៏មករួមដំណេកជាមួយ លុះដល់ថ្ងៃទី៣១ សីហា ក៏កើតហេតុការណ៍បែបនេះឡើង ។ (សម្រួលដោយ៖ស្រីណា)
ចែករំលែកព័តមាននេះ