រាជធានីភ្នំពេញ ៖ រថយន្តហាយឡេនឌ័រពាក់ស្លាកលេខនគរបាល មួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ បោះពួយយ៉ាងលឿនដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងស្តុបវត្តលង្កាពេញទំហឹង បណ្តាលអោយរថយន្តខូចខាតមួយកំណាត់មុខ និងបង្កអោយអ្នកបើកបរបោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅចំណុចបង្គោលភ្លើងស្តុបវត្តលង្កា មហាវិថីព្រះសីហនុកែងនឹងផ្លូវ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ រថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1905 បើកបរដោយមន្ត្រីនគរបាលម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតរងរបួសស្រាល ។
ប្រភពព័ត៌មានពីអ្នកបានឃើញហេតុការណ៍បានប្រាប់អោយដឹងថា មុនកើតហេតុ គឺគេឃើញរថយន្តបង្កខាងលើធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមកដល់កន្លែងកើតហេតុជាចំណុចផ្លូវកោងក៏ជ្រុលចង្កូតរថយន្តទៅបុកបង្គោលស្តុបពេញទំហឹង បណ្តាលអោយរថយន្តខ្ទេចមួយកំណាត់មុខ ហើយអ្នកបើកបរក្នុងរថយន្តទាំង២នាក់នោះរងរបួសស្រាល ចំណែកបង្គោលភ្លើងខូចខាតតិចតួច ។
បន្ទាប់ពីកើតហេតុក៏មានប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុនោះបានមកជួយនឹងចោមរោមមើលជនរងគ្រោះច្រើនកុះករ ហើយក៏សួរនាំពីហេតុការណ៍ ត្រូវបានម្ចាស់រថយន្តប្រាប់ថា ពួកគាត់ទើបចេញពីញាំអីតិចតួច ហើយនាំគ្នាទៅញាំបបរសបន្ត ដោយធ្វើដំណើរតាមផ្លូវនឹង(មហាវិថីព្រះសីហនុ) ដោយគាត់នៅតាមខេត្តមិនសូវជាស្គាល់ច្បាស់ថា កន្លែងនោះជាចំណុចផ្លូវកោង ទើបជ្រុលមកបុកបង្គោលភ្លើងនោះតែម្តង តែមិនបានបង្កអោយនរណាម្នាក់ធ្វើដំណើរតាមផ្លូវនោះរងគ្រោះទេ គឺខូចខាតតែរថយន្តគាត់តែប៉ុណ្ណោះ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តទាំង២បានប្រមូលយករបស់របរក្នុងរថយន្ត ហើយគេចខ្លួនចេញទៅបាត់ទៅ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុទុកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងនឹងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ