ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រាប់​ពី​សញ្ញា​ព្រមាន​ថា អាច​មាន​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល

7 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ហៅ​ថា Stroke គឺជា​ការ​បាត់បង់​មុខងារ​ខួរក្បាល​យ៉ាង​ឆាប់រហ័ស​ដោយសារ​ការ​រំខាន​ក្នុង​ការ​ផ្គត់ផ្គង់​ឈាម​ដែល​នាំ​អុក​ស៊ី​សែន និង​សារធាតុចិញ្ចឹម​ទៅ​ខួរក្បាល ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត ឬ​មាន​ពិការ​ភាព​អស់​មួយ​ជីវិត ។…

បាងកក ៖ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ហៅ​ថា Stroke គឺជា​ការ​បាត់បង់​មុខងារ​ខួរក្បាល​យ៉ាង​ឆាប់រហ័ស​ដោយសារ​ការ​រំខាន​ក្នុង​ការ​ផ្គត់ផ្គង់​ឈាម​ដែល​នាំ​អុក​ស៊ី​សែន និង​សារធាតុចិញ្ចឹម​ទៅ​ខួរក្បាល ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត ឬ​មាន​ពិការ​ភាព​អស់​មួយ​ជីវិត ។

លោក​វេជ្ជបណ្ឌិត ឈី​រ៉ា​ផាត់ អ៊ុ​កា​ឈុ​ក ( Chirapat Ukachoke ) ដែល​ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​​ប្រសាទ នៃ​មន្ទីរពេទ្យ Phyathai 3 Hospital មាន​ប្រសាសន៍​ថា ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺ​មាន​សញ្ញា​ជា​ច្រើន​ដែល​បងប្អូន​អាច​ធ្វើការ​កត់សម្គាល់​បាន​ថា តើ​អ្នក​ប្រហែលជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ឬ​អត់? លោក​និយាយ​ថា សញ្ញា​ដែល​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺ​មាន​ដូច​ជា ស្ពឹក ឬ​ខ្សោយ​នៃ​មុខ ដៃ ឬ​ជើង ជា​ពិសេស​នៅ​ផ្នែក​ម្ខាង​នៃ​រាង​កាយ​។ ការ​យល់​ច្រឡំ​ភ្លាម​ៗ មាន​បញ្ហា​និយាយ​មិន​ចេញ ឬ​ស្តាប់​មិន​យល់ មាន​បញ្ហា​ក្នុង​ការ​មើលឃើញ ឬ​មើល​ឃើញ​​ព្រាល​ៗ​ក្នុង​ភ្នែក​មួយ ឬ​ភ្នែក​ទាំង​សងខាង ការ​ឈឺក្បាល​ខ្លាំង​ៗ​ភ្លាម និង​មាន​បញ្ហា​ក្នុង​ការ​ដើរ បាត់បង់​តុល្យភាព​នៃ​ការ​ដើរ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត​គឺ​មានការ​ធ្លាក់​ចុះ​មុខ​, ភាព​ខ្សោយ​របស់​ដៃជើង​មួយ​ចំហៀង​ខ្លួន និង​ការ​លំបាក​ក្នុង​ការ​និយាយ ។ លោក​ដុក​ទ័​រ​បន្ថែម​ទៀត​ថា ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល អាច​បណ្តាល​មក​ពី​សរសៃ​ឈាម​​ដែល​ស្ទះ ឬ​ការ​ដាច់​ចេញពី​សរសៃឈាម​។ មនុស្ស​មួយ​ចំនួន​អាច​មានការ​រំខាន​បណ្តោះ​អាសន្ន​នៃ​លំហូរ​ឈាម​ទៅ​ខួរក្បាល (​ការ​វាយប្រហារ​កង្វះ​ឈាម​បណ្តោះ​អាសន្ន ឬ​ដែល​មិន​បណ្តាល​ឱ្យ​មានការ​ខូចខាត​ជា​អចិន្ត្រៃយ៍​)​។

លោក​បាន​ផ្តល់​យោបល់​ថា «​ដោយសារ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ដែល​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត ឬ​ក៏​ពិការ​ភាព​បាន ដូច្នេះ​ចាំបាច់​បំផុត ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​មាន​សញ្ញា​ខាងលើ អ្នក​ត្រូវ​រហ័ស​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​។ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ដូច​ជា​អ្នក​កើត​ទឹកនោមផ្អែម ជំងឺ​បេះដូង ជាដើម​ត្រូវ​មាន​លេខ​មន្ទីរពេទ្យ​ជំនាញ​ខាង​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ដើម្បី​ទំនាក់​ទំនង​ឆាប់រហ័ស » ។ គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​តម្រូវ​ឱ្យ​មានការ​សង្គ្រោះ​បន្ទាន់​។ ដូច្នេះ​នៅ​ពេល​មាន​សញ្ញា​ព្រមាន​ដូ​ខ​ខាងលើ គេ​គួរ​ឆាប់​នាំ​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​ដើម្បី​ចៀសវាង​ការ​ស្លាប់​និង​ពិការ​ភាព​។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេស​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា កត្តា​បង្ក​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ត្រូវ​បាន​ចែក​​ចេញ​ជា ២ ប្រភេទ ។ ប្រភេទ​ទី​១ គឺ​ការ​ស្ទះ​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល កត្តា​បង្ក​របស់​វា​គឺ​មាន​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​ខ្លាញ់​ធាត់ លើស​អាស៊ីត អ្នកជំងឺ​ដែល​ស្រណុក​សុក​ស្រួល​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ ពលកម្ម​អី អ្នកខ្លះ​គឺ​គាត់​ពិសារ​បារី ស្រា និង​អ្នកខ្លះ​ទៀត​គាត់​មាន​បញ្ហា​បេះដូង ដូច​ជា​ខូច​ប្រើស​បេះដូង ឬ​ក៏​គាត់​មានការ​វះកាត់​បេះដូង ជាដើម​។​ល​។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា បន្ត​ទៀត​ថា ប្រភេទ​ទី​២ នៃ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺ​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​មូលហេតុ ឬ​កត្តា​បង្ក​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ប៉ះពាល់​ដល់​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល គឺ​ដោយសារ​តែ​ជំងឺលើសឈាម​សំខាន់​​ជាងគេ ។ ចំណុច​សំខាន់​មួយទៀត​នោះ ដោយសារ​បងប្អូន​ខ្លះ​គាត់​មាន​សរសៃ​ឈាម​របស់​គាត់​ប៉ោង​ខុស​ពី​ធម្មតា ដែល​អាច​ងាយ​នឹង​ដាច់ ឬ​បែក ។ កត្តា​ផ្សេង​ទៀត​ដូច​ជា អ្នកជំងឺ​គាត់​មាន​បញ្ហា​ជំងឺ​ឈាមរាវ និង​អ្នកខ្លះ​គាត់​ប្រើ​ថ្នាំ​ពង្រា​វ​ឈាម ដែល​ធ្វើ​ឲ្យ​គាត់​ងាយ​នឹង​ហូរ​ឈាម​ក្នុង​ខួរក្បាល ជាដើម ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា សម្រាប់​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺ​កើត​មាន​ទៅ​លើ​បុរស និង​ស្ត្រី​ដូច​គ្នា ។ អ្វី​ដែល​សំខាន់ គឺ​គាត់​ឆាប់​បាន​អញ្ជើញ​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ