ផ្ទុះកក្រើកលើអាកាស…ផ្អើលខេត្តព្រះវិហារ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ សំឡេងផ្ទុះលើអាកាសបានលាន់កក្រើកដី កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៥ តុលា នៅក្នុងភូមិសាស្ត្រឃុំស្រយង់ ស្រុកគូលែន ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបំណែកដែកដែលទំនងជាយន្តហោះ បានធ្លាក់រាយប៉ាយពេញព្រៃក្នុងភូមិសាស្ត្រឃុំនេះ ។

លុះមួយសន្ទុះក្រោយមក ក៏មានលេចឮដំណឹងថា មានបំណែកដែកជាច្រើនបានធ្លាក់រាយប៉ាយតាមភូមិនិងតាមព្រៃ ហើយក៏មានមន្ត្រីសមត្ថកិច្ចទៅពិនិត្យមើល និងប្រមូលយកបំណែកទាំងអស់នោះមករក្សាទុក ដើម្បីឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ។

លោកឧត្តមសេនីយ៍បន្ថែមថា នេះជាករណីផ្ទុះយន្តហោះគ្មានមនុស្សបើកបរ ហើយការផ្ទុះបែបនេះមិនមែនជាលើកទី១ឡើយសម្រាប់ខេត្តព្រះវិហារ គឺមាន៣លើករួចមកហើយ និងនៅពេលមានការផ្ទុះគឺស្ថិតនៅលើភូមិសាស្ត្រស្រុកគូលែន២លើក ។

ទោះបីជាបែបណា រហូតមកដល់ពេលនេះទាំងអាជ្ញាធរនិងសមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានឱ្យច្បាស់លាស់ថា តើបំណែកទាំងនេះជាអ្វីពិតប្រាកដនោះទេ គ្រាន់តែចាត់ទុកថាជាបំណែកយន្តហោះគ្មានមនុស្សបើកបរ ព្រោះធ្លាប់តែកើតមានកន្លងមក ។សមត្ថកិច្ចជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋផង បានស្វែងរកបំណែកដែកដែលធ្លាក់មកលើដីជាច្រើនគោលដៅ ខ្លះធ្លាក់មកលើដីឡូត៍ ខ្លះធ្លាក់ចំដីចម្ការ និងខ្លះទៀតចំដំបូលផ្ទះប្រជាពលរដ្ឋតែម្ដង គឺជាប្រភេទដែកអាលុយមីញ៉ូម ។

១-ចំណុចផ្សារអីថន ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន២ដុំទម្ងន់០,៦០ក្រាម
២-ចំណុចដីឡូត៍ផ្ទះរបស់ឈ្មោះ កេន កាន់ ភូមិស្រយង់ជើង ឃុំស្រយង់ ចំនួន១ដុំ ទំហំ០,៩០X០,៨១ ទម្ងន់៧,៥០គីឡូក្រាម
៣-លើដំបូលផ្ទះរបស់ឈ្មោះ អុឹម ហាក់ ភូមិស្រយង់ត្បូង ចំនួន១ដុំទម្ងន់១,៣០គីឡូក្រាម ទំហំ១,២៣x៥ហ៊ុន
៤-ដីចម្ការរបស់ឈ្មោះ ឃុន មុត ភូមិស្រយង់ត្បូង ទម្ងន់១២គីឡូក្រាម
៥-ចំណុចដីឡូត៍របស់ឈ្មោះ អៀម កាក់ ភូមិស្រយង់ជើង ទម្ងន់២គីឡូក្រាម
៦-ដីឡូត៍របស់ឈ្មោះ បូ ជី ភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់១,៥០គីឡូក្រាម
៧-ចំណុចជ្រៃក្ងោក ក្នុងចម្ការរបស់ឈ្មោះតាគង់ ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ចំនួន១ដុំ ទម្ងន់៧គីឡូក្រាម
៨-ចំណុចខ្នារវាំង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឌី សិដ្ឋ ចំនួន១ដុំទម្ងន់២,៥០គីឡូក្រាម
៩-ចំណុចស្រែផុង ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ក្នុងស្រែរបស់ឈ្មោះ ឃីន តាប់ ចំនួន១ដុំ ទម្ងន់៨គីឡូក្រាម ៕

ចែករំលែកព័តមាននេះ