ខេត្តកណ្ដាល ៖ ទំនាស់ដីបឹងជាង៧ហិកតារវាងប្រជាពលរដ្ឋនៅសហគមន៍ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាមួយក្រុមហ៊ុន iNG របស់ឧកញ៉ាអុឹង ប៊ុនហូវ រយៈពេលជាង២ឆ្នាំ មកហើយ នៅមិនទាន់មានដំណោះស្រាយចេញនៅឡើយ។ មកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងសហគមន៍ នៅតែទទូចស្នើសុំដល់អាជ្ញាធរជំរុញ និងរកដំណោះស្រាយដល់ប្រជាពលរដ្ឋដើម្បី បានចូលទៅនេសាទ បេះត្រកួន ព្រលិត រើសខ្យង ខ្ចៅ យកមកលក់ចិញ្ចឹមជីវិតប្រចាំថ្ងៃដូចមុន។
លោកហូរ សុខហេង តំណាងប្រជាពលរដ្ឋសហគមន៍ភូមិស្ទឹងជ្រៅបានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី១៤ កុម្ភៈឱ្យដឹងថា ពេលនេះអ្នកភូមិមិនអាចទៅប្រកបរបរនេសាទត្រី រើសខ្យង ខ្ចៅ បេះក្រ កួន ព្រលឹតនៅដីបឹងសហគមន៍បានទៀតទេ ដោយសាររតែអ្នកយាមដីនោះហាមមិនអោយចូលបឹងដែលជាសម្បត្តិរបស់សហគមន៍ ដោយខាងក្រុមហ៊ុនដាក់មនុស្សអ្នកយាមដីនោះយ៉ាងតឹងរឹងបំផុត។
លោកថា កន្លងទៅនេះ សូម្បីអ្នកសារព័ត៌មានក៏ត្រូវគេហាមឃាត់មិនអោយចូលទៅថតរូបទីតាំងដីនោះបានដែរ តែងតែមានការគម្រាមរកចាប់ ឬបំផ្លាញម៉ាស៊ីនថតចោលពីអ្នកនៅមើលដីនេះ ។ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដែលអ្នកភូមិចោទក្រុមហ៊ុន ING របស់លោកឧកញ៉ា អុឹង ប៊ុនហូវ ថា រំលោភយកដីបឹងសហគមន៍ ភូមិស្ទឹងជ្រៅ ជាង៧ហិតានៅចំណុចបឹងជីភោ ដែលប្រជាពលរដ្ឋមិនបានលក់អោយក្រុមហ៊ុនទេ ជាប្រភេទដីបឹងដែលមានទីតាំងបច្ចុប្បន្ននៅខាងកើតជាប់ មហាវិថីសម្ដេចហ៊ុនសែន ផ្លូវ៦០ម៉ែត្រ ដែលមានប្រជាពលរដ្ឋ៣៥០គ្រួសារ បានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៨០មក ដោយប្រជាពលរដ្ឋនៅសហគមន៍ភូមិស្ទឹងជ្រៅបានទៅដាំដុះ ព្រលឹត ត្រកួន កញ្ឆែត និងនេសាទត្រីនៅទីនោះជាលក្ខណៈគ្រួសារ។
លោកបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនING បាន ប្រមូលទិញដី ប្រជាជនដែលកាន់កាប់ស្របច្បាប់នៅជុំវិញបឹង និងដីទំនាស់នោះបានមួយចំនួន ហើយបន្ទាប់មកទៀតក៏បានបោះព្រំព័ទ្ធរំលោភយកដីបឹងជីភោរបស់សហគមន៍ភូមិស្ទឹងជ្រៅ ដែលនៅសល់មិនទាន់លក់ ទំហំ៧៤.១៥៣ម៉ែត្រការ៉េ ក្នុងអំឡុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុនបានហាមមិនអោយប្រជាពលរដ្ឋចូលទៅនេសាទ ដាំដំណាំនៅលើដីនោះ និងបានគំរាមកំហែងរកបាញ់ប្រជាពលរដ្ឋថែមទៀតបើហ៊ានចូលទៅដីនោះ។ បន្ទាប់ពីមានការគម្រាមកំហែង និងរំលោភយកដីនេះ ប្រជាពលរដ្ឋបាននាំគ្នាប្ដឹងតវ៉ាជាបន្តបន្ទាប់ចូលទៅសង្កាត់ ក្រុង និងខេត្ត រហូតដល់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អស់រយៈពេលបីឆ្នាំមកហើយ តែមិនទទួលបានដំណោះស្រាយជូនប្រជាពលរដ្ឋទេ ។
ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ម្យ៉ាងទៀតមិនអាចទំនាក់ទំនងសុំការបំភ្លឺណាមួយពីក្រុមហ៊ុនបាននៅឡើយទេ ម្សិលមិញនេះ ៕
ចែករំលែកព័តមាននេះ