ទីក្រុងប៉ារីស ៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណៈកម្មការអឺរ៉ុបបាននិយាយនាពេលថ្មីៗនេះថា សហភាពអឺរ៉ុប (EU) នឹងឆ្លើយតបរាល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធលើរថយន្តដែលបានផលិតនៅក្នុងតំបន់ ។ កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា នឹងដាក់ពន្ធ២០%លើរាល់រថយន្តដែលបានដំឡើងនៅ EU បន្ទាប់ពីបានស៊ើបអង្កេតថា តើការនាំចូលយានយន្តទាំងនេះជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកដែរឬទេ ។

គួរបញ្ជាក់ថា នាយកដ្ឋានពាណិជ្ជកម្មអាមេរិកត្រូវសម្រេចការស៊ើបអង្កេតនាខែកុម្ភៈ ឆ្នាំ២០១៩ថា តើការនាំចូលយានយន្ត និងគ្រឿងយានយន្ត អាចផ្តល់ហានិភ័យដល់សន្តិសុខជាតិអាមេរិកដែរឬទេ ។ រដ្ឋលេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wilbur Ross បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងរបស់លោកចង់សម្រេចការស៊ើបអង្កេតនៅចុងខែកក្កដា ឬខែសីហា ។

បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ពន្ធ២,៥%លើរថយន្តដឹកអ្នកដំណើរនាំចូលពី EU និង២៥%លើរថយន្តដឹកទំនិញ ។ ចំណែក EU ក៏បានដាក់ពន្ធ១០% លើរថយន្តនាំចូលពីសហរដ្ឋអាមេរិកផងដែរ ៕
ចែករំលែកព័តមាននេះ