ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​កែ​ច្នៃ​កម្ទេច​ក្រណាត់​មួយ​កន្លែង​ត្រូវ​អាជ្ញាធរ​ចុះបិទ​​អាជីវកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​កែ​ច្នៃ​កម្ទេច​ក្រណាត់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​រក​ឃើញ​ថា​បាន​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ មិនតែប៉ុណ្ណោះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​កែ​ច្នៃ​កម្ទេច​ក្រណាត់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​រក​ឃើញ​ថា​បាន​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ មិនតែប៉ុណ្ណោះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ធ្ងន់ធ្ងរ​។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​របស់​ខណ្ឌ​ដឹកនាំ​ដោយ​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង លោក​សើន កែវ​វណ្ណ​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ចុះ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​ខាងលើ​ឈ្មោះ ឆាយ យ៉ូ​វ​ផាយ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ចិន ហើយ​សិប្បកម្ម​មួយ​នេះ​បាន​កែ​ច្នៃ​កម្ទេច​ក្រណាត់​ឲ្យ​ក្លាយទៅជា​ជ័រ​នាំ​ចេញ​ទៅ​កាន់​ក្រៅប្រទេស ប៉ុន្តែ​ពុំ​ដឹង​ថា​ជ័រ​ដែល​បំ​ឡែ​ង​ចេញពី​កម្ទេច​ក្រណាត់​នេះ​យក​ទៅ​លើ​ការ​ផលិត​អ្វី​បន្ត​ទៀត​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ថៅកែ​ជនជាតិ​ចិន​ខាងលើ​បាន​បើក​រកស៊ី​មុខរបរ​មួយ​នេះ​ដោយ​គ្មាន​ច្បាប់​ឡើយ ហើយ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​និង​បរិស្ថាន​យ៉ាង​ខ្លាំង ព្រោះ​កម្ទេច​ក្រណាត់​និង​ផ្សែងភ្លើង​ឡ​បាន​ហើរ​ពាស​វាល​ពាស​កាល មិនតែប៉ុណ្ណោះ​មាន​ធុំក្លិន​ឈ្ងៀម​ថែម​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក​ផល​ប៉ះពាល់​ខាងលើ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​នោះ​មានការ​ក្ដៅក្រហាយ​គ្រប់​ៗ​គ្នា ហើយ​ក្រោយមក​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​លិខិត​ផ្អាក​និង​ផាកពិន័យ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​មួយ​នេះ​មិន​ព្រម​ផ្អាក និងមិន​​អនុវត្តន៍​តាម​ឡើយ ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ក្ដៅក្រហាយ​ជា​បន្ត​ទៀត ដោយសារ​តែ​ការ​ផ្គើន​បែប​នេះ ទើប​ពេល​នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សម្រេច​ចុះ​ទៅ​បិទ​ផ្អាក​អាជីវកម្ម​នោះ​ជា​បណ្ដោះអាសន្ន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​យក​សម្ភារៈ​នៅ​ក្នុង​សិប្បកម្ម​នោះ​មួយ​ចំនួន​មាន​ដូច​ជា​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​មួយ​គ្រឿង ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-១២៤៧ , ជ័រ​កែ​ច្នៃ​រួច​ចំនួន​១០​បាវ , ក្រណាត់​មិន​ទាន់​កែ​ច្នៃ​ចំនួន​២០​បាវ និង​ជញ្ជីង​ថ្លឹង​១​គ្រឿង​។

ក្រោយមក​សមត្ថ​ក​ច្ច​បាន​យក​សម្ភារ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម​នេះ​ទេ ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​ផ្គើន​ទៀត​នោះ​នឹង​ត្រូវ​ចាត់​វិធា​ការ​តាម​ច្បាប់​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ