បញ្ជាការយោធភូមិភាគទី៥ បានចាប់ផ្តើមហ្វឹកហ្វឺនត្រៀមព្យុះហយាត្រា
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅទីបញ្ជាការយោធភូមិភាគទី៥ បានចាប់ផ្តើមហ្វឹកហាត់ក្នុងការហ្វឹកហ្វឺនត្រៀមព្យុះហយាត្រា អបអរសាទរថ្ងៃកំណើតលើកទី៣០ របស់អង្គភាពយោធភូមិភាគទី៥។ ការហ្វឹកហ្វឺនរបស់កងកម្លាំងមានចំនួន១.៦០៥នាក់ បែងចែកជា៣០ផែន ដោយមានផែនថ្មើរជើងចំនួន១៥ផែន និងផ្នែកគ្រឿងចក្រចំនួន១៥ផែន ចំណុះឲ្យយោធភូមិភាគទី៥ បានហ្វឹកហ្វឺនលំហាត់របៀប ដើម្បីត្រៀមចូលរួមក្បួនព្យុះហយាត្រា សំរាប់ថ្ងៃកំណើតគំរប់៣០ឆ្នាំ របស់អង្គភាពយោធភូមិភាគទី៥ ដែលត្រូវធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយមានការជួយសម្រួលពីលោកឧត្តមសេនីយ៍ទោ អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក នាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ដែលជាមេបញ្ជាការកងកម្លាំង ព្យុះហយាត្រា។




លោកវរសេនីយ៍ឯក យឿម យ៉េង នាយការិយាល័យទី៥បានថ្លែងថា ឆ្នាំនេះជាឆ្នាំលើកទី៣០ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានរំលឹកជាប្រវត្តិសាស្ត្រសម្រាប់ទឹកដី តំបន់នេះជាតំបន់ក្តៅផ្នែក សង្គ្រាមពីអតីតកាលយូរលង់ណាស់មកហើយ។ ដោយសារអនុវត្តន៍តាមគោល នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំបង្រួបបង្រួមជាតិ ពីគ្រប់ភាគីគណបក្ស នយោបាយត្រីភាគីតាមព្រំដែនកន្លងមកនោះគឺ យើងទទួលបានសុខសន្តិភាព ពិតប្រាកដតាំងពី ឆ្នាំ១៩៩៨មកម្លេះ។





តែកំណើតអង្គភាពយោធភូមិភាគទី៥ គឺជាចំណែកមូលដ្ឋានដ៏ សំខាន់មួយនៅជួរមុខ នៃការស្វែងរក និងរក្សាបានសុខសន្តិភាពដោយទទួលយកបានតាមនយោបាយ ឈ្នះឈ្នះទាំងអស់គ្នា បានមករួបរួមគ្នារក្សា និងកសាងប្រទេសយើងបន្តទៅទៀត។ លោកបន្តថា កម្លាំងកំពុងហ្វឹកហ្វឺនទាំង អស់នេះ គឺមកពីតំបន់សឹករងបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ និងកងពលលេខ៥១-៥២ និង៥៣ ព្រមទាំងកងការពារព្រំដែនទាំងអស់ ទាំងផ្នែករថពាសដែក កងកាំភ្លើងធំ កងការពារអាកាស កងវិស្វកម្ម អង្គភាពអភិវឌ្ឍន៍ វរស៊ើបការណ៍ ដែលទាំងអស់នេះចំណុះឲ្យ យោធភូមិភាគទី៥ទាំងអស់បានមកចូលរួម៕





ចែករំលែកព័តមាននេះ