អាជ្ញាធរចុះត្រួតពិនិត្យសិប្បកម្ម២កន្លែងក្នុងសង្កាត់ចោមចៅ២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការត្រួតពិនិត្យរកច្បាប់អនុញ្ញាតនិឯកសារពាក់ព័ន្ធផ្សេងៗនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសិប្បកម្មផលិតទុយោបឺត(ទុយោកាហ្វេ) ដែលរោងចក្រកាត់ដេរ និងសិប្បកម្មខាងលើនេះមានទីតាំងស្ថិតក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងពេលប្រតិបត្តិការចុះពិនិត្យបានរកឃើញថា រោងចក្រកាត់ដេរ និងសិប្បកម្មផលិតទុយោបឺតនេះកំពុងតែដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយអាជ្ញាធរបានអញ្ជើញម្ចាស់រោងចក្រកាត់ដេរ និងម្ចាស់សិប្បកម្មផលិតទុយោបឺតទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យនា២ថ្ងៃខាងមុខដើម្បីបំពេញបែប បទឲ្យស្របច្បាប់។

តាមប្រភពពីអាជ្ញាធរបាននិយាយថា រោងចក្រកាត់ដេរ និងសិប្បកម្មផលិតទុយោបឺតខាងលើនោះមានទីតាំងជាប់គ្នា ហើយគ្មានស្លាកយីហោនោះទេ កំពុងតែដំណើរយ៉ាងមមាញឹករាល់ថ្ងៃក្នុងការផលិត ដោយសិប្បកម្មផលិតទុយោបឺត(ទុយោកាហ្វេ) បានផលិតដើម្បីនាំចេញលក់ចែកចាយតាមទីផ្សារក្នុងស្រុក ចំណែកឯខាងរោងចក្រកាត់ដេរសម្លៀកបំពាក់វិញបាននាំចេញទៅក្រៅប្រទេសផងដែរ។

តាមប្រភពដដែលបានបន្តថា ដោយសារតែមានការសង្ស័យថា រោងចក្រកាត់ដេរ និងសិប្បកម្មផលិតទុយោបឺតខាងលើដំណើរការគ្មានច្បាប់អនុញ្ញាតនោះ ទើបពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅធ្វើការត្រួតពិនិត្យលើច្បាប់អនុញ្ញាត និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

តាមប្រភពដដែលបានបន្តថា ក្រោយពេលចុះទៅដល់ពិនិត្យរកឃើញថា ទីតាំងទាំង២ខាងលើនេះពិតជាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ប៉ុន្តែអាជ្ញាធរក៏មិនបានផ្អាកដំណើរការផលិតនោះឡើយ គឺបានឲ្យបន្តការផលិតជាធម្មតាដដែល ប៉ុន្តែបានអញ្ជើញម្ចាស់ទីតាំងទាំង២ នេះឲ្យទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីបំពេញបែបបទធ្វើអាជីវកម្មឲ្យស្របច្បាប់ និងបានធ្វើការណែនាំឲ្យម្ចាស់ទីតាំងទាំង២នេះទៅសុំច្បាប់បន្តទៀតពីស្ថាប័នពាក់ព័ន្ធទាំងអស់។

មិនតែប៉ុណ្ណោះក៏បានណែនាំឲ្យធ្វើច្រកសុវត្ថិភាពសម្រាប់ជម្លៀសកម្មករចេញនៅពេលមានគ្រោះភ័យអាសន្នកើតឡើងដោយប្រការណាមួយជាយថាហេតុ រួមទាំងការគិតគូរពីបញ្ហា បរិស្ថាន និងបរិយាកាសផ្ដោតសំខាន់ទៅលើសុខភាពនិងសុវត្ថិភាពរបស់កម្មករទាំងអស់ និងត្រូវធ្វើស្លាកយីហោឲ្យបានត្រឹមត្រូវផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)













ចែករំលែកព័តមាននេះ