ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ភឿន​ ស្រីពៅ​ អ្នក​មាន​ទេព​កោសល្យ​ស្មូត្រ​កំណាព្យ​តស៊ូ​ហាត់​រៀន​តាំង​ពី​នៅ​ក្មេង​យក​ជា​អាជីព​យ៉ាង​ប្រសើរ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កញ្ញា​ភឿន​ ស្រីពៅ​ គឺ​ជា​អ្នក​ស្មូត្រ​កំណាព្យ​យ៉ាង​ចំណាន​ ដោយ​នាង​បាន​ហាត់​រៀន​តាំង​ពី​នៅ​តូច​ម៉្លេះ​ ។​ សព្វ​ថ្ងៃ​នេះ​ នាង​ចេះចាំ​របៀប​ស្មូត្រ​បាន​ច្រើន​បែប​ និង​ទទួល​បាន​ការ​ងារ​ច្រើន​ពី​អាជីព​មួយ​នេះ​តាំង​ពី​តាម​ពិធី​បុណ្យ​ ផ្សេងៗ​នៅ​ក្នុង​ស្រុក​ និង​ឧស្សាហ៍​បាន​ចេញ​ទៅ​ស្មូត្រ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​អាមេរិក​ បារាំង​ និង​អូស្ត្រាលី​ជា​ដើម​ ។​

រាជធានីភ្នំពេញ​ ៖ កញ្ញា​ភឿន​ ស្រីពៅ​ គឺ​ជា​អ្នក​ស្មូត្រ​កំណាព្យ​យ៉ាង​ចំណាន​ ដោយ​នាង​បាន​ហាត់​រៀន​តាំង​ពី​នៅ​តូច​ម៉្លេះ​ ។​ សព្វ​ថ្ងៃ​នេះ​ នាង​ចេះចាំ​របៀប​ស្មូត្រ​បាន​ច្រើន​បែប​ និង​ទទួល​បាន​ការ​ងារ​ច្រើន​ពី​អាជីព​មួយ​នេះ​តាំង​ពី​តាម​ពិធី​បុណ្យ​ ផ្សេងៗ​នៅ​ក្នុង​ស្រុក​ និង​ឧស្សាហ៍​បាន​ចេញ​ទៅ​ស្មូត្រ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​អាមេរិក​ បារាំង​ និង​អូស្ត្រាលី​ជា​ដើម​ ។​

កញ្ញា​ភឿន​ ស្រីពៅ​ នៅ​វ័យ​ក្មេង​ តែ​ចាប់​អាជីព​ជា​អ្នក​ស្មូត្រ​ខុស​ពី​នារី​ភាគ​ច្រើន​ដែល​ចូល​ចិត្ត​ខាង​សំអាង​ការ​ កាត់​ដេរ​ ឬ​ជា​អ្នក​ចម្រៀង​។ ទោះ​ជា​អ្នក​ខ្លះ​មិន​សូវ​ចូល​ចិត្ត​ និង​គ្មាន​ចំណូល​ចិត្ត​សិល្បៈ​ស្មូត្រ​កំណាព្យ​ តែ​សម្រាប់​កញ្ញា​ភឿន​ ស្រីពៅ​ ចាត់​ទុក​ថា​ ចេះ​អ្វី​ត្រូវ​ចេះ​ឱ្យ​ប្រាកដ​ នោះ​​ទើប​នាង​មាន​កម្លាំង​ចិត្ត​អាច​ទទួល​បាន​ផល​ល្អ​ ហើយ​អាច​មាន​សមត្ថ​ភាព​ស្មូត្រ​បាន​ជា​ច្រើន​បែប​ ។​ ស្រីពៅ​ មាន​ឱកាស​រក​បាន​ប្រាក់​ដោយ​សារ​ទេព​កោសល្យ​ស្មូត្រ​កំណាព្យ​របស់​ខ្លួន​នេះ​ ។​

ក្នុង​ជំនួប​ផ្ទាល់​កាល​ពី​ពេល​ ថ្មីៗ​នេះ​នៅ​ទូរ​ទស្សន៍​ស៊ីធី​អិន​ ខណៈ​ស្រីពៅ​ ចូល​រួម​ច្រៀង​ជា​កិត្តិយស​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ នាង​ជា​អ្នក​កំពង់​ស្ពឺ​ និង​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​ ចំណែក​នាង​ជា​កូន​ទី​៤​ ។​ លោក​ឪពុក​អ្នក​ម្តាយ​របស់​នាង​ជា​កសិករ​ ។​ សព្វ​ថ្ងៃ​នេះ​ស្រីពៅ​ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ឆ្នាំ​ទី​១ ។​

ស្រីពៅ​រៀប​រាប់​ថា​ នៅ​ឆ្នាំ​២០០៤​ នាង​មាន​អាយុ​១៣​ឆ្នាំ​ ចាប់​ផ្តើម​រៀន​​ស្មូត្រ​ និង​មាន​ឱកាស​បង្ហាញ​ទេព​កោសល្យ​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​នៅ​ឆ្នាំ​២០១០​ ។​ នាង​រៀន​ស្មូត្រ​ដំបូង​តាម​រយៈ​អង្គ​ការ​ខ្មែរ​អមតៈ​ ដែល​បង្កើត​កម្ម​វិធី​បង្រៀន​នៅ​តាម​ភូមិ​។ អំឡុង​ពេល​នោះ​ នាង​នៅ​ក្មេង​អត់​ដឹង​ថា​ ការ​ហាត់​រៀន​ល្អ​បែប​ណា​ទេ​ គ្រាន់​តែ​ដឹង​ថា​ ខ្លួន​មាន​សំឡេង​អាច​ប្រើ​ការ​បាន​ប៉ុណ្ណោះ ។​

ជា​ទូទៅ​អ្នក​ចេះ​ស្មូត្រ​ កញ្ញា​ភឿន​ ស្រីពៅ​ ប្រាប់​ថា​ ត្រូវ​មាន​ចំណុច​សំខាន់​បំផុត​គឺ​សំឡេង​ ល្អ​ និង​ចេះ​អត់​ធ្មត់​ ដោយ​សារ​តែ​​សិល្បៈ​ស្មូត្រ​ត្រូវ​ការ​ភាព​ស្មឹង​ស្មាធិ៍​ ទាល់​តែ​ត្រូវ​ការ​ភាព​ព្យាយាម​ខ្ពស់​ទើប​អាច​រៀន​ជំនាញ​នេះ​បាន​ ។​ ស្មូត្រ​ជា​ធម្មតា​ខ្មែរ​យើង​យល់​ថា​ សម្រាប់​តែ​ពិធី​បុណ្យ​សព​ប៉ុណ្ណោះ​ តែ​ការណ៍​ពិត​ស្មូត្រ​សម្រាប់​ពិធី​ជា​ច្រើន​តាំង​ពី​ពិធី​បុណ្យ​បច្ច័យ​បួន​ បុណ្យ​នៅ​តាម​វត្ត​អារាម​ ។​ លើស​ពី​នេះ​ គេ​អាច​ស្មូត្រ​ប្រៀន​ប្រដៅ​ដល់​យុវ​ជន​តាម​កម្ម​វិធី​ ផ្សេងៗ​ ។

របៀប​ស្មូត្រ​ខ្មែរ​យើង​មាន​ដល់​ទៅ​៦០​បែប​ឯណោះ​ ហើយ​ស្រីពៅ​ ចេះ​ចាំ​ទាំង​អស់​ដោយ​សារ​តែ​នាង​ហាត់​រៀន​អត់​ចោល​មួយ​ណា​ឡើយ​តាំង​ពី​នៅ​ខេត្ត​កំពង់​ស្ពឺ​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ។ ការ​ស្មូត្រ​នេះ​នាង​មាន​ស្នាដៃ​ច្រើន​ដែល​បង្ហាញ​ពី​សមត្ថ​ភាព​ និង​ចែក​រំលែក​ដល់​មហា​ជន​ ក៏​ដូច​ជា​ពិភព​លោក​ដូច​ជា​បាន​ទៅ​ស្មូត្រ​នៅ​អាមេរិក​ចំនួន​៥​ដង​ មិន​មែន​តែ​ជន​ជាតិ​ខ្មែរ​ទេ​ ជាតិ​សាសន៍​គេ​ដទៃ​បាន​ឮ​ និង​ភ្ញាក់​ផ្អើល ។​ ក្រោយ​មក​នាង​បាន​ទៅ​អូស្ត្រាលី​២​ដង​ តៃវ៉ាន់​ និង​ឥណ្ឌា​ ។ ទាំង​នេះ​ជា​អ្វី​ដែល​នាង​ទទួល​បាន​ពី​ទេព​កោសល្យ​ស្មូត្រ​កំណាព្យ​​ ។​

កញ្ញា​ភឿន​ ស្រីពៅ​ រំលឹក​ថា​ អ្នក​ដែល​ហាត់​រៀន​ស្មូត្រ​ជំនាន់​នាង​មាន​១៤​នាក់​ តែ​ពួក​គេ​រៀន​បាន​តិច​ប៉ុណ្ណោះ​ក៏​ឈប់​ទៅ​ ។​ ការ​រៀន​ស្មូត្រ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ទេ​ ដោយ​សារ​តែ​គេ​យល់​ថា​ រៀន​អត់​ប្រយោជន៍​ តែ​ការ​គិត​របស់​គេ​ផ្ទុយ​ស្រឡះ​ពី​នាង​ ។ ស្រីពៅ​និយាយ​ថា​ «ចំពោះ​ ខ្ញុំ​ៗគិត​ថា​ ចេះ​អី​ចេះ​ឱ្យ​ប្រាកដ​ នោះ​ពិត​ជា​អាច​រស់​នៅ​រក​សុី​ចិញ្ចឹម​ខ្លួន​បាន​ ។ ខ្ញុំ​សព្វ​ថ្ងៃ​បម្រើ​ការ​ងារ​ជាមួយ​វិស័យ​ស្មូត្រ​ និង​ពុទ្ធ​សាសន៍​ និង​បម្រើ​ការ​ងារ​នៅ​ទូរទស្សន៍​ MYTV និង​ CTN ក្នុង​កម្ម​វិធី​វេទិកា​អ្នក​បួស​ និង​នាទី​វត្ត​អារាម​រាល់​ថ្ងៃ​សៅរ៍​-អាទិត្យ​ វេលា​ព្រឹក​ ។​ លើស​ពី​នោះ​នាង​ខ្ញុំ​បាន​បង្ហាត់​ស្មូត្រ​ក្នុង​អង្គ​ការ​មួយ​ដល់​ក្មេង​ចំនួន​៣០​នាក់​ ។​ ស្នាដៃ​ពិត​មួយ​កើត​ចេញ​ពី​ការ​ព្យាយាម​ ។​ ខ្ញុំ​ពិត​ជា​មាន​មោទន​ភាព​ដែល​ខ្លួន​ឯង​ចេះ​ស្មូត្រ​ និង​អាច​ជួយ​ដល់​សង្គម​ទៀត»៕