មិនដែលដឹងសោះ អេ​ន​ចេ​លី​ណា ជោ​លី ធ្លាប់ស្រលាញ់ស្រីដូចគ្នា


តារា​សម្តែង និង​ជា​ផលិតករ​អា​មេ​រិ​ក​អ្នក​នាង ​អេ​ន​ចេ​លី​ណា ជោ​លី ធ្លាប់​ឆ្អែត​ចិត្តនឹង​ប្រុស​ព្រាន​មិន​តិច​ដង​ទេរ​ហូត​ដល់​ធ្វើ​ឱ្យ​នាង​ប្រុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ដូច​គ្នា​ទៀត​ផង ។

តារា​ល្បី​វ័យ​៤៣​ឆ្នាំ​នាង​ ជោ​លី ដែល​បាន​រៀប​ការ​ប្តី​៣​ដង និង​លែងលះ​គ្នា​វិញ​ធ្លាប់​បោះពាក្យ​ថា​៖ «​បើ​នាង​ខ្ញុំ​មិន​ទាន់​រៀប​ការ​ជាមួយ Jonny Lee Miller (​ស្វាមី​ទី​១) នោះ​ទេ ខ្ញុំ​នឹង​រៀប​ការ​ជាមួយ​នឹង​តារា​ស្រី​ជនជាតិ​ជប៉ុន Jenny Shimizu បាត់​ទៅ​ហើយ​» ។

បើ​ងាក​ទៅ​មើល​ប្រវត្តិ​ស្នេហា​របស់​ផលិតករ​ភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​រឿង «​មុន​ដំបូង​ពួក​គេ​សម្លាប់​ឪពុក​ខ្ញុំ​» ពិតជា​ជូរ​ចត់​ណាស់ ពោលនាង​ស្គាល់​រស​ស្នេហ៍​ដំបូង​នៅ​វ័យ​១៤​ឆ្នាំ​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ទាំងថ្ងៃទាំងយប់ ។

រងើកភ្លើង​ស្នេហ៍​យុវវ័យ​មួយគូ​នេះ​ឆាបឆេះ​បាន​ពីរ​ឆ្នាំ​រហូត​ដល់​ជោ​លី ចាប់​អាជីព​សម្តែង​នៅ​វ័យ​១៦​ឆ្នាំ​ក្នុង​រឿង «Hackers» (1995) ក៏​បាន​ទាក់ទង​តួ​ប្រុស​អង់គ្លេស Jonny Lee Miller អំឡុង​ពេល​ថត​រឿង​នោះ ។ ក្រោយមក​ពួក​គេ​ផ្អាក​ទាក់ទង​គ្នា​អស់​រយៈពេល​ច្រើន​ខែ​បន្ទាប់​ពី​រឿង​ថត​ចប់ តែ​ក្រោយមក​បាន​ផ្សះផ្សា​វិញ ព្រមទាំង​កាន់​ដៃ​គ្នា​ចូល​ស្បថស្បែ​នៅ​ព្រះ​វិហារ​នៅ​ឆ្នាំ​១៩៩៦ តែ​នៅ​៣​ឆ្នាំ​ក្រោយ​ពួក​គេ​ចែកផ្លូវ​គ្នា ។

ក្រោយមក​អេ​ន​ចេ​លី​ណា ជោ​លី បាន​រៀប​ការ​ជាមួយ Billy Bom Thornton បន្ទាប់​ពី​សម្តែង​រួម​គ្នា​ក្នុង​រឿង «Pushing Tin» (1999)​ ។ រឿង​មួយ​ស្មាន​មិន​ដល់ Thornton លួច​ទាក់ទង​ជាមួយ​តារា​ស្រី Laura Dern ស្រប​ពេល​ជោ​លី ក៏​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តួ​ប្រុស Timothy Hutton ដែរ ។ ល្បែង​ស្នេហ៍​រញ៉េរញ៉ៃ​របស់​ពួក​គេ​បាន​ចប់​នៅ​ឆ្នាំ​២០០៣ ដែល​ជោ​លី បាន​ហៅ​អា​ពា​ហ៌​ពិ​ពា​ហ៌​នេះ​ថា​ជា​រឿង​ឆ្កួត​លេលា​បំផុត ។

នៅ​ឆ្នាំ​២០០៥​ អេ​ន​ចេ​លី​ណា ជោ​លី បាន​ធ្វើ​ឱ្យ​ពិភព​សិល្បៈ​ហូ​លី​វូ​ដ​កក្រើក​ដោយ​ពាក់ព័ន្ធ​នឹង​រឿង​បំបែក​ចំណង​ស្មេ​ហ៍​ប្តី​-​ប្រពន្ធ Brad Pitt និង Jennifer Aniston ឱ្យ​ប្រេះឆា ។ ជោ​លី​បាន​លង់​ស្នេហ៍​ប្រេ​ដ ភី​ត​( Brad Pitt) អំឡុង​ថត​រឿង Mr. & Mrs. Smith (2005) តែ​នាង​បាន​លាក់បាំង​ពី​ភ្នែក​មហាជន ដោយ​លើក​ឡើង​ថា «​ខ្ញុំ​មិន​អាច​បំភ្លេច​រឿង​ដែល​ឪពុក​របស់ខ្ញុំ ក្បត់​ម្តាយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​នឹង​មិន​ហ៊ាន​ឆ្លុះកញ្ចក់​មើល​មុខ​ខ្លួនឯង​ឡើយ បើសិនជា​លូក​ថ្លើម​ប្រពន្ធ​របស់ Brad Pitt ដូច្នេះ​» ។

យ៉ាងណាមិញ​នៅ​ឆ្នាំ ២០០៦ ក៏​ធ្លាយ​រឿង​ថា ជោ​លី​បាន​ពពោះ​កូន​របស់ Brad Pitt ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ប្រកែក​នឹង​ព័ត៌មាន​នេះ​បាន​ទើប​សម្រេចចិត្ត​កាន់​ដៃ​គ្នា​បង្កើត​គ្រួសារ​មួយ ។ ប្រើ​ពេល​ជាង​១​ទសវត្សរ៍​ជោ​លី និង​ប្រេត ភី​ដ បាន​សាង​ដំបូល​គ្រួសារ​កក់ក្តៅ​មួយ​ដែល​មាន​សមាជិក​៨​នាក់ ហើយ​ពួក​គេ​ក៏​សម្រេចចិត្ត​រៀប​ការ​នៅ​ឆ្នាំ​២០១៤ នៅ​ឯ​ភូមិ​គ្រឹះ​ស្កឹមស្កៃ​មួយ​ក្នុង​ប្រទេស​បារាំង តែ​២​ឆ្នាំ​ក្រោយមក​បាន​ចែកផ្លូវ​គ្នា ។

ពេល​នៅ​ជាមួយ ​ប្រេ​ដ ភី​ត បាន​ចំណងដៃ​កូន​បី​រួម​មាន​កូនស្រី Shiloh Nouvel (2006) អាយុ​១២​ឆ្នាំ និង​កូនភ្លោះ​ប្រុស​-​ស្រី Knox Léon និង Vivienne Marcheline (2008) ។ ពួក​គេ​មានកូន​ចិញ្ចឹម​៣ នាក់​ទៀត​គឺ ​ម៉ា​ដុក ដើម​កំណើត​ខ្មែរ​(២០០១) Pax Thine (2003) និង Zahara Maley (2005) ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ