ខេត្តស្ទឹងត្រែង ៖ សំឡេងផ្ទុះមួយនៅលើផ្ទៃមេឃបានលាន់ឮកក្រើកលើតំបន់ព្រំដែនកម្ពុជា-ឡាវ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះមិនដឹងថា ជាហេតុការណ៍អ្វីកើតឡើងនោះទេ ។ ក្រោយស្នូរផ្ទុះកក្រើកនៅលើមេឃនោះ ក៏មានបំណែកដែកជាច្រើន បានជ្រុះធ្លាក់មកបន្តបន្ទាប់ តែសំណាងល្អ មិនធ្លាក់ចំមនុស្សបង្កឱ្យមានអ្នករងគ្រោះឡើយ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៣ ឧសភា នៅតំបន់បណ្តោយព្រំដែនកម្ពុជា-ឡាវ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង ស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ។ សំឡេងផ្ទុះនេះ ត្រូវគេសង្ស័យថា អាចមកពីផ្ទុះយន្តហោះគ្មានមនុស្សបើក ហើយបានធ្លាក់បំណែកមកលើដី ។ សមត្ថកិច្ចនិងប្រជាពលរដ្ឋ បាននាំគ្នាប្រមូលបានបំណែកពីការផ្ទុះនេះជាច្រើន ។

ជុំវិញសំឡេងផ្ទុះលាន់លើអាកាសផ្អើលទាំងព្រឹកព្រលឹមនេះ មិនទាន់មានសមត្ថកិច្ចណាមួយហ៊ានអះអាងថា មកពីមូលហេតុអ្វីនៅឡើយទេ ។ ប៉ុន្តែប្រភពរាយការណ៍បានឱ្យដឹងថា អាជ្ញាធរឡាវក៏បានជូនដំណឹងមកអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាថា សំឡេងផ្ទុះនោះ គឺជាយានអវកាសរបស់ប្រទេសចិនហោះឡើងលើអាកាស ហើយបានផ្ទុះជាបំណែកធ្លាក់មកលើខេត្ត៥ នៅភាគខាងត្បូងនៃប្រទេសឡាវ ពិសេសក្នុងខេត្តអត្តពើ និងធ្លាក់ឆ្លងចូលមកខេត្តរបស់កម្ពុជា ជាប់ព្រំដែនប្រទេសឡាវផងដែរ ។

សម្រាប់ហេតុការណ៍ផ្ទុះលើអាកាសបែបនេះ បើនិយាយពីខេត្តព្រះវិហារវិញ ធ្លាប់បានកើតឡើងច្រើនលើកមកហើយដែលរហូតដល់ពេលនេះនៅតែមិនដឹងថាជាបំណែកអ្វីនោះទេ ហើយមានតែការសន្និដ្ឋានថា ជាបំណែកយន្តហោះគ្មានមនុស្សបើកបរ ។

តាមសេចក្តីរាយការណ៍ថា ស្នូរផ្ទុះនោះបានលាន់ផ្ទួនៗគ្នាបីដង នៅលើលំហអាកាសជាមួយនឹងបំណែកលោហៈអាលុយមីញូ៉មតូចធំធ្លាក់រាយប៉ាយ មើលទៅលើឃើញចាំងផ្លេកៗនៅតាមបណ្តាភូមិសាស្ត្រនានារហូតដល់មានការថតបានពីបំណែកដែលធ្លាក់ពីលើមេឃ មានទាំងផ្សែងសហុយផងដែរ ។

ព័ត៌មានបឋមពីមន្ត្រីមានសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានបានថា ករណីផ្ទុះលើលំហអាកាស ធ្លាក់បំណែករាយប៉ាយលើបណ្តាមូលដ្ឋានខាងលើនោះជារបស់អ្វីឡើយ ហើយទាក់ទិននឹងការផ្ទុះនេះដែរ បណ្តាលមកពីមូលហេតុអ្វីគួរឱ្យបាត់ឆ្ងល់ឡើយ ។

លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ឧសភាថា ស្ថិតនៅចំណុចព្រំដែនកម្ពុជា-ឡាវខេត្តស្ទឹងត្រែង មានហេតុការណ៍ធ្លាក់បំណែកដែកមួយចំនួន ខណៈពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុអំពីការផ្ទុះធ្លាក់នោះច្បាស់លាស់នៅឡើយទេ ។

លោកបន្ថែមថា កាកសំណល់នៃបំណែកលោហៈទាំងនោះបានធ្លាក់បន្សល់នៅលើទឹកដីកម្ពុជា ស្ថិតនៅចំណុចនិយាមកា 0608105-1533936 ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ដែលជារដ្ឋបាលបង្កើតថ្មីក្នុងខេត្តស្ទឹងត្រែង តែមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែវាធ្លាក់នៅលើទឹកដីឡាវ ក្នុងខេត្តអត្តពឺមានចំនួនច្រើន ។

ទាក់ទិនករណីផ្ទុះបណ្តាលឱ្យធ្លាក់បំណែកលោហៈពីលំហអាកាសនោះគេមិនទាន់សន្និដ្ឋានថាជាវត្ថុអ្វីប្រាកដនៅឡើយទេ តែមន្ត្រីយោធាសើុបអង្កេតផ្នែកចារកម្មបានដាក់ការសង្ស័យខ្លាំងថាវត្ថុនោះជាប្រភេទយន្តហោះសើុបការណ៍បំពាក់គ្រឿងអេឡិចត្រូនិកទំនើបហោះហើរដោយប្រព័ន្ធបញ្ជាគ្មានអ្នកបើកបរ ឬអាចជាដ្រូនប្រភេទធុនធំហោះហើរក្នុងរយៈកម្ពស់ខ្ពស់ ។

ប្រភពដដែលបន្តថា ការផ្ទុះនេះអាចមានចំណុចពីរដែលសង្ស័យចំណុចទីមួយអាចមានប្រទេសណាមួយប្រើប្រាស់យន្តហោះគ្មានអ្នកបើកបរនោះហោះហើរសើុបការណ៍រហូតឆ្លងទ្វីបខុសបច្ចេកទេស ហើយត្រូវប្រទេសមួយទៀតបាញ់ទម្លាក់កម្ទេចចោល ។ ចំណុចទីពីរការហោះហើរត្រូវរ៉ាដាប្រទេសដ៏ទៃចាប់ជាប់នឹងត្រូវគេដឹងប្រភព ទើបអ្នកបញ្ជាបំផ្ទុះបំបាត់ភ័ស្តុតាងចោល ។
ំចំណែកប្រភពព័ត៌មានពីយោធាបច្ចេកទេស សង្ស័យថាយន្តហោះបញ្ជា ដោយគ្មានអ្នកបើកឬដ្រូនប្រភេទធុនធំនោះ ត្រូវបានគេប្រើប្រាស់ ដើម្បីសើុបការណ៍ពីទីតាំងមួយទៅទីតាំងមួយទៀត សម្រាប់តាមដាន និងចាប់រូបភាពនៅខាងលើមកផ្នែកខាងក្រោម ។

ក្រោយពីការប្រមូលនិងចម្លងទិន្នន័យរួចរាល់គេត្រូវបំផ្ទុះវាចោលដោយមិនបញ្ជាឱ្យត្រឡប់ក្រោយដែលឱ្យរ៉ាដាប្រទេសណាមួយចាប់ពីសកម្មភាពរបស់ខ្លួនបាន ។ពាក់ព័ន្ធព័ត៌មានខាងលើគ្រាន់តែជាប្រភពនៃការសង្ស័យរបស់មន្ត្រីយោធាប៉ុណ្ណោះ តែមិនទាន់មានការអះអាងច្បាស់លាស់ពីកងកម្លាំងប្រដាប់អាវុធមួយណាឡើយ រហូតមកទល់រសៀលថ្ងៃដដែលនេះ ។

ជាមួយការធ្លាក់បំណែកដុំដែកអាលុយមីញ៉ូមខាងលើនេះដែរ ។ មិនមានព័ត៌មានពីកងកម្លាំងប្រដាប់អាវុធបញ្ជាក់ថា មានប្រជាពលរដ្ឋរងរបួសធ្លាក់ត្រូវនោះដែរ ។ បច្ចុប្បន្នបំណែកមួយចំនួននៅទឹកដីកម្ពុជាជាប់ព្រំដែនឡាវ ត្រូវកងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប្រមូលមករក្សាទុក ដើម្បីពិនិត្យស្រាវជ្រាវបន្តផងដែរ ។

ជាការកត់សម្គាល់នោះ គឺវត្ថុតាងសង្ស័យថា យន្តហោះ ដែលគ្មានមនុស្សបើកដែលផ្ទុះនេះ ហាក់ដូចមានគន្លងផ្លូវមួយលើលំហអាកាស ដោយសារតែការផ្ទុះនេះ តែងកើតមាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ហើយពេលនេះ តាមតំបន់ព្រំដែនខេត្តស្ទឹងត្រែង ក្បែរខេត្តព្រះវិហារដែរ ៕ (សម្រួលដោ៖ ស្រីណា)









ចែករំលែកព័តមាននេះ