ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីក្មេង​ខាត់​ស្បែកជើងយ៉ាង​កម្សត់​ក្លាយជា​នាយ ​«​ត្រង់​ដឺ​» ដ៏​រុងរឿង

5 ឆ្នាំ មុន

«​នាយ​ត្រង់​ដឺ​»​ជា​ឈ្មោះ​សម្រាប់​សិល្បៈ​ដែល​ល្បី​ខ្ចរខ្ចាយ ឯ​ឈ្មោះ​ពិត​របស់​នាយ គឺ​«​យិ​ន បឿន​» ។ នាយ ត្រង់​ដឺ​មាន​ប្រភព​កំណើត​នៅ​ឃុំ​ក្តុល​ដូនទាវ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។…

«​នាយ​ត្រង់​ដឺ​»​ជា​ឈ្មោះ​សម្រាប់​សិល្បៈ​ដែល​ល្បី​ខ្ចរខ្ចាយ ឯ​ឈ្មោះ​ពិត​របស់​នាយ គឺ​«​យិ​ន បឿន​» ។

នាយ ត្រង់​ដឺ​មាន​ប្រភព​កំណើត​នៅ​ឃុំ​ក្តុល​ដូនទាវ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ អ្នក​ផ្តល់​កំណើត​ឱ្យ​នាយ​ត្រង់​ដឺ គឺ​លោក​យិ​ន ផា និង​អ្នកស្រី​បូ ជា​កសិករ ។ បងប្អូន​រួម​ផ្ទៃ​របស់​នាយ​ត្រង់​ដឺ​មាន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។ បច្ចុប្បន្ន​មាន​តែ​ប្អូនប្រុស​របស់​នាយ​ត្រង់​ដឺ​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​មានជីវិត​ឯ​សហរដ្ឋអាមេរិក ដោយ​មាន​និស្ស័យ និង​ប្រកប​អាជីព​ជា​អ្នក​កំប្លែង​ដូច​បងប្រុស​ដែរ ។

កុមារភាព​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដើម្បី​រស់
ខ្សែជីវិត កុមារភាព​របស់​នាយ​ត្រង់​ដឺ​ផ្សារ​ភ្ជាប់​នឹង​ការ​ប្រឹងប្រែង​ដោយ​កម្លាំង ពលកម្ម​របស់​ខ្លួន​ដើម្បី​ជីវិត​រស់នៅ ។ ខ្សែជីវិត​នេះ​ទាក់ទិន ឬ​បង្ហាញ​ភស្តុ​តាង​នៅ​ក្នុង​បទ​ចម្រៀង​​មួយ​មាន​ចំណងជើង​ថា «​ក្មេង​វាយ​ស្បែកជើង​» និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រួល​តន្ត្រី​ដោយ​លោក​ម៉ក់ ឈួ​ន និង​ច្រៀង​រួម​គ្នា​ដោយ​លោក​អ៊ឹ​ង ណា​រី​, តាត សំណាង​, អ្នកស្រី​ប៉ែន រ៉​ន​, លោក​ស៊ឹ​ម ទូច​, ណា​រ៉ា និង​សូ ផុ​ន​។ បទ​ចម្រៀង​«​ក្មេង​វាយ​ស្បែកជើង​» រាយ​ទំនុក​ថា ៖

«​ផ្តើម​៖ ស្រី​ពោល​៖ ចឹក​អ្ហា៎​!… ដាក់​គុយ​ទាវ​ឱ្យ​មួយ​ចាន​ម៉ោ​!… យី​ដូច​ជា​បាត់ ក្មេង​ៗ​វាយ​ស្បែកជើង ទៅ​ណា​អស់​ហើយ? ប្រុស​៖ អូ៎​! លោកស្រី​ត្រូវការ​វ៉ៃ​ស្បែកជើង​អ្ហី អញ្ជើញ​អង្គុយ​សិន​ទៅ ។ នែ​វ៉ី ពួក​អ្ហែង​ចាំ​អី​ទៀត ម៉ោ​វ៉ៃ​ស្បែកជើង​ឱ្យ​លោកស្រី លឿន​។ ប្រុស​៖ ទៅ​វ៉ី ពួក​យើង ម៉ូយ​យើង​មក​ដល់​ហើយ​!…

១-(​ប្រុស​ច្រៀង​)៖ ស្បែកជើង ស្បែកជើង ដុះ​ផ្សិត អូយ៎ នៅ​ជិត​ធុំ​តែ​ក្លិន​ម្ហិះ​តឹក​, (​ស្រី​)៖ ឆាប់​​ឡើង​វាយ​ឱ្យ​ហើយ​ទាន់​ព្រឹក ក្រែង​អា​ចឹក​ដេញ​ឱ្យ​ចេញពី​ហាង​, (​បន្ទរ​)៖ ក្រែង​អា​ចឹក​ដេញ​ឱ្យ​ចេញពី​ហាង​!

២-(​ប្រុស​)៖ លើកជើង ដាក់​លើ​ធុង​ឱ្យ​ស្រួល កុំ​រមួល​តិច​ខ្ញុំ​ខោក​ឮ​ប៉័ង​!, (​ប្រុស​)៖ ស្បែកជើង​រឹង​មើល​តែ​បាយក្តាំង (​ស្រី​)៖ កុំ​មាត់​ខ្លាំង​ខ្ញុំ​ខ្ចី​គេ​ពាក់​ទេ​! (​បន្ទរ​)៖ កុំ​មាត់​ខ្លាំង​ខ្ញុំ​ខ្ចី​គេ​ពាក់​ទេ​!

៣-(​ប្រុស​)៖ អ្នកស្រី សុំ​បារី​មួយ​មក៎​, (​ស្រី​)៖ យី​ឫកថោក​ហាមាត់​ឡើង​សុំ​គេ (​ប្រុស​)៖ មិន​ឱ្យ​ខ្ញុំ​មិន​ខ្ចី​វាយ​ទេ ស៊ូ​ទំនេរ​ដើរ​ទាត់​ខ្យល់​លេង​វិញ​, (​បន្ទរ​)៖ ស៊ូ​ទំនេរ​ដើរ​ទាត់​ខ្យល់​លេង​វិញ !

៤-(​ប្រុស​)៖ លើក គុយទាវ​យក​មក​ជូន​លោកស្រី​, (​ស្រី​)៖ យី​! ចុះ​ស្អី​អាចោរ​ជាម​ឈិ​ញ គ្មាន​ស៊ី​រ៉ា​យក​ទឹកមាត់​លាប​វិញ​, (​ប្រុស​)៖​កុំ​ទោម្នេញ​ខ្ញុំ​មិន​យក​លុយ​ទេ​, (​បន្ទរ​)៖ កុំ​ទោម្នេញ​ខ្ញុំ​មិន​យក​លុយ​ទេ !

ឡា​!​ឡា​!​ឡា​ឡា​ឡា​ឡា​! ឡា​ឡា​ឡា​ឡា​ឡា​! ឡា​ឡា​! ឡា​ឡា​ឡា​ឡា​ឡា​!» ។

តាម សៀវភៅ​«​កំណាព្យ​ស្នេហ៍​មាស​» របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លើក​ឡើង​ថា បទ​ចម្រៀង «​ក្មេង​វាយ​ស្បែកជើង​»​លោក​និពន្ធ និង​ថត​នៅ​ឆ្នាំ​១៩៧៤ សម្រាប់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​រឿង​«​កាត់​កន្ទុយ​លាប​កំបោរ​» របស់​ផលិតកម្ម​លោក​យិ​ន បឿន ហៅ​ត្រង់​ដឺ​ភាពយន្ត ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បរិយាយ​ថា ជា​ធម្មតា​ជីវិត​ក្មេង​ខាត់​ស្បែកជើង​ជា​ជីវិត​គ្រោតគ្រាត កម្សត់​ពន់ពេក​ណាស់ ព្រោះ​ជីវិត​នេះ​ពឹងពាក់​តែ​ទៅ​លើ​ធុង​ឈើ​មួយ​ដែល​មាន​ច្រាស និង​ស៊ី​រ៉ា​ពីរ​បី​កំប៉ុង ។ ក្មេង​ទាំងនេះ ដើរ​ផ្សងព្រេង​តត្រុក​តាម​តុ​ចិន សម្លឹង​រក​មើល​មនុស្ស​ដែល​មាន​ស្បែកជើង​ប្រឡាក់​ធូលី ដើម្បី​សុំ​គេ​ដុសខាត់​ឱ្យ​ភ្លឺ​រលើបរលោង គ្រាន់​ជា​ថ្នូរ​បាន​លុយ​កម្រៃ​បន្តិចបន្តួច​ទិញ​បាយ​ចម្អែត​ក្រពះ ។

នៅ​លើ​លោក​នេះ មនុស្ស​រស់នៅ​មាន​ច្រើន​បែប ច្រើន​ប្រការ​ណាស់ និង​មាន​ច្រើន​ថ្នាក់ ច្រើន​ជាន់ មិន​ទាន់​ចុះសម្រុង​គ្នា​បាន​ស្រួលបួល​ឡើយ ។ សូ​ម្បី​តែ​ពាក្យ​ថា «​ស៊ី​» មួយ​ម៉ាត់​ក៏​មាន​បែងចែក​ខ្ពស់​ទាប​ទៅ​តាម​នោះ​ដែរ ។ មាន​តាំងពី «​ឆាន់ សោយ ពិសា ទទួលទាន ស៊ី ហូប ញ៉ាំ ច្រាសច្រំ កណ្តាលដើមទ្រូង​…» មនុស្ស​ដែល​រស់នៅ​ស្រទាប់ ក្រោម​ៗ ស្មើនឹង​សំរាម​ជាប់​ស្បែកជើង តែងតែ​យក​វាសនា​ទៅ​ប្រឡាក់ប្រឡូស​ជាមួយ​ទឹកភ្នែក ទឹកសម្បោរ​យ៉ាង​ខ្លោចផ្សា​ជាទី​បំផុត ។

នៅ​ក្នុង​គំនិត​នេះ​ហើយ ទើប​បទ​ចម្រៀង «​ក្មេង​វាយ​ស្បែកជើង​» ប្រសូត​ឡើង​ដោយ​ផ្តិត​យក​ដាន​ជីវិត​របស់​នាយ​ត្រង់​ដឺ ដែល​កាល​នៅ​ក្មេង​ប្រកប​មុខរបរ​ជា​ក្មេង​ទាញ​វាំងនន​ល្ខោនបាសាក់​នៅ​ពេល​យប់​ផង និង​ពេល​ថ្ងៃ​ធ្វើ​ជា​ក្មេង​វាយ​ស្បែកជើង​នៅ​ម្តុំ​ផ្សារ​វិល ខេត្តបាត់ដំបង ។

ទោះបីជា​ជីវិត​ពួក​គេ​ពោរពេញ​ទៅ​ដោយ​ភាព​ខ្មៅ អួអាប់​យ៉ាងណា​ក៏​ដោយ ក៏​មាន​ពេល​ខ្លះ​គេ​អាច​សើច ញញឹម​ដាក់​គ្នា​បាន ហើយ​អាច​ស្រែកច្រៀង ខ្លាំង​ៗ ដើម្បី​លួងលោម​ជីវិត​កម្សត់​របស់​គេ កុំឱ្យ​តប់ប្រមល់ ទល់​ពុទ្ធោ​ពេក និង​កុំឱ្យ​ទឹកភ្នែក​ហូរ​មក​ដោយ​គ្មាន​ន័យ ។

យោង​តាម​ការ​និទាន​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នេះ​បង្ហាញ​ថា នាយ​ត្រង់​ដឺ​កាល​នៅ​ពី​ក្មេង​មាន​ខ្សែជីវិត​កម្សត់ គឺជា​ក្មេង​វាយ​ស្បែកជើង​ឱ្យ​គេ​តាម​ហាង​គុយទាវ​។

មិនតែប៉ុណ្ណោះ​នៅ​ពេល​យប់​នាយ​ត្រង់​ដឺ​ស៊ីឈ្នួល​ធ្វើ​ជា​អ្នក​ទាញ​វាំងនន ល្ខោនបាសាក់​ទៀត​ផង ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ក្រពះ ។ ការ​បូជា​កម្លាំង​ពលកម្ម​កុមារភាព​បែប​នេះ គឺជា​ជីវិត​កម្សត់​មួយ ហើយ​បង្ហាញ​ថា​មិនមែន​កើត​ក្នុង​ត្រកូល​គ្រួសារ​មានទ្រព្យ​ធូរធារ​ទេ។

ក្មេង​ខាត់​ស្បែកជើងរ​សាត់អណ្តែត​ឆ្ងាយ​ស្រុក​កំណើត
ខ្សែជីវិត មនុស្ស​ច្រើន​តែ​បត់បែន​ទាំង​ទីកន្លែង​រស់នៅ ទាំង​មុខរបរ ។ សម្រាប់​នាយ​ត្រង់​ដឺ បាន​លាចាក​ពី​ស្រុក​កំណើតរ​សាត់អណ្តែត​ដល់ទី​ក្រុងភ្នំពេញ ។ ភ្នំពេញ​ជា​កន្លែង​ថ្មី​សម្រាប់​ជីវិត​នាយ​ត្រង់​ដឺ ហើយ​ជា​កន្លែង​ដែល​ជីវិត​ជា​ក្មេង​ខាត់​ស្បែកជើង​ប្រែប្រួល ។

ទំនង ដោយសារ​ធ្លាប់​ធ្វើ​ជា​អ្នកស៊ីឈ្នួល​ទាញ​វាំងនន​ល្ខោនបាសាក់​នៅ​ស្រុក​កំណើត ដូច្នេះ មាន​ជំនក់​ចិត្ត ឬ​ទោរទន់​ទៅ​រក​សិល្បៈ​បុរាណ​ប្រភេទ​នេះ យោង​តាម golden-age-of-khmer-cinema.eklablog.com/ នៅ​ភ្នំពេញ​នាយ​ត្រង់​ដឺ បាន​កសាង​ជីវិត​ទៅ​ជា​សិល្បករ​កំប្លែង ឬ​ហៅ​ថា «​តួ​ត្លុក​» នៅ​ក្នុង​ក្រុម​ល្ខោនបាសាក់​ផ្សារ​ស៊ីឡឹប​របស់​អ្នកស្រី​អ៊ុ​ន វ៉ាង​។ នេះ​ជា​ទេព​កោសល្យ​របស់​នាយ​ត្រង់​ដឺ ហើយ​វា​ជួយ​ឱ្យ​មាន​ភាព​លេចធ្លោ​សម្រាប់​ជីវិត​របស់​នាយ ។

មិនមែន​នរណា​ក៏​អាច​ធ្វើ​បាន ដូច្នេះ​ហើយ​ទេព​កោសល្យ​កំប្លែង​បាន​ស្រូប​នាយ​វ៉ាំ​ង​ដឺ​ទៅ​ក្នុង​សិល្បៈ ភាពយន្ត​ទៀត ។ នៅ​អំឡុង​ទស​វត្ស​១៩៦០ និង​១៩៧០​នោះ នាយ​ត្រង់​ដឺ​ចូលរួម​សម្តែង​ជា​តួអង្គ​កំប្លែង​ស្ទើរតែ​គ្រប់​ផលិតកម្ម​ដែល ញ៉ាំង​ឱ្យ​ខ្សែ​រឿងភាពយន្ត នីមួយ​ៗ​រឹតតែ​មាន​ចំណី​អារម្មណ៍ ចំណី​ចក្ខុ​ប្លែក​ថែម​ទៀត​។ នាយ​ត្រង់​ដឺ ចូលរួម​សម្តែង​ស្ទើរតែ​គ្រប់​ផលិតកម្ម​ភាពយន្ត មាន​ដូច​ជា​ផលិតកម្ម​«​រន្ទះ​ពេជ្រ​ភាពយន្ត​» របស់​លោក​លី ប៊ុ​ន​យី​ម​, ផលិតកម្ម «​បក្សី​ឋានសួគ៌​ភាពយន្ត​» របស់​លោក​អុ​ី វ៉ុ​ង​ហែម​, ផលិតកម្ម «ឥន្ទ្រ​ទេវី​ភាពយន្ត​» របស់​លោក​ប៊ី​វ ឆៃ​លាង​,​ផលិតកម្ម​«​ហេមពាន្ត​ភាពយន្ត​» របស់​លោក​លី យូ​ស្រ៊ា​ង​, ផលិតកម្ម «​ព្រះ​ខ័ន​ពេជ្រ​ភាពយន្ត​»​របស់​លោក​លី វ៉ា​,​ផលិតកម្ម «​ប្រាសាទ​មាស​ភាពយន្ត​» របស់​លោក​សា រ៉ា​វុ​ធ​,​ផលិតកម្ម «​កងចក្រ​ភាពយន្ត​» របស់​លោក​អ៊ួ​ង កន្ធ​ន់​, ផលិតកម្ម «​ពិស្ណុការ​ភាពយន្ត​» របស់​លោក​វណ្ណ វណ្ណៈ​, ផលិតកម្ម «អប្សរា​ភាពយន្ត​» របស់​លោក​លី សុង​ហេង​, ផលិតកម្ម «​សុវណ្ណ​គិរី​ភាពយន្ត​» របស់​លោក​ហ៊ុយ គឹ​ង និង​ផលិតកម្ម «​កង​ពេជ្រ​ភាពយន្ត​» របស់​លោក​ឈា នុ​ក ជាដើម ។

ស្នាដៃ
នាយ​ត្រង់​ដឺ បាន​ចូលរួម​សម្តែង​ជា​តួកំប្លែង​ក្នុង​ខ្សែ​រឿងភាពយន្ត​ជា​ច្រើន រួម​មានរឿង «​ចម្ប៉ា​ថោ​ង​» ឆ្នាំ​១៩៦៩ ។ រឿង «​អា​ប៊ុល​កា​សេ​ម​» ឆ្នាំ​១៩៦៩ ។ រឿង​«​ចន្ទ​គ្រឿ​ហ្វា​»​ឆ្នាំ​១៩៦៩​។ រឿង​«​សំគម​បាញ់​លលក​»​ឆ្នាំ​១៩៧០​។ រឿង «​សុវណ្ណ​បញ្ចា​» ឆ្នាំ​១៩៧០ ។ រឿង​«​រតនា​វង្ស​» ឆ្នាំ​១៩៧០ ។ រឿង​«​បញ្ចពណ៌​ទេវី​» ឆ្នាំ​១៩៧១​។ រឿង​«​ព្រះពាយ​ផាត់​»​ឆ្នាំ​១៩៧១ ។ រឿង​«​អន​អើយ​ស្រី​អន​»​ឆ្នាំ​១៩៧២ ។ រឿង «​អា​ឡេវ​» ឆ្នាំ​១៩៧២ ។ រឿង​«​ភក្តី​ស្នេហ៍​» ឆ្នាំ​១៩៧៣​។ រឿង «​ជ័យ​ប្រាជ្ញ​» ឆ្នាំ​១៩៧៣​។ រឿង​«​ដៃ​ដែក​៣២»​ឆ្នាំ​១៩៧៣​។

រឿង «​កាត់​កន្ទុយ​លាប​កំបោរ​» ឆ្នាំ​១៩៧៣ ។ រឿង​«​អា​ខ្វាក់​អា​ខ្វិន​» ឆ្នាំ​១៩៧៤​។ រឿង​«​ចៅ​ចាក់ស្មុគ​» ឆ្នាំ​១៩៧៤ ។ រឿង​«​មាន់រងាវ​ពីរ​ដង​បង​មក​រក​អូន​» ឆ្នាំ​១៩៧៤​។ រឿង​«​ពុះ​ទ្រូង​អូន​ទៅ​» ឆ្នាំ​១៩៧៥ ។ រឿង «​ឆ្អឹង​ដៃ​ឪពុក​» និង​រឿង​«​ទឹកភ្នែក​នាង​គ​» ។

ដោយសារ​តែ​អាជីព​សម្តែង​កំប្លែង​មាន ភាព​លូតលាស់ ហើយ​សិល្បៈ​ភាពយន្ត​មានការ​ពេញ​និយម នាយ​ត្រង់​ដឺ​លើស​ពី​អាជីព​ជា​តារា​សម្តែង​បាន​បង្កើត​ផលិតកម្ម​ផ្ទាល់ខ្លួន ថែម​ទៀត​ដោយ​ដាក់​ឈ្មោះ «​ផលិតកម្ម​ត្រង់​ដឺ​ភាពយន្ត​» នៅ​ឆ្នាំ​១៩៧៣ ។

ជីវិត​ផ្លាស់​ប្តូរ​រុងរឿង​ដោយសារ​ទេព​កោសល្យ​កំប្លែង
រូបរាង ស្គមកំព្រឹង និង​កាយវិការ​ក្រមិចក្រមើម​ប្រកបដោយ​ទេព​កោសល្យ​ត្លុក ជា​ប្រភព​សំណើច​ដែល​នាយ​ត្រង់​ដឺ​ផ្តល់​ទៅ​ទស្សនិកជន​។ ការ​សម្តែង​របស់​នាយ​បង្ហើប​មាត់​ទស្ស​និកជន​ឱ្យ​សើច​ក្អាកក្អាយ​ខ្ចាយ កង្វល់ ។ ទេព​កោសល្យ​កំប្លែង​ដ៏​ល្អ​នេះ​ធ្វើ​ឱ្យ​នាយ​ត្រង់​ដឺ​មានកេរ្តិ៍ឈ្មោះ​ល្បី ដូច​ជា​តួឯក ឬ​ក៏​ដូច​លោក​ណុ​ប ណែម លោក​គង់ សំ​អឿ​ន​ដែរ។

ដៃគូ​សម្តែង​ស្រី​របស់​នាយ​ត្រង់​ដឺ គឺ​នាង​ម៉ា​ប់​ណូ​យ៉ា ។
ទេព​កោសល្យ​កំប្លែង​មិន​ត្រឹមតែ​ញ៉ាំង​ឱ្យ​នាយ​ត្រង់​ដឺ​មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ល្បី​ទូ​ទាំង​ប្រទេស​ទេ សូ​ម្បី​តែ​ជីវភាព​របស់​នាយ​ក៏​លូតលាស់​រុងរឿង​ឡើង​ដែរ ។ ផ្ទុយ​ពី​ជីវភាព​បែប​ក្មេង​ខាត់​ស្បែកជើង​កាលពី​ក្មេង នាយ​ត្រង់​ដឺ​មាន​ភូមិ​គ្រឹះ​ស្ថិត​នៅ​ខាង​មុខ​រោង​ភាពយន្ត​មេគង្គ​។ រឹតតែ​ហុ​ឺ​ហា​ថែម​ទៀត តារា​កំប្លែង​រូប​នេះ​ប្រើប្រាស់​រថយន្ត​៣​គ្រឿង​ឯណោះ មាន​រថយន្ត​មែរ​សឺ​ដេ​ស​, ហ្ស៊ី​ប និង​៤០៤ ។

ស្នេហា
នាដកា របាំ​ព្រះរាជ​ទ្រព្យ​គាប់ចិត្ត​តារា​កំប្លែង​ត្រង់​ដឺ ហើយ​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នឹង​គ្នា​នា​ឆ្នាំ​១៩៦៤ ។ អាពាហ៍ពិពាហ៍​នេះ​រៀបចំ​នៅ​ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​លំនៅ និង​ស្រុក​កំណើត​របស់​ភរិយា​នាយ​ត្រង់​ដឺ ។

គូ​អាពាហ៍ពិពាហ៍​របស់​នាយ​ត្រង់​ដឺ​មានកូន​ចំនួន​៤​នាក់ ។

អ្នក​ស្នង​អាជីព
នាយ វ៉ាំ​ង​ដឺ ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ គឺ​បុរស​ដែល​មាន​រូបរាង​ស្គម និង​មុខមាត់​ស្រ​ដៀង​ឪពុក​រូប​នេះ ជា​កូន​តែ​ម្នាក់​គត់​របស់​នាយ​ត្រង់​ដឺ​ដែល​មាន​និស្ស័យ និង​ក្លាយជា​អ្នក​កំប្លែង​ដូច​ឪពុក ។ នាយ​វ៉ាំ​ង​ដឺ ជាតា​រា​កំប្លែង​ល្បីឈ្មោះ​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០០​មក ដោយ​រួម​សម្តែង​ជាមួយ​នាយ​ក្រឹម និង​នាយ​កុយ​ជាដើម ។

តារា​កំប្លែង​នាយ​វ៉ាំ​ង​ដឺ បាន​ស្លាប់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន (​បច្ចុប្បន្ន​ឆ្នាំ​២០១៥) ។

ឆ្នាំ​១៩៧៧ ជា​ឆ្នាំ​យមរាជ​យក​ជីវិត​នាយ​ត្រង់​ដឺ
កុំ ថា​ឡើយ​កំប្លុកកំប្លែង​ឱ្យ​អ្នកផង​សើច​សប្បាយ សូ​ម្បី​តែ​នាយ​ត្រង់​ដឺ​ខ្លួនឯង ក៏​គ្មាន​ឱកាស​សើច​សប្បាយ​ទៀត​ដែរ សំណើច និង​សុភមង្គល​នៃ​ជីវិត ត្រូវ​បាត់បង់​នៅ​ពេល​របប​ខ្មែរក្រហម​ចូល​មក​ដល់ គ្រប់គ្រង​លើ​មាតុភូមិ​កម្ពុជា​របស់​នាយ​ត្រង់​ដឺ និង​ជន​រួម​ឈាម​ខ្មែរ​ឯទៀត ។ លា​ហើយ​ភ្នំពេញ លា​ហើយ​កាមេរ៉ា​ភាពយន្ត នាយ​ត្រង់​ដឺ​ត្រូវ​អង្គ​ការ​អាវ​ខ្មៅ​ជា​ឈ​ងារ​ហៅ​ទៅ​តាម​សម្លៀក​បំពាក់ របស់​ពួក​គេ និង​ហាក់​តំណាង​ភាព​កំណាច​ឃោរឃៅ​របស់​ពួក​គេ ជម្លៀស​ឱ្យទៅ​តំបន់​រាម ខណ្ឌ​ព្រៃ​នប់ ក្រុង​កំពង់សោម ។
ខកខាន សម្តែង​កំប្លែង វា​មិន​ដូច​ពេល​មុន​ជា​សិល្បករ តែ​ក្នុង​ភាព​ដូច​ជា​ទាសករ​នៃ​របប​ព្រៃផ្សៃ​មួយ​ដែល​មនុស្សជាតិ​ថ្កោលទោស នាយ​ត្រង់​ដឺ​ត្រូវ​គេ​បង្ខំ​ឱ្យធ្វើ​ការ​យ៉ាង​ទារុណ។

ឆ្នាំ​១៩៧៧ បាន​យក​ជីវិត​នាយ​ត្រង់​ដឺ​ទៅ​បាត់ ដោយសារ​ការ​បង្ខំ​ឱ្យធ្វើ​ពលកម្ម​ហួស​កម្រិត ព្រមទាំង​ជំងឺមហារីក​ខួរក្បាល នាយ​មិន​អាច​នៅ​ដល់​ថ្ងៃ ៧ មក​រា ១៩៧៩ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​របប​ខ្មែរក្រហម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ