ខេត្តកណ្តាល៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងរួចមកដល់ផ្ទះវិញ ក៏សុំសោម៉ូតូពីម្ដាយយកទៅជិះ តែម្ដាយពុំឱ្យដោយឃើញកូនស្រវឹងខ្លាំង ពេលនោះជនសង្ស័យជាកូនខឹងសម្បារ រួចទាញពូថៅទៅកាប់សសរផ្ទះ និងស្រែកឡូឡាដាក់ម្ដាយថែមទៀត ។ ដោយឃើញបែបនេះ ជនរងគ្រោះជាម្ដាយនិងបងប្រុសចូលទៅឃាត់ ស្រាប់តែជនសង្ស័យយកពូថៅកាប់ទៅលើបងប្រុស និងម្ដាយ បណ្ដាយឱ្យរងរបួសទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះ២នាក់ខាងលើ ១-ឈ្មោះ ស្រ៊ន នន ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាម្តាយ មុខរបរកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និង២-ឈ្មោះ ខន ប៊ុណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងប្រុស មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះ ខន ប៊ុណ្ណែត ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកសិករមានរស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងពូថៅដងឈើចំនួន១។

សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានផឹកស្រាស្រវឹង រួចមកដល់ផ្ទះវិញក៏បានសុំសោម៉ូតូ ពីម្ដាយយកទៅជិះ តែម្ដាយពុំឱ្យនោះទេ ដោយឃើញសភាពកូនប្រុសស្រវឹងខ្លាំងពេក នៅពេលនោះបានធ្វើឱ្យជនសង្ស័យមានការខឹងសម្បារ រួចទាញយកពូថៅផ្លែដែកទៅកាប់សសរផ្ទះខ្លួនឯង និងស្រែកឡូឡាដាក់ម្ដាយថែមទៀត ។ ដោយឃើញសភាពបែបនេះម្ដាយ និងបងប្រុសរបស់ជនសង្ស័យក៏ចូលទៅឃាត់ តែជនសង្ស័យពុំស្ដាប់ ហើយបានយកពូថៅកាប់ទៅលើបងប្រុស និងម្ដាយ បណ្ដាយឱ្យរងរបួស ដោយម្ដាយរងរបួសត្រង់ជង្គង់ខាងស្ដាំ និងបងប្រុសរងរបួសចំដៃខាងឆ្វេងថែមទៀត ។
ក្រោយពេលកើតហេតុ បងប្អូនអ្នកជិតខាងបាននាំគ្នាចូលទៅចាប់ឃាត់ជនសង្ស័យទុក រួចរាយការណ៍ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវតែម្ដង ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងពូថៅបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ