ខេត្តពោធិ៍សាត់ ៖ ដោយមានជំនឿទៅខាងផ្លូវងងឹត ធ្វើឲ្យបុរសម្នាក់និងបក្សពួកពីរ បីនាក់ទៀតកាន់កាំភ្លើងកែច្នៃ និងដំបង ចូលទៅវាយនិងបាញ់សម្លាប់យាយតាពីរនាក់ដល់ក្នុងផ្ទះ បណ្ដាលឲ្យតាស្លាប់ ឯយាយរបួសជើងម្ខាង ។ ករណីមនុស្សឃាតនេះ កើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នៅក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបឹងបត់កណ្ដោល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធូធន ភេទប្រុស អាយុ៨៣ឆ្នាំ(ស្លាប់) និងប្រពន្ធឈ្មោះ ហ៊ុន ណែម អាយុ៧២ឆ្នាំ រងរបួស ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឃុន ដារ៉ា ហៅចន្ថា ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ជាមួយជនរងគ្រោះដែរ ។
តាមការផ្ដល់ព័ត៌មានពីលោកយាយដែលជាជនរងគ្រោះបានឲ្យដឹងថា នៅវេលាព្រលប់ថ្ងៃនោះ មានមនុស្សមួយក្រុមមានគ្នា៣ទៅ៤នាក់ដើរចូលមកក្នុងផ្ទះរបស់គាត់ ហើយប្រើកំភ្លើងស្នប់បាញ់សំដៅមកលើរូប
គាត់បណ្ដាលឲ្យចំកំភួនជើងខាងឆ្វេងរងរបួសយ៉ាងដំណំ ។ បន្ទាប់មក ពួកគេបានប្រើដំបងឈើជ្រុងវាយ
តាដែលជាប្ដីរបស់គាត់ជាច្រើនដំបង បណ្ដាលឲ្យបែកក្បាលហូរឈាមស្លាប់នៅលើគ្រែយ៉ាងអាណោចអាធ័ម រួចហើយនាំគ្នាគេចខ្លួនបាត់អស់ ។
ប្រភពព័ត៌មានពីអ្នកស្រុកអ្នកភូមិនៅទីនោះនិយាយថា ជនសង្ស័យឈ្មោះ ឃុន ដារ៉ា ហៅ ចន្ថា នេះធ្លាប់មានជម្លោះជាមួយក្រុមគ្រួសារជនរងគ្រោះដោយចោទប្រកាន់ថា យាយតាខាងលើចេះអំពើធ្មប់ធ្វើឲ្យកូនរបស់គេឈឺ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យធ្លាប់គំរាមថា បើកូនរបស់គេស្លាប់គេក៏សម្លាប់យាយតានេះដែរ ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាពាក្យចចាមអារា៉មប៉ុណ្ណោះមិនអាចយកជាការពិតទេ ឯរឿងពិតយ៉ាងណានោះស្ថិតនៅលើការស្រាវជ្រាវរបស់សមត្ថកិច្ច ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ