រឿងនិទានពីអំពៅខ្មៅ…ជំនឿរបស់ចិន
- កណ្តាល
ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី៥ កម្ភៈ ជាថ្ងៃបុណ្យប្រពៃណីចិន-វៀតណាម ឃើញបងប្អូនខ្មែរដែលជាប់សែស្រឡាយចិនចំនួនរាប់ពាន់នាក់បានមកទិញអំពៅខ្មៅ និងអុជធូបបន់ស្រន់ សំុសេចក្ដីសុខ រកទទួលទៀនមានបាន នៅរោងលោកតាចិនធំក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ឃើញអំពៅខ្មៅរាប់ពាន់ដើម និងផ្លែកន្ទឹម ព្រមទាំងផ្លែឈើសំរាប់សែនជាច្រើន ត្រូវបានគេយកមកដាក់លក់នៅលើផ្លូវខាងមុខរោងលោកតាចិន ។ បើទោះបីមានលក់ច្រើនបែបនេះក្ដី ក៏តម្លៃនៅតែថ្លៃដដែលព្រោះតែអ្នកទៅទិញច្រើនកុះករ ។ អំពៅខ្មៅមួយដើម តម្លៃ៨ពាន់ទៅ១មឺុនរៀល ចំណែកមែកកន្ទឹមមាន
ផ្លែផ្កាមួយបាច់ ប៉ុនកដៃតម្លៃ៧ពាន់ ទៅ១មឺុនរៀលដែរ ។

លោកឈុន គៀ ប្រធានសមាគមនខ្មែរ-ចិន ក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា លោកតាចិននៅក្រុងតាខ្មៅឈ្មោះប៉ោសែ ហៅលោកតាធំ ហើយជាលោកតាចិនដែលធំជាងគេក្នុងស្រុកខ្មែរ មានរោងលោកតានៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខាងលិចជាប់ផ្លូវជាតិលេខ២១អា ។ ដោយសារលោតាធំជាងគេ ទើបមានអ្នកជាប់សែស្រឡាយចិនច្រើននាក់ មកពីគ្រប់ទិសទីមកអុជធូប បន់ស្រន់ សំុសេចក្ដីសុខ រកទទួលទៀនមានបាន។

ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកមកដុតធូបនៅរោងលោកតាចិនធំកើនឡើងរៀងរាល់ឆ្នាំ ។ លោកពូម្នាក់ ឈ្មោះ គាងបានប្រាប់ឱ្យដឹងថា គាត់មកដុតធូបនៅរោងលោកធំសំុជើងធូប យកទៅផ្ទះនិង ទិញអំពៅខ្មៅ យកទៅ សែននៅផ្ទះគាត់ ដើម្បីសំុសេចក្ដីសុខចំរើនក្នុងក្រុមគ្រួសារ ។ គាត់ថា ជំនឿពីកុងម៉ាគាត់មកនៅថ្ងៃចូលឆ្នាំចិន គឺតែងតែ មកដុតធូប នៅរោងលោកតា សំុសេចក្តីសុខ ចំរើន។ គាត់ប្រាប់ថាទិញអំពៅខ្មៅ មួយដើម១មឺុនរៀល យកទៅសែននៅផ្ទះ រកសីុឡើង ដូចថ្នាំងអំពៅ ខ្មៅអញ្ចឹង ជាជំនឿតាំង ពីកុង ម៉ា ។

ទាក់ទិនប្រវត្តិដើមអំពៅខ្មៅនេះ ត្រូវបានលោកតាម្នាក់នៅមើលការខុសត្រូវនៅរោងលោកតាចិនធំនេះ បានប្រាប់ឱ្យដឹងដែរថា កាលពីព្រេងនាយ មានគ្រួសារមួយថ្ងៃចូលឆ្នាំចិន បានយកនំចំណីផ្លែឈើទៅសែន នៅរោងលោកតាចិននៅឆ្ងាយពីផ្ទះ ។ ពេលសែនរួចហើយ រៀបត្រឡប់មកផ្ទះវិញបានទិញអំពៅខ្មៅនៅរោងលោកតាយកមកផ្ញើកូនដែលនៅផ្ទះ ។ ពេលត្រឡប់មកដល់ផ្ទះ ស្រាប់តែភ្លើងកំពុងឆេះផ្ទះគាត់ យ៉ាងសន្ធោសន្ធៅ ។ ពីនាក់ប្ដីប្រពន្ធភ័យស្លន់ស្លោកាច់មែកឈើ វាយពន្លត់ភ្លើង ក៏មិនរលត់ ។ ពេលនោះបុរសជាប្ដីបានយកដើមអំពៅខ្មៅដែលទិញពីរោងលោកតាមកវាយភ្លើង ដែលកំពុងឆេះខ្លាំងនោះរលត់យ៉ាងលឿនអស់ទៅ ។ ចាប់ពីពេលនោះមក ជនជាតិចិនមានជំនឿតៗគ្នាមកថា ដើមអំពៅខ្មៅយកមកពីរោងលោកតាចិន ទៅសែននៅផ្ទះគឺបានត្រជាក់ត្រជំុ បណ្ដេញគ្រោះអាក្រក់ចង្រៃ និងនាំសេចក្តីសុខសប្បាយមកក្នុងក្រុមគ្រួសាររកទទួលទានមានបានផងដែរ ។










ចែករំលែកព័តមាននេះ