សាឡាត់ ស្រីឡាង តួឯកស្រីក្នុងរឿងភាគ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលកំពុងបញ្ចាំងលើទូរទស្សន៍ PNN បានប្រកាសលក់សៀវភៅរបស់អ្នកនិពន្ធខ្មែរល្បីឈ្មោះម្នាក់ ដើម្បីយកប្រាក់ទាំងអស់ទៅដាំកូនឈើនៅភ្នំឱរ៉ាល់ ក្នុងយុទ្ធនាការក្រុមប្រយុទ្ធបៃតងដែលដឹកនាំដោយលោក តាន់ គីមសួរ។
សៀវភៅទាំងនោះសរុបមាន ២០០ ក្បាលមានចំណងជើង ៣ ធំៗផ្សេងគ្នា ជាស្នាដៃតែងនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី ក្នុងនោះសៀវភៅ «ពេលវេលា» ៥០ ក្បាល និង «អាគមបរព្រៃ» ៥០ ក្បាល ដែល ស្រីឡាង ទទួលបានតាមរយៈការបរិច្ចាគរបស់ «តម្រា» ដែលអ្នកទទួលបានសិទ្ធិបោះពុម្ពផ្សាយរបស់អ្នកនិពន្ធ។ ឯ ១០០ ក្បាលទៀតមានចំណងជើង «ទម្រាំក្លាយជាអ្នកនិពន្ធ» ដែលជាការបរិច្ចាគផ្ទាល់អ្នកនិពន្ធផ្ទាល់តែម្ដង សម្រាប់ក្រុមប្រយុទ្ធបៃតង។
តួឯកស្រីរូបនេះបានប្រាប់ឱ្យដឹងថា សៀវភៅមួយក្បាលដែលអ្នកទាំងអស់គ្នាបានទិញពីនាង គឺជាចំណែកដល់ការព្យាបាលដំបៅផែនដី ហើយថវិកាដែលបានពីការលក់សៀវភៅ ២០០ ក្បាលខាងលើ គឺទុកសម្រាប់ការដាំកូនឈើជាច្រើនដើមក្នុងរយៈពេល ៥ ឆ្នាំ។
«ការពិតទៅ ខ្ញុំជាមនុស្សចូលចិត្តអានសៀវភៅបង គួបផ្សំនឹងអានបានច្រើន ហើយបានឃើញសៀវភៅស្នាដៃថ្មីៗរបស់បងស្រី ម៉ីសន សុធារី ដែលទើបនឹងចេញផងនោះ ខ្ញុំមានគំនិតថា នឹងជួយប្រូម៉ូតសៀវភៅរបស់គាត់ ដើម្បីបានថវិកាខ្លះយកទៅទ្រទ្រង់ព្រៃឈើសម្រាប់ថ្ងៃអនាគត»។ នេះបើតាមការអះអាងផ្ទាល់ពីតួស្រី សក្ខណា សម្តែងដោយកញ្ញា សាឡាត់ ស្រីឡាង ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃស្រលាញ់»។
«គ្នាពួកខ្ញុំមានប្រមាណ ២០នាក់ ហើយបងប្អូនខ្លះកំពុងត្រៀមបណ្តើរៗហើយបង ទាំងខាងលក់សៀវភៅ និងមួយផ្នែកទៀតចាំរៀបចំខាងទិញទុកដាក់កូនឈើ ព្រោះមិនយូរទេដើមខែសីហា នេះ ក្រុមប្រយុទ្ធបៃតង នឹងចុះទៅដាំកូនឈើនៅភ្នំឱរ៉ាល់ហើយបង»។ ស្រីឡាង បញ្ជាក់បន្ថែមតាមរយៈទូរស័ព្ទ។
តារាស្រីខាងលើក៏បានលើកទឹកចិត្ត និងសំណូមពរឱ្យអ្នកដែលមានចិត្តស្រលាញ់សៀវភៅ ការអាន កុំភ្លេចជួយគាំទ្រចលនាលក់សៀវភៅ មិនថាក្រុមនាង ឬអ្នកនិពន្ធផ្សេងៗនោះទេ ព្រោះថាអ្នកនឹងមានចំណែកពិសេសបំផុតសម្រាប់សង្គមជាតិទាំងមូលតាមរយៈការអាន និងជួយគាំទ្រការទិញសៀវភៅដែលជាស្នាដៃកូនខ្មែរ។
បញ្ជាក់ថា សៀវភៅនីមួយៗមានតម្លៃ ២៥ ០០០ រៀលក្នុងក្បាល ដោយ ៖
• «ពេលវេលា» ជាសៀវភៅបណ្ដុះគំនិតឲ្យយើងចេះប្រើប្រាស់ពេលវេលាត្រឹមត្រូវតាមវ័យ និងផ្លាស់ប្ដូរការគិតរបស់យើង
• «អាគមបរព្រៃ» ជាប្រលោមលោកបែបរន្ធត់បរិយាយពីអបិយជំនឿខ្មែរយើងពាក់ព័ន្ធរឿងមន្តអាគម
• «ទម្រាំក្លាយជាអ្នកនិពន្ធ» រៀបរាប់ពីបទពិសោធន៍យ៉ាងស្វិតស្វាញពោរពេញដោយការលើកទឹកចិត្តរបស់អ្នកនិពន្ធ ម៉ីសន សុធារី ផ្ទាល់ ដើម្បីជំរុញឲ្យអ្នកទាំងឡាយដែលចង់ក្លាយជាអ្នកនិពន្ធ សម្រេចក្ដីស្រមៃក្លាយជាអ្នកនិពន្ធពិតប្រាកដ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ