ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​កូន​ប្រុស​ឧកញ៉ា ឌួង ងៀប 2​នាក់​ពី​បទ​ប្រើ​​អំពើ​​ហិ.ង្សា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ កូន​ប្រុស​២នាក់​របស់​លោក​ឧក​ញ៉ា​ ឌួង ងៀប ដែល​កាច​សាហា.វ​ខ្វះ​សេចក្តី​ថ្លៃ​ថ្នូរ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​ និង​ត្រូវ​បញ្ជូនបន្ត​ទៅ​ដាក់​ពន្ធនា​គារ​ព្រៃ​ស​ ជា​បណ្តោះ​អាសន្ន​បាន​ម្នាក់​រង់​ចាំ​បើក​សវនា​ការ​នៅ​ថ្ងៃ​ណា​មួយ​​ ។ ចំណែក​ម្នាក់​ទៀត​បញ្ជូន​មក​សាលា​ដំបូង​នៅ​ព្រឹក​នេះ​ ។

​រាជធានីភ្នំពេញ ៖​ កូន​ប្រុស​២នាក់​របស់​លោក​ឧក​ញ៉ា​ ឌួង ងៀប ដែល​កាច​សាហាវ​ខ្វះ​សេចក្តី​ថ្លៃ​ថ្នូរ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​ និង​ត្រូវ​បញ្ជូនបន្ត​ទៅ​ដាក់​ពន្ធនា​គារ​ព្រៃ​ស​ ជា​បណ្តោះ​អាសន្ន​បាន​ម្នាក់​រង់​ចាំ​បើក​សវនា​ការ​នៅ​ថ្ងៃ​ណា​មួយ​​ ។ ចំណែក​ម្នាក់​ទៀត​បញ្ជូន​មក​សាលា​ដំបូង​នៅ​ព្រឹក​នេះ​ ។

ក្នុង​ចំណោម​បង​ប្អូន​២​នាក់​ ម្នាក់​ឈ្មោះ​ឌួង គឹម​ឡុង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅ​ផ្ទះ​លេខ​១៥​បេ​ ផ្លូវ​លេខ​១០៥​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​។ ចំណែក​ឈ្មោះ​ឌួង ឧត្តម​ឆវិន​ ហៅ​ឆាយ បាន​រត់​គេច​ខ្លួន​ តែ​សមត្ថ​កិច្ច​អះ​អាង​ថា​មាន​បទ​បញ្ជា​ និង​ដីកា​របស់​តុលា​ការ​ឱ្យ​តាម​ចាប់​ឈ្មោះ​ឌួង ឧត្តម​ឆវិន​ ហៅ​ឆាយ​ ឱ្យ​ខាង​តែ​បាន​ និង​ត្រូវ​ចាប់​បាន​នៅ​រសៀល​ថ្ងៃ​ទី​១៨ មេសា ។

រឿង​រ៉ាវ​បណ្តាល​ឱ្យ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ត្រូវ​កាច់​បំបាក់​ធ្មុង​កូន​អ្នក​មាន​ល្បី​ឈ្មោះ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​គឺ​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១ និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៤ មេសា​ មាន​ករណី​ទាស់​គ្នា​មួយ​រវាង​ភាគី​ម្ខាង​មាន​កាំ​ភ្លើង​ខ្លី​គឺ​ក្រុម​ឌួង ឆាយ និង​ភាគី​ម្ខាង​ទៀត​មាន​តែ​ដៃ​ទទេ​ បណ្តាល​ឱ្យ​មាន​របួស​ស្នាម​យ៉ាង​ធ្ងន់​ធ្ងរ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភោជនីយ​ដ្ឋាន​ហ្គេ​ឡាង​ឡា​រ៉ង់​៩​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន​ ។

ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ នៅ​ហាង​ហ្គេ​ឡាង​ឡា​រ៉ង់​៩​ មាន​ជម្លោះ​គ្នា​គឺ​ភាគី​ម្ខាង​ដែល​គេ​ស្គាល់​ច្បាស់​នោះ​ មាន​ឈ្មោះ​ឌួង ឧត្តម​ឆវិន ហៅ​ឆាយ​ និង​ប្អូន​ប្រុស​ឈ្មោះ​ឌួង គឹម​ឡុង​ ព្រម​ទាំង​អង្គ​រ័ក្ស​ និង​មិត្ត​ភក្តិ​សរុប​៧​ទៅ​៨​នាក់​។ រី​ឯ​ម្ខាង​ទៀត​មាន​ឈ្មោះ​មុំ​ ឌីណា​ ដែល​ជា​ជន​រង​គ្រោះ​ត្រូវ​បែក​ក្បាល​ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​សង្គ្រោះ​នៅ​ក្រៅ​ប្រទេស​ និង​មិត្ត​ភក្តិ​៣​ទៅ​៤​នាក់​ ។ ក្រុម​ទាំង​ពីរ​អង្គុយ​តុ​ផ្សេង​គ្នា​ ពេល​នោះ​ក្រុម​រង​គ្រោះ​បាន​អង្គុយ​ជជែក​គ្នា​លេង​ បន្តិច​ក្រោយ​មក​ពួក​គេ​បាន​ស្រែក​កុម្មង់​ម្ហូប​ដែល​មាន​សម្លេង​ឮ​ខ្លាំងៗ​ម្តង​ជា​ពីរ​ដង​ ។ ប្រហែល​ជា​ដោយ​សារ​គេ​ស្រែក​ខ្លាំងៗ​ស្រាប់​តែ​ឈ្មោះ​ឌួង ឧត្តម​ឆវិន​ បាន​ងើប​ពី​តុ​របស់​ខ្លួន​ដើរ​សំដៅ​ទៅ​រក​តុ​ឈ្មោះ​មុំ​ ឌីណា​ ហើយ​បាន​សួរ​ក្រុម​មុំ ឌីណា​ ថា​ «អាណា​ឡូ​ឡា» ជា​មួយ​នោះ​ដែរ​លោក​ឆាយ​បាន​ទះ​តុ​១ដៃ​ បណ្តាល​ឱ្យ​ជ្រុះ​កែវ​ និង​ចាន​ចង្កឹះ​ធ្លាក់​រាយ​ប៉ាយ​បែក​ខ្ចាយ​ភ្ញាក់​ផ្អើល​ពេញ​ហាង​ ។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា​ ពេល​ឃើញ​លោក​ឆាយ​បញ្ចេញ​កំហឹង​ខ្លាំង​ដូច្នោះ​ ក៏​មាន​ការ​ទាស់​ពាក្យ​សម្តី​គ្នា​រវាង​ក្រុម​ទាំង​ពីរ​ ។ ដោយ​លោក​ឌួង ឆាយ​ ធ្លាប់​តែ​ជា​ជើង​ខ្លាំង​ខាង​បង្ក្រាប​គេ​ បាន​ដក​កាំភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ​ ពណ៌ស​ វាយ​ក្បាល​លោក​មុំ​ ឌីណា​ ជា​ច្រើន​កន្លែង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ ព្រម​ទាំង​បញ្ជា​ឱ្យ​អង្គ​រក្ស​២នាក់​ចាប់​អូស​លោក​មុំ​ ឌីណា​ នាំ​ចេញ​ពី​ក្នុង​ហាង​បម្រុង​រុញ​ចូល​រថយន្ត​របស់​គេ​ ដោយ​មាន​ពាក្យ​សម្តី​គម្រាម​ថា​ យក​វា​ទៅ​សម្លាប់​ចោល​ ។ ពេល​នោះ​លោក​មុំ ឌីណា​ បាន​រើ​ប្រមះ​រួច​ ក៏​រត់​ចូល​ក្នុង​ហាង​វិញ​ និង​បាន​ទៅ​សំងំ​ក្នុង​បន្ទប់​ទឹក​ដោយ​ដាក់​គន្លឹះ​ពី​ក្នុង​ជាប់​ ដែល​ពេល​នោះ​ជា​សុវត្ថិ​ភាព​របស់​លោក​មុំ​ ឌីណា​ ។ ហេតុ​ការណ៍​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​រន្ធត់​ដល់​ភ្ញៀវ​តុ​ផ្សេង​ទៀត​មាន​ភាព​តក់​ស្លុត​គ្រប់​គ្នា​ ។ បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា​យ៉ាង​ព្រៃ​ផ្សៃ​រួច​មក​ លោក​ឌួង ឆាយ​ បាន​កែន​គ្នា​ឡើង​រថយ​ន្ត​ទៅ​កាន់​សណ្ឋា​គារ​មួយ​ស្ថិត​នៅ​ក្បែរ​សណ្ឋា​គារ​កាំបូឌីយ៉ា​ណា​ ដែល​ក្រុម​គេ​បាន​ជួល​ស្នាក់​នៅ​ទីនោះ​ ។ ដោយ​ឃើញ​ទង្វើ​ក្រុម​លោក​ឌួង ឆាយ​ រត់​ចោល​ហេតុ​ការណ៍​ និង​មិន​នៅ​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​លោក​មុំ ឌីណា​ ដែល​អះ​អាង​ថា​ ជា​ភាគី​ជន​រង​គ្រោះ​ បាន​ទាក់​ទង​ប្តឹង​ទៅ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​ជួយ​ចាត់​ការ​រឿង​នេះ​ ។​ ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ទាំង​យប់​ លោក​ឧត្តម​សេនីយ៍​ទោ យ៉ា គឹម​អុី​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍​ទោ  អ៊ុង ដារ៉ាវុធ អនុ​ប្រធាន​មន្ទីរ​ស្រាវ​​ជ្រាវ​យុតិ្ត​​ធម៌ ​ទទួល​​ការ​ងារ​ព្រហ្ម​ទណ្ឌ​នៃ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​​ បាន​ចុះ​ទៅ​សហការ​ជា​មួយ​​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​​ ដូនពេញ​ដោយ​​មាន​ការ​ដឹកនាំ​ពីសំណាក់​​លោក​​ ហៀង ​សុភ័ក្រ ព្រះរាជអាជ្ញា​​​រង​​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ។ ដោយ​មាន​កិច្ច​​​សហ​ប្រតិបត្តិ​​​ការ​តាម​ចាប់​​ខ្លួន​​​លោកឌួង ​ឆាយ ​និង​បក្ខ​ពួក​​ក្នុង​សណ្ឋា​គារ​​​នៅ​ពេល​​យប់​បែប​នេះ​ក្រុម​​សមត្ថ​កិច្ច​​បាន​ត្រៀម​​ចាំ​ខាង​​​ក្រៅ​​​ ។ លុះ​ដល់​​​ពេល​ទៀប​​ភ្លឺ​​​ ក្រុម​លោកឌួង ឆាយ បាន​រំ​ដោះ​គ្នា​ចេញ​​​​ បម្រុង​​​បំភាន់​​ភ្នែក​​​សមត្ថកិច្ច​​ដោយ​ឱ្យ​​​ឈ្មោះ​ឌួង ​គឹម​ឡុង ជា​ប្អូន​​បើក​រថយន្ត​​ខ្លួន​ម៉ាក​​​មែរសឺដេស​៥៥០ ពណ៌​ស អត់​មាន​​ពាក់​ស្លាក​លេខ​​ចេញ​មុន។ បន្ទាប់​​មក​​​​ប្រពន្ធ​​លោកឌួង ឆាយ​ បើក​រថយន្ត​​ពី​ក្រោយ​​ម៉ាក​អិុន​ភីនីធី ​គុយ​អិុច​​៥៦ ពណ៌​​​​ខ្មៅ លាយ​លឿង​ ។ ​តែ​រថយន្ត​​ទាំង​ពីរ​គ្រឿង​​នេះ​ត្រូវ​បាន​​​​សមត្ថកិច្ច​​របស់​​លោក​អ៊ុង ដារ៉ាវុធ ​​បាន​ឃាត់​នៅ​ជិត​មន្ទីរ​​រដ្ឋ​សភា​​ថ្មី​​​​​​ ហើយ​បាន​​​នាំ​​​ទាំង​រថយន្ត​​​​និង​មនុស្ស​​ទៅ​កាន់​ទី​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ ។​ ពេល​​​នាំ​ខ្លួន​​ឈ្មោះ ឌួង ​គឹម​ឡុង​ និង​ភរិយា​​​លោក ឌួង ​ឆាយ ​ទៅដល់​​ទី​បញ្ជា​ការ​ សមត្ថ​កិច្ច​​​បាន​ឆែក​​​ឆេរ​​​ក្នុង​រថយន្ត​​​របស់​​ពួក​គេ​​ រក​ឃើញ​​​មានកាំ​ភ្លើង​វែង​​​អាកា​​ស្វាយ​​​បត់​១​​ដើម ​កាំ​ភ្លើង​ខ្លី​​ម៉ាក​​រ៉ូឡូ​១ដើម ​គ្រាប់​​១៨​​ ដែល​​​​ជា​អាវុធ​​​គ្មាន​​ច្បាប់​​អនុញ្ញាត​​​អ្វី​ទាំង​អស់​ ។ បន្ទាប់​មក​ប្រពន្ធ​​លោក ឌួង​​ ឆាយ​ ​ត្រូវ​​​ឱ្យ​​វិល​ទៅ​ផ្ទះ​​​ព្រោះ​​​មិន​ពាក់ព័ន្ធ​ គឺ​បាន​ឃាត់​ខ្លួន​លោក​ឌួង គឹម​ឡុង ​។ ចំណែក​​​លោក ឌួង ឆាយ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​ខណៈ​​ពេល​នោះ​បាន​​លប​ចេញ​តាម​​ផ្លូវ​​ក្រោយ​ដោយ​មាន​មនុស្ស​នៅ​ចាំរំដោះ ។

បើ​​ទោះ​បី​ជា​យ៉ាង​ណា​លោក ឌួង​ ​ឆាយ ត្រូវ​មាន​ប្រតិកម្ម​​ពី​ថ្នាក់​​​លើ​ ឱ្យ​តាម​​​ចាប់​ខាង​តែ​បាន​ មិន​តែ​ប៉ុណ្ណោះ​ច្រក​ទ្វារ​ទាំង​ឡាយ​​ទាំង​អន្តរជាតិ​ ទាំង​ច្រក​របៀង​ត្រូវ​ចាំ​ស្ទាក់​​ចាប់ ​បើ​ច្រក​ណា​ធ្វេស​ប្រហែស​ឱ្យ​​​លោក​ឌួង ឆាយ ​ចេញ​ទៅ​ស្រុកក្រៅ​​​បាន​និងមានបញ្ហា ។ ​

​លោកឌួង ​​ឧត្តម​ឆវិន​ ហៅឆាយ ​និងប្អូន​ប្រុស ឌួង គឹមឡុង ​នៅថ្ងៃទី​​១៧ មេសា ​ត្រូ​វ​បាន​តំណាង​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​​ជា​​ផ្លូវ​ការ​​ហើយ​ មាន​ចំនួន​​៣បទ​ល្មើស​​​

១-​ហិង្សា​ដោយ​ចេតនា​មានស្ថាន​ទម្ងន់​ទោស​​ ​
២- ​ប្រើ​ប្រាស់​អាវុធ​​ដោយ​គ្មានការ​​អនុញ្ញាត​​​​
និង​​៣-​​ធ្វើ​ឱ្យ​ខូច​ខាត​​ដោយ​ចេតនា​​ទេ​លើ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​​ ។ ​​

ក្រោយ​ពី​តំណាង​អយ្យការ​​ធ្វើការ​ចោទ​ប្រកាន់​ជាផ្លូវការ​​​ សំណុំ​រឿង​​បាន​ធ្លាក់​ដល់​ដៃ​​​លោក​ជា​​ សុខ​ហៀង ចៅក្រម​​ស៊ើប​សួរ​​​ ។ បន្ទាប់​ពី​​សាក​សួរ​​ជន​ជាប់​ចោទ​ឈ្មោះ​ឌួង គឹម​ឡុង ចប់​​មក​ លោក​ចៅក្រម​សម្រេច​ចេញ​ដីកា​​ឱ្យឃុំ​ខ្លួន​​ដាក់ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​​ ។

ចំណែក​នៅ​រសៀល​ថ្ងៃទី​​១៨ មេសា នេះ​ដែរ​​មាន​ប្រភពព័ត៌​មាន​​​ថា លោក​ឧកញ៉ា ឌួង ងៀប ដែល​ជា​​ឪពុក​​បាន​នាំ​ខ្លួន​លោក​ឌួង ឧត្តម​ឆវិន ហៅឆាយ​ ដែល​ត្រូវ​ជា​កូន​ និង​ដែល​សមត្ថ​កិច្ច​កំពុង​ស្វែង​រក​ចាប់​នោះ​ ម​កប្រគល់​ខ្លួន​ឱ្យ​នគរ​បាល​រាជ​ធានី​​ដើម្បី​ចាត់ការ​​តាម​ផ្លូ​វ​ច្បាប់​ ។

គួរបញ្ជាក់​ផង​ដែរ​ថា ​លោក​ឌួង ឆាយ​ កូន​ប្រុស​លោក​ឧកញ៉ា​ឌួង ងៀប​ ​មាន​ឈ្មោះបោះ​សំឡេង​​ខាង​បាញ់​​បោះ​សេរី​​​នៅ​ពេល​យប់​​​ក្នុង​រាជ​ធានី​ ដែល​ការ​បាញ់​​បោះ​ពី​សំណាក់​​​​លោក​ឌួង ឆាយ ​មិន​មាន​សមត្ថកិច្ច​ណាហ៊ាន​​ប៉ះពាល់​ទេ ​ព្រោះហាក់​ដូច​ជា​ខ្លាច​អំណាច​នរ​ណា​ម្នាក់​ ប៉ុន្តែ​ពេលនេះ​​លោក​ឪពុក​លែង​គាំ​ទ្រ​​​ហើយ​ ថែម​ទាំង​​​បានសហការ​ជាមួយ​​​សមត្ថ​កិច្ច​​នាំ​​កូន​មក​ប្រគល់​ឱ្យ​ច្បាប់​វិនិច្ច័យ​ទោស​​ថែម​ទៀតដែល​បញ្ជាក់​ថា​ ពេល​នេះ​លោក​ឪពុក​ប្រគល់​កូន​ឱ្យ​ច្បាប់​ប្រដៅ​វិញ​ហើយ​ ។

ព័ត៌​​មាន​ពី​សា​លា​ដំ​បូង​រាជ​ធានី​ឱ្យ​ដឹង​ថា​ នគរ​បាល​រាជ​ធានី​មាន​បំណង​បញ្ជូន​លោក​ឌួង​ ឧត្ដមឆវិន​ ហៅ​ឆាយ​ មក​សា​លា​ដំ​បូង​នៅ​យប់​ថ្ងៃ​ទី​​១៨ មេសា​ ដើម្បី​ជូនអយ្យការ​ចាត់​ការ​តាម​ច្បាប់​ ។​ ប៉ុន្ដែ​ដោយ​សារ​ជ្រុល​ម៉ោង​ទៅ​ហើយ​ មិន​អាច​បន្ដ​ទ​ទួល​យក​មក​ចាត់​ការ​បាន​ ទើប​សា​លា​ដំបូង​ផ្ញើ​លោក​ឆាយ​ ទុក​ឱ្យ​ដេក​នៅ​ជាមួយ​នគរ​បាល​រាជ​ធានី​មួយ​យប់​សិន​ ហើយ​ត្រូវ​បញ្ជូន​មក​សា​លា​ដំបូង​ព្រឹក​នេះ​ ។​ ចំណែក​លោក​ប្អូន​ប្រុស​ឈ្មោះ​ ឌួង​ គឹម​ឡុង​ បាន​បញ្ជូន​ទៅ​ទុក​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​រួច​ហើយ​ នា​រសៀល​ថ្ងៃ​ទី​១៨ មេ​សា​ ៕​