រាជធានីភ្នំពេញ ៖ លោកអៀង ស៊ីធុល គឺជាសិល្បករបុរាណយ៉ាងចំណានតាំងពីឆ្នាំ១៩៧៥មក ។ បច្ចុប្បន្ននេះលោកគឺជាព្រឹទ្ធាចារ្យសិល្បៈនៅសមាគមសិល្បៈខ្មែរអមតៈ និងជាអ្នកបង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយទាំងផ្នែកចម្រៀង តន្ត្រី និងរបាំ ។ តើមុនក្លាយជាអ្នកមានជំនាញសិល្បៈបុរាណគួរឱ្យសរសើរនេះ លោកអៀង ស៊ីធុល មានប្រវត្តិខិតខំហាត់រៀនយ៉ាងណាខ្លះ?
លោកអៀង ស៊ីធុល កាលពីពេលថ្មីៗនេះបានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា លោកមានស្រុកកំណើតនៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កើតនៅថ្ងៃទី១៧ កក្កដា ឆ្នាំ១៩៥៧ គិតមកដល់បច្ចុប្បន្ននេះមានអាយុ ៥៨ឆ្នាំហើយ ។ ចំណែកឯភរិយារបស់លោកឈ្មោះស្រី ពេជ្រគន្ធារី ជាសិល្បការិនីនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចលោកដែរ ។ លោកស៊ីធុល មានកូនចំនួន៤នាក់ ក្នុងនោះប្រុស២នាក់ ។
កាលនៅកុមារភាពផ្ទះរបស់លោកអៀង ស៊ីធុល មានក្រុមតន្ត្រីបុរាណមួយរបស់ជីតាលោក ។ ជីតារបស់លោកគឺជាគ្រូភ្លេងអារក្ស ដូច្នេះនៅពេលជីតារបស់លោកជួបជុំគ្នាធ្វើពិធីលៀងអារក្ស ក្រុមជីតារបស់លោកមានច្រៀង មានហូបចុក និងមានសែនព្រេនជាដើម ។ នៅក្នុងអំឡុងពេលនោះលោកស៊ីធុល មានអាយុប្រហែល ៦ទៅ៧ឆ្នាំ ហើយតែងតែយកតម្រាប់តាមជីតារបស់លោក ។ លោកចេះកូតទ្រ និងចេះផ្លុំប៉ី តែមិនពីរោះដូចជាអ្នកជំនាញ្ទេ គ្រាន់តែអាចស្ដាប់បានប៉ុណ្ណោះ ។
រហូតដល់ឆ្នាំ១៩៦០ ល្ខោនបាសាក់ និងយីកេ មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសយើង ។ នៅតាមពិធីបុណ្យផ្សេងៗ ឱ្យតែមានការសម្ដែងល្ខោនបាសាក់ និងយីកេ លោកតែងតែបបួលមិត្តភក្តិទៅមើល ហើយនៅពេលមកផ្ទះវិញ លោកនាំគ្នាសម្តែងតាមគេ ដោយមានស្លៀកពាក់ ចងក្រមា យកម្សៅ និងធ្យូងគូរមុខដើម្បីឱ្យដូចជាតួល្ខោន ។ លើសពីនេះទៅទៀត នៅពេលទៅសាលា ឱ្យតែមានកម្មវិធីប្រលងច្រៀង និងរាំ គឺតែងតែមានមុខរបស់លោកជានិច្ច ។
ក្នុងឆ្នាំ១៩៧០ ឪពុកម្ដាយរបស់លោកអៀង ស៊ីធុល បានបញ្ជូនរូបលោកទៅសិក្សានៅវិទ្យាល័យកំពង់ស្ពឺ ។ លោកទៅរៀនបានតែមួយឆ្នាំ ក៏មានបាតុកម្មកើតឡើង ហើយបងប្រុសរបស់លោកបានបញ្ជូនរូបលោកទៅភ្នំពេញ ស្នាក់នៅជាមួយលោកគ្រូម៉េង ហ៊ុន លោកយាយសង្វា ពេជ្រ ។ ដោយសារតែលោកគ្រូម៉េង ហ៊ុន គឺជាអ្នកភ្លេងបុរាណ លោកក៏បានរៀនភ្លេងដែរ ។ ក្រោយមកលោកអៀង ស៊ីធុល បានចុះឈ្មោះចូលរៀននៅសាលាវិចិត្រសិល្បៈ ក្នុងឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៤ ឈានចូលឆ្នាំ១៩៧៥ ដោយលោកចាប់យកជំនាញផ្នែកល្ខោន ច្រៀង ហើយពេលទំនេរលោករៀនផ្នែកតន្ដ្រីជាមួយជីតារបស់លោក ។
នៅក្នុងសម័យនោះស្រុករបស់យើងកំពុងមានសង្គ្រាម។ នៅក្នុងពេលនោះដែរ លោកស៊ីធុល បានចាប់យកជំនាញល្ខោនបាសាក់ ល្ខោនយីកេ ហើយធ្លាប់សម្តែងនៅតាមកម្មវិធីបុណ្យផ្សេងៗ ទាំងនៅក្នុងក្រុង និងនៅតាមបណ្ដាខេត្តនានា និងនៅតាមមហោស្រពសិល្បៈ។ នៅក្នុងសម័យនោះលោកអៀង ស៊ីធុលសម្តែងបានជាច្រើនរឿងដូចជារឿងព្រះវេស្សន្តរ កោះចំប៉ីស សុភាទន្សាយ ជីវិតមាតុភូមិ និងរឿងដាវសុភមង្គលជាដើម ។
នៅឆ្នាំ១៩៧៥ ក្រុមរបស់លោកអៀង ស៊ីធុល បានបែកគ្នា ហើយលោកបានត្រឡប់ទៅស្រុកកំណើតវិញ ដោយយកទ្រទៅតាមខ្លួន។ នៅតាមផ្លូវពួកអង្គការ បានដកហូតយកទ្ររបស់លោក ធ្វើឱ្យលោកសោកស្តាយយ៉ាងខ្លាំងព្រោះលោកគិតថា ឧបករណ៍តន្ត្រីគឺជាអាយុជីវិតរបស់អ្នកសិល្បៈ ។ នៅពេលលោកអៀង ស៊ីធុល ទៅដល់មូលដ្ឋាននៅក្នុងសម័យប៉ុលពត គេឱ្យលោកធ្វើការងារច្រើនខុសពីជំនាញរបស់លោក ក្នុងនោះមានលោកគ្រូអ្នកគ្រូ និងសិល្បករប្រហែលជា ២០ទៅ៣០នាក់ទៀត ។ ដោយសេចក្តីស្រឡាញ់ ក្រុមរបស់លោក តែងតែលួចរកឱកាសដើម្បីហាត់រៀនបន្ថែមនៅពេលយប់ គឺនៅក្នុងចម្ការស្ងាត់ ដោយនាំគ្នាហាត់ក្បាច់ផ្សេងៗ ដែលជាក្បាច់របាំនិងល្ខោនបាសាក់ជាដើម ។ ការហាត់រៀនដោយលួចលាក់បែបនេះបានតែ១ខែប៉ុណ្ណោះ ពួកអង្គការបានបំបែកក្រុមរបស់លោកឱ្យនៅផ្សេងៗពីគ្នា ហើយរូបលោកបានទៅរស់នៅក្នុងមូលដ្ឋានជាមួយឪពុកម្ដាយរបស់លោក។
លោកអៀង ស៊ីធុល រំលឹកថា មានថ្ងៃមួយពួកអង្គការបានហៅលោកទៅសួរថា «មិត្តឯងនៅភ្នំពេញរៀនខាងអី?» ។ លោកបានឆ្លើយថា លោករៀនខាងភ្លេង ដូច្នេះហើយពួកអង្គការឱ្យលោកទៅច្រៀងនៅក្នុង«ថ្ងៃទី១៧ មេសា» ដើម្បីឱ្យប្រជាជនស្តាប់ ។ លោកច្រៀងនៅភូមិព្រៃងៀត ស្រុកគងពិសីរយៈពេលបីថ្ងៃ ។ ក្នុងថ្ងៃទី១និងទី២លោកទទួលបានជោគជ័យខ្លាំងណាស់ តែថ្ងៃទី៣គេឈប់ឱ្យលោកសម្ដែង ។ មួយខែក្រោយមក ពួកអង្គការបានចាប់លោកដាក់គុកអស់រយៈពេល៣ខែ ដោយលើកហេតុផលថា ចម្រៀងក៏ដូចជារបាំដែលពួកលោកសម្តែង ធ្វើឱ្យប្រជាជនទន់ជ្រាយ មានអារម្មណ៍មិនស្នេហាជាតិ ។
បីខែក្រោយមក ជារដូវដកស្ទូង និងធ្វើចម្ការ អង្គការបានបញ្ជូនលោកអៀង ស៊ីធុល ទៅធ្វើចម្ការអស់រយៈពេលបីខែ ទើបឱ្យចូលកងវិញ ។ ចាប់តាំងពីពេលនោះមក លោកមិនមានឱកាសសម្ដែងសិល្បៈទៀតទេ តែហេតុតែទឹកចិត្តស្រឡាញ់ឧបករណ៍តន្ត្រីបុរាណ លោកបានយកខ្លុយមួយ និងទ្រមួយនៅជាប់ខ្លួនជានិច្ច ។ ជួនកាលមិត្តភក្តិក៏ដូចជាពួកអង្គការបានប្រើឱ្យលោកច្រៀងបទបដិវត្តន៍ ផ្លុំខ្លុយ និងកូតទ្រឱ្យពួកគេស្តាប់ ខណៈសម្រាកពីការងារប្រហែលជា៥នាទី ។
លោកអៀង ស៊ីធុល បញ្ជាក់ថាកាលពីសម័យនោះជីវិតលោករស់បានដោយសារតែសិល្បៈ និងឧបករណ៍តន្ត្រីបុរាណខ្មែរ ព្រោះមានតែសិល្បៈនេះហើយដែលអាចបំពេអារម្មណ៍ និងបន្ទន់ចិត្តពួកគេឱ្យស្ដាប់បាន ។ រហូតដល់ថ្ងៃទី៧ មករា ១៩៧៩ ពួកប៉ុលពតបានកៀរលោកទៅធ្វើជាអ្នកជញ្ជូនអង្ករ និងស្បៀងផ្សេងៗទៅឱ្យពួកគេដើម្បីទប់ទល់ជាមួយនឹងកងទ័ពរំដោះ ។ រហូតដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទើបលោកអៀង ស៊ីធុល ត្រឡប់វិលចូលស្រុកវិញបាន ។
នៅក្នុងខែមិថុនា ១៩៧៩ លោកអៀង ស៊ីធុល បានរៀបការជាមួយនារីដែលធ្លាប់ជាមិត្តរៀននៅសាលាជាមួយគ្នា ។ បន្ទាប់មកលោកបាននាំភរិយាទៅរស់នៅភ្នំពេញ ។ សិល្បករជើងចាស់រូបនេះរំឭកថា នៅពេលដល់ភ្នំពេញដំបូងមិនមានអ្នកសិល្បៈច្រើនទេ មានប្រហែលជាង២០នាក់ប៉ុណ្ណោះ ហើយពួកលោកបានប្រមូលគ្នាហាត់រៀនឡើងវិញ ។ ការហាត់រៀនបានរយៈពេល៤ខែ រដ្ឋាភិបាលបានឱ្យលោកចេញទៅសម្តែងនៅប្រទេសអាល្លឺម៉ង់ និងវៀតណាម ។ រយៈពេលបីខែ លោកបានត្រឡប់មកវិញ ហើយចាប់ផ្តើមជួបជុំមិត្តភក្តិដើម្បីហាត់ល្ខោនបាសាក់ ហាត់របាំ ហាត់បទភ្លេងរាំច្រៀងឡើងវិញ ។
ក្រោយមកលោកបានហាត់យីកេរឿងម៉ាក់ថឺង ទុំទាវ និងល្ខោនបាសាក់ ជាច្រើនទៀត ។ បើគិតតាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះលោកបានសម្ដែងរឿងធំចំនួន ១៩រឿង និងរឿងតូចៗជាង៣០រឿង ជាពិសេសលោកបានទៅសម្តែងនៅតាមបណ្តាខេត្តពេញប្រទេសកម្ពុជា ដើម្បីឱ្យប្រជាជនយើងបានដឹង និងស្គាល់កាន់តែច្បាស់អំពីសិល្បៈខ្មែរ ។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលបានបញ្ជូនលោកឱ្យទៅសហការជាមួយប្រទេសឡាវ វៀតណាម អាល្លឺម៉ង់ ស្វុីស បារាំង ហូឡង់ អីុតាលី និងបានបង្ហាត់បង្រៀនអំពីសិល្បៈខ្មែរ ។
សព្វថ្ងៃលោកអៀង ស៊ីធុល គឺជាព្រឹទ្ធាចារ្យនៅសមាគមសិល្បៈខ្មែរអមតៈ និងជាអ្នកបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយទាំងផ្នែកចម្រៀង តន្ត្រី និងរបាំ ។ ជាពិសេសលោកមានក្រុមផ្ទាល់ខ្លួនមួយ ដែលលោករៀបចំតាំងពីឆ្នាំ២០០២ មកម៉្លេះ មានឈ្មោះថា«ក្រុមបណ្ដុះបណ្ដាលសេដ្ឋកិច្ចកុមារកំព្រាទីទ័លក្រជនបទ»តែបច្ចុប្បន្ននេះប្ដូរឈ្មោះទៅជាក្រុមកុមារបាសាក់ ដែលមានសមាជិក៩០នាក់។ ពេលនេះក្រុមរបស់លោកអៀង ស៊ីធុល សម្តែងនៅសារមន្ទីរជាតិ៦ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយលក់សំបុត្រសម្រាប់ភ្ញៀវបរទេសតម្លៃ ១០ដុល្លារ និងភ្ញៀវជាតិ ៥ដុល្លារ តែមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ៕
ចែករំលែកព័តមាននេះ