ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន នភាល័យ ធ្វើ​ពិធី​ក្រុង​ពាលី​សម្រាប់​​​ការ​ប្រគំ​តន្ត្រី «​សង្ឃឹម​ថ្ងៃមួយ​» ដើម្បី​​លើក​ស្ទួ​ច​សិល្បៈ​វប្បធម៌​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន នភាល័យ ធ្វើ​ពិធី​សំពះគ្រូ​របាំ គ្រូ​ល្ខោន និង​ពិធី​ក្រុង​ពាលី សម្រាប់​ការ​ចាប់​ផ្តើម​នៃ​ការ​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​»…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន នភាល័យ ធ្វើ​ពិធី​សំពះគ្រូ​របាំ គ្រូ​ល្ខោន និង​ពិធី​ក្រុង​ពាលី សម្រាប់​ការ​ចាប់​ផ្តើម​នៃ​ការ​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​» ក្នុង​ន័យ​លើកកម្ពស់​ និង​លើក​ស្ទួ​យ​វិស័យ​​សិល្បៈ​វប្បធម៌​ជាតិ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ ២០១៩ ក្នុង​បុរី​ជីប ម៉ុង​លែ​ន ជាមួយនឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ព្រឿង ឈាង ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សិល្បករ​ខ្មែរ​ទាំង​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​។

កម្មវិធី​ក្រុង​ពាលី​សម្រាប់​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​» នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង ពីរ​លើក ដោយ​លើក​ទី​មួយ​គឺ​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃនេះ​ក្នុង​បុរី​ជីប ម៉ុង​លែ​ន គេហដ្ឋាន​របស់​ប្រធាន​ក្រុមហ៊ុន នភាល័យ​ផ្ទាល់ និង​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​18 ខែកក្កដា ឆ្នាំ​2019 នៅ​សាល​មហោស្រព​ចតុមុខ​។

លោក សែ​ជូ សេរី​វ​ឌ្ឍ​នា ដែល​ជា​ប្រធាន​ក្រុមហ៊ុន នភាល័យ​បាន​ឲ្យ​ដឹង​ថា​៖ ទាំង​ការ​ប្រារព្ធ​កម្មវិធី​ក្រុង​ពាលី​ធំ​ៗ​ទាំង​ពីរ​លើក និង​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​» គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​សង្គម​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​ឲ្យ​មានជីវិត​រស់​រវើក តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់​សិល្បករ សិល្ប​ការិនី ដែល​ជា​មរតក​មនុស្ស​រស់ ក៏​ដូច​ជា​សិល្បករ​វ័យក្មេង​ឲ្យ​បាន​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​។

លោក​បាន​ឲ្យ​ដឹង​ថា «​ដោយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ដែល​បាន​អនុញ្ញាតិ និង​លើកទឹកចិត្ត​ចំពោះ​ការ​រៀបចំ​កម្មវិធី​ទាំងនេះ​ឡើង ពួក​យើង​ជឿជាក់​ថា កម្មវិធី​សម្តែង​សិល្បៈ ​និង​ចម្រៀង​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ ២០១៩ ខាង​មុខ​នេះ នឹង​ជួយ​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស និង​រក្សា​មរតក​ទាំងនោះ​ទៅ​អ្នក​ជំនាន់​ក្រោយ ជា​ពិសេស​អាច​ផ្សព្វផ្សាយ អប់រំ​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​»​។

កម្មវិធី​សម្តែង​សិល្បៈ​ និង​ចម្រៀង​ជា​សាធារណៈ «​សង្ឃឹម​ថ្ងៃមួយ​» នា​ពេល​ខាង​មុខ​នេះ នឹង​មានការ​ចូល​រួម​យ៉ាង​ផុសផុល​ពី​សំណាក់​សិល្បករ សិល្ប​ការិនី​ទាំង​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ​ដោយ​ធ្វើការ​សម្តែង​សិល្បៈ​ជា​ច្រើន​មុខ​ដូច​ជា​ចម្រៀង​មរតក​ជំនាន់​ដើម របាំ​ប្រពៃណី​ជាតិ ល្ខោនខោល និង​អា​យ៉ៃ​ជាដើម​។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន នភាល័យ គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​បី រួម​មាន​ក្រុមហ៊ុន ឡាក់​វ៉ា ឌី​ហ្សា​ញ ព្រី​ន​ធី​ង អេ​ន អេ​ត​វើ​ថា​យ​ស៊ី​ង និង​ក្រុមហ៊ុន ពល​វ​: អុីម​ផត អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​បី​រូប រួម​មាន លោក​សែ​ជូ សេរី​វ​ឌ្ឍ​នា លោក​ជីវ៉ា និង​លោក​ហេង ច័ន្ទ​ណា​រ៉េ​ត ដើម្បី​ធ្វើការ​សិក្សា​និង​បង្ហាញ​ពី​រថយន្ត​គ្រប់​ប្រភេទ​តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​សហការ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ