ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន សុវណ្ណ​ឆៃ និយាយ​ពី​ជីវិត​សិល្បៈរបស់​នាង​ បើ​គ្មាន​លោក​អ៊ុំ ដ​រ៉ា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តន្ត្រីករ​វី​យូ​ឡុ​ង​លោក អ៊ុំ ដ​រ៉ា មាន​ប្រវត្តិ​ច្រើន​ក្នុង​ការ​ជួយ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ឲ្យ​ក្លាយជា​តារា​ជោគជ័យ​ម្នាក់​មក​ទល់​នឹង​ពេល​នេះ ។ ដោយសារ​បែប​នេះ​ហើយ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ…

រាជធានី​ភ្នំពេញ​៖ តន្ត្រីករ​វី​យូ​ឡុ​ង​លោក អ៊ុំ ដ​រ៉ា មាន​ប្រវត្តិ​ច្រើន​ក្នុង​ការ​ជួយ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ឲ្យ​ក្លាយជា​តារា​ជោគជ័យ​ម្នាក់​មក​ទល់​នឹង​ពេល​នេះ ។ ដោយសារ​បែប​នេះ​ហើយ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ មិន​ភ្លេចគុណ​លោក​អ៊ុំ ដ​រ៉ា ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ​វ បាន​យក​ប្រាក់​ទៅ​ប្រគល់​ជូន​ដល់​លោក​អ៊ុំ ដ​រ៉ា ដល់​កន្លែង​ព្យាបាល​ឆ្អឹង​នៅ​ក្រុង​តា​ខ្មៅ ។ គ្រានោះ​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ និយាយ​ថា​«​បើ​គ្មាន​លោក​អ៊ុំ ដ​រ៉ា ទេ​នាង​ខ្ញុំ​ប្រហែលជា​គ្មាន​សំណាង​បាន​ក្លាយជា​តារា​ចម្រៀង​មក​ទល់​ពេល​នេះ​ឡើយ ដោយសារ​តែ​ក្នុង​ពេល​នោះ នាង​ខ្ញុំ​គ្រាន់តែ​ជាតា​រា​មួយ​រូប​ដែល​គ្មាន​ខ្នងបង្អែក​។ ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ នាង​ខ្ញុំ​បាន​ឡើង​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ ហើយ​ប្រលង​ក្នុង​កម្មវិធី​មួយ​នៅ​ប៉ុស្ដិ៍​លេខ​៥ តែ​ដោយសារ​តែ​លោក​អ៊ុំ ដ​រ៉ា ជា​តន្ត្រីករ​ផ្នែក​វី​យូ​ឡុ​ង ស្រឡាញ់​ពេញចិត្ត ក៏​ជ្រើស​ឲ្យ​ចូល​ច្រៀង​ក្នុង​ក្រុម​ក្រុម​យោធា​ភិ​រម្យ ដែល​ក្នុង​ពេល​នោះ​ទទួល​បាន​ប្រាក់ខែ​ក្នុង​មួយ​ខែ​ប៉ុន្មាន​ម៉ឺន​រៀល និង​អង្ករ​២០​គីឡូ។

ខ្ញុំ​បាន​ទទួល​ការ​បង្ហាត់បង្ហាញ ពី​សិល្បករ​ជើង​ចាស់​រូប​នេះ​យ៉ាងច្រើន ទាំង​ការ​បង្រៀន​ច្រៀង និង​ជួយ​ឲ្យ​មាន​ហាង​ច្រៀង​បន្ថែម ដើម្បី​ឲ្យ​នាង​ខ្ញុំ​អាច​ឈរជើង​បាន​នៅ​រាជធានី​ភ្នំពេញ​។ អ្វី​ដែល​ខ្ញុំ​នាង​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច គឺ​លោក​អ៊ុំ ដ​រ៉ា បាន​អង្វរ​ឲ្យ​ក្រុម​តន្ត្រី​ដំឡើង​អង្ករ​​ឲ្យ​នាង​ខ្ញុំ​បាន​មួយ​ខែ​ដល់​មួយ​បាវ និង​បន្ថែម​ប្រាក់ខែ ដើម្បី​ឲ្យ​នាង​ខ្ញុំ​អាច​បន្ត​រស់​នៅ​ភ្នំពេញ​បាន ក្នុង​ពេល​នាង​ខ្ញុំ​ពិបាក​ខ្លាំង ហើយ​គិត​ចង់ទៅ​រស់នៅ​ខេត្តបន្ទាយ​មាន​ជ័យ​វិញ »​។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ រំលឹក​ទៀត​ថា លោក​អ៊ុំ ដា​រ៉ា បាន​និពន្ធ​បទ​ថ្មី​ឲ្យ​នាង​៣​បទ ដើម្បី​បាន​ច្រៀង​ជា​បទ​ចម្រៀង​ផ្ទាល់ខ្លួន ។ ក្រោយ​ពេល​ថត​ចប់​បទ​ចម្រៀង​ទាំងនោះ​មិន​បាន​ចេញ​លក់ ហើយ​មិនដឹង​ថា​តើ លោក​អ៊ុំ ដ​រ៉ា រក្សា​ទុក ឬ​បាត់បង់​ទៅ​ហើយ​ទេ ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ អំពាវនាវ​ដល់​អ្នកសិល្បៈ​ផ្សេង​ទៀត​ដែល​ធ្លាប់​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ពី​លោក​អ៊ុំ ដ​រ៉ា គួរ​យកចិត្តទុកដាក់​ចំពោះ​គាត់​ផង ។ អ្នក​នាង​សុវណ្ណ​ឆៃ ថា​លោក អ៊ុំ ដ​រ៉ា មានគុណ​ច្រើន​ណាស់​ដល់​តារាចម្រៀង​មួយ​ចំនួន ក្នុង​ពេល​ដែល​លោក​​នៅ​ប្រកប​អាជីព​ជា​តន្ត្រីករ ជា​អ្នកនិពន្ធ និង​ជា​អ្នក​បង្ហាត់​សិស្ស​។

កញ្ញា​សម ថា​រ័​ត្ន កូនស្រី​ពៅ​របស់​លោក​អ៊ុំ ដ​រ៉ា ជា​កីឡាការិនី​ផ្នែក​ល្បុកត្តោ បាន​ថ្លែង​បញ្ជាក់​ថា​ ឳ​ពុក​របស់​នាង​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល​ឆ្អឹង​ជាមួយ​គ្រូខ្មែរ​ប្រមាណ​ជិត​មួយ​ខែ​មក​ហើយ បន្ទាប់​ពី​គាត់​បាក់ឆ្អឹង​ក្រោយ​ពេល​គ្រោះថ្នាក់ ហើយ​គ្រួសារ​មិន​មាន​លទ្ធ​ភាព​វះកាត់ ។ ពេល​នេះ​បើ​ទោះជា​វះកាត់​ក៏​ហួសពេល​ដែរ ។ ឳ​ពុក​នាង​ពិការ​មួយរ​យៈ​មក​ហើយ ចំណែក​ផ្នែក​ស្មារតី​ក៏​ចាំ​ខ្លះ​ភ្លេច​ខ្លះ មិនសូវ​ដូច​មុន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ