តើលោកអ្នកគួររៀបចំអាសនៈព្រះនៅក្នុងផ្ទះយ៉ាងម៉េចដើម្បីឱ្យបានសុខចម្រើន រកស៊ីមានបាន និងត្រូវតាមក្បួនហុងស៊ុយ ?

អាសនៈតម្កល់ពុទ្ធរូបចាត់ថាជាវត្ថុស័ក្តិសិទ្ធិ ជាទីសក្ការៈដ៏អស្ចារ្យមួយដែលម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់សម្អាតថែទាំឱ្យបានល្អជានិច្ច ពិសេសរាល់ការរៀបចំអាសនៈយើងត្រូវមើលទីតាំងឱ្យបានសមរម្យ ជាទីសក្ការបូជា ពុំមែនចេះតែរៀបតាមចិត្តនឹកឃើញនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់លាភសំណាង សុភមង្គល អត់ហុងស៊ុយរបស់អ្នកនៅក្នុងផ្ទះ មិននាំលាភសំណាង និងមិននាំហេងហេងចូលផ្ទះ។

អាសនៈព្រះ ដែលរៀបចំនៅចំទីតាំងល្អ ទីតាំងសមរម្យជាហេតុនាំមកនូវសិរីសួស្តី មង្គលដល់អ្នកនៅក្នុងផ្ទះ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន ជាពិសេសកុំផ្លាស់ប្តូរអាសនៈព្រះ ញឹកញាប់ពេក ធ្វើឱ្យប៉ះពាល់ដល់ការរឹងមាំនៃសេចក្តីសុខរបស់ក្រុមគ្រួសារ ការងារមិននឹងនរ ។

ថែទាំអាសនៈតម្កល់ព្រះឱ្យបានស្អាតជានិច្ចៈ អាសនៈព្រះបូជាទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ គួរថែរក្សាឱ្យបានស្អាតជានិច្ច ឧស្សាហ៍ជូតសម្អាតផ្លាស់ប្តូរផ្កាស្រស់ៗ ឧស្សាហ៍ផ្លាស់ប្តូរទឹក ដាក់ក្នុងកែវតូចៗចំនួន៥ និងឧស្សាហ៏អុជទៀនធូបបូជា។ បើកាលណាអាសនៈព្រះស្អាត នឹងនាំមកនូវលាភសំណាងដ៏ខ្លាំងក្លា ហៅជោគលាភ និងនាំសុខចម្រើនចូលមកក្នុងផ្ទះរាល់ថ្ងៃ ។
មិនត្រូវរៀបអាសនៈព្រះនៅក្នុងបន្ទប់ដេកទេៈ ការរៀបចំអាសនៈព្រះនៅក្នុងបន្ទប់ដេក ជាទង្វើពុំគប្បីសោះឡើយ នឹងធ្វើឱ្យគូស្វាមី ភរិយាត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ មានតែរឿងទាស់ទែងខ្វែងគំនិតគ្នាមិនចេះចប់ មិនចេះហើយ។ ម្យ៉ាងទៀត ថែមទាំងធ្វើឱ្យមានផលប៉ះពាល់ដល់មុខតំណែងការងារ ទាំងមុខរបរក៏ធ្វើឱ្យមិនរីកចម្រើន ។

តាមទស្សនៈរបស់ខ្ញុំ បើយើងរៀបចំអាសនៈព្រះ ឬអាសនៈវត្ថុស័ក្តិសិទ្ធិ ឬក៏ជាហ៊ឹងនៅក្នុងផ្ទះដែលជាជំនឿរបស់យើង គួររៀបចំឱ្យបានសមរម្យបំផុត រួមនឹងត្រណមត្រឹមត្រូវផង តែបើយើងមិនរៀបអាសនៈទេ ពោលគឺមិនរវល់ មិនឱ្យមានអាសនៈតូចធំណាមួយនៅក្នុងផ្ទះក៏មិនខុសឆ្គងអ្វីដែរ ។
ចែករំលែកព័តមាននេះ