រាជធានីភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ទំនងជាបានស្លាប់ជាច្រើនថ្ងៃមកហើយ ដោយសពមានសភាពហើមស្អុយ និងជះក្លិនយ៉ាងខ្លាំងមកខាងក្រៅផ្ទះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ចចុះមកមើល កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយមិនមាននរណាម្នាក់ដឹងថា រូបគាត់ស្លាប់ដោយសារមូលហេតុអ្វីច្បាស់លាស់ឡើយ?
ប្រភពពីស្ត្រីអ្នកជិតខាងម្នាក់ប្រាប់ឱ្យដឹងថា មុនកើតហេត់នាព្រឹកនេះដែរ ពួកគាត់ដែលជាអ្នករស់នៅក្បែរខាងផ្ទះបានធំក្លិនស្អុយយ៉ាងខ្លាំងចេញពីផ្ទះល្វែងមួយកន្លែងខាងលើ ដោយពួកគាត់ដឹងថា មានបុរសជាជនបរទេសម្នាក់មកជួលនៅអស់រយៈពេលជាយូរមកហើយនោះ ដោយសង្ស័យពួកគាត់ក៏រាយការណ៍ទៅប្រាប់សម្ថកិច្ចមូលដ្ឋានឱ្យដឹងពីរឿងនេះ។
តាមប្រភពដដែលប្រាប់បន្តថា លុះពេលកម្លាំងសមត្ថកិច្ចចុះមកដល់ ក៏ប្រទះឃើញសពរបស់បុរសជាជនបរទេសម្នាក់មានសភាពហើមស្អុយមើលលែងស្គាល់ទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។ បុរសជាជនបរទេសម្នាក់ដែលស្លាប់នេះ ពួកគាត់មិនបានដឹងថា ជាជនជាតិបារាំង អាមេរិក ឬក៏ជាជនជាតិអ្វីច្បាស់ឡើយ ហើយរូបគាត់ក៏មកជួលផ្ទះខាងលើស្នាក់នៅជាយូរណាស់មកហើយដែរ ដោយគ្រាន់ត្រឹមញញឹមដាក់គ្នានៅពេលជួបមខម្តងៗប៉ុណ្ណោះ ។ លុះបាត់មួយរយៈក៏ស្រាប់តែមានរឿងបែបនេះតែម្តងទៅ។
ក្រោយពេលកើតហេតុ គេបានឃើញមានកម្លាំមានសមត្ថកិច្ចជាច្រើននាក់បាននាំគ្នាចុះមកធ្វើការត្រួតពិនិត្យសពរបស់ជនបរទេសរងគ្រោះ និងបញ្ជូនតាមរថយន្តយកទៅតម្កល់នៅវត្តស្ទឹងមានជ័យជាបណ្តោះអាសន្ន ដើម្បីរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារឱ្យមកទទួលយកទៅកាន់ប្រទេសកំណើតវិញផងដែរ។
ពាក់ព័ន្ធទៅនឹងករណីស្លាប់របស់បុរសជនបរទេសម្នាក់ខាងលើនេះដែរ នៅមិនទាន់ដឹងថា រូបគាត់បានស្លាប់បាត់បង់ជីវិតដោយសារជាករណីឃាតកម្ម ប្លន់សម្លាប់ ឬក៏យ៉ាងណានោះទេ ព្រោះកម្លាំងមានសមត្ថកិច្ចមិនបានប្រាប់អ្វីឡើយ រង់ចាំការស្រាវជ្រាវ ។

ចែករំលែកព័តមាននេះ