ខេត្តកណ្ដាល ៖ ក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់មួយក្រុមបានរត់បាតជើងសព្រាតទាំងព្រលឹងចុងសក់ ពេលដែលកម្លាំងអាវុធហត្ថស្រុកស្អាងចុះបង្ក្រាប កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ តុលានេះនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាងខេត្តកណ្ដាល ។
ក្នុងប្រតិបត្តិការនេះកម្លាំងអាវុធហត្ថស្រុកស្អាងចាប់មិនបានអ្នកជល់មាន់ទេ ប៉ុន្តែចាប់យកបានវត្ថុតាងមានមាន់ជល់ និងសម្ភារៈមួយចំនួនទៀត ។ អ្នករៀបចំចាត់ចែងឱ្យមានល្បែងជល់មាន់នេះត្រូវបានគេស្គាល់ថាឈ្មោះ ថី ដែលគេដឹងថា ជាអ្នកញៀនល្បែងភ្នាល់ជល់មាន់ រៀបចំចាត់ចែងលេងរាល់ថ្ងៃ នៅភូមិបឹងខ្ពបនេះ ។ គេមិនដែលឃើញនគរបាលមូលដ្ឋានចុះបង្ក្រាបទេ សង្ស័យត្រូវរ៉ូវគ្នាតាំងពីមុនមក ។ ទើបតែពេលនេះមន្ត្រីអាវុធហត្ថស្រុកស្អាងឆ្មក់បង្ក្រាប ។
មន្ត្រីអាវុធហត្ថស្រុកស្អាងបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើបន្ទាប់ពីទទួលព័ត៌មានថា មានអ្នកលេងល្បែងភ្នាល់ជល់មាន់នៅចំណុចខាងលើនេះកម្លាំងអាវុធហត្ថស្រុកបានឆ្មក់ទៅបង្ក្រាបពេលទៅដល់ចំណុចបញ្ជល់មាន់នេះក្រុមអ្នកជល់មាន់បានដឹងខ្លួន ហើយនាំគ្នារត់គេចចែកផ្លូវគ្នាអស់ បន្សល់ទុកនៅតែជញ្ជីងសម្រាប់ថ្លឹងមាន់មួយ មាន់គកពីរក្បាល និងស្កុតសម្រាប់រុំខ្នាយមាន់ ព្រមទាំងសម្ភារៈមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ