ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ ពួក​អាវ​លឿង​តវ៉ា​មុខ​ស្នាក់​ការ UNESCO នៅ​ក្រុង​បាងកក​រឿង​ប្រាសាទខ្មែរ

16 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ កាសែត​ដឹណេ​ស្សិន ផ្សាយ​ថ្ងៃ​ទី​២៧ កក្កដា បានឱ្យ​ដឹង​ថា ក្រុមសម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​លឿង​កាលពី​ថ្ងៃ​ទី ២៧ កក្កដា នោះ បាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ប្រឆាំង​ផែនការ​របស់​កម្ពុជា ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​ជា​ឯកតោភាគី​លើ​ប្រាសាទព្រះវិហារ​ដែល​ជា​របស់​ខ្មែរ និង​ជា​បេតិកភណ្ឌ​ពិភពលោក ។ ការ​ប្រមូលផ្ដុំ​គ្នា​នេះ​ដឹកនាំ​ដោយ​លោក​ចម្លង ស្រ៉ី​​មឿង ជា​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់ក្រុម​អាវ​លឿង ។ ការ​ប្រមូលផ្ដុំ​របស់​ក្រុម​អាវ​លឿង ធ្វើឡើង​នៅ​បរិវេណ​ទល់មុខ​ការិយាល័យ​របស់​អង្គការ​យូ​ណេ​ស្កូ​ក្នុង​ក្រុង​បាងកក​តាម បណ្ដោយ​ផ្លូវ Sukhumvit ខណៈ​ពេល​ដែល កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ដ្រៃយ៍ បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​បាន​និង​កំពុង​ប្រព្រឹត្ដ​ទៅ​នៅ​ប្រទេស​ប្រេស៊ី​ល ។ ក្រុម​អាវ​លឿង​ដែល​មាន​ភក្ដីភាព​​ចំពោះ​របប​រាជា​និយម​សៀម​បាន​ចាត់​ទុក​ការ ចុះ​ប្រាសាទព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក​ថា​ជា​ការ​រំលោភ​អធិបតេយ្យភាព​របស់​ថៃ ។

ក្នុង​អំឡុង​នៃ​ការ​ប្រមូលផ្ដុំ​នោះ លោក ចម្លង​ស្រ៉ី​មឿង និយាយ​ថា “​អ្នក​ស្នេហា​ជាតិ ថៃ​ហើយ​និង​ខ្ញុំបាន​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​នេះ ពីព្រោះ​ពួក​យើង​មិន​ប្រាកដ​ថា រដ្ឋាភិបាលរបស់​លោក​អាប់​ភី​ស៊ី​ត នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​ផែនការ​របស់​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​នោះ​ទេ​” ។ ក្នុង​​ឱកាស​នៃ​ការ​ប្រមូលផ្ដុំ​នេះ​ផង​ដែរ ក្រុម​អាវ​​លឿង​ក៏​បាន​ដាក់​ញត្ដិ​មួយ​ច្បាប់​ជូន​ទៅ តំណាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដើម្បី​ប្រឆាំង​ការ​ចុះ​ប្រាសាទព្រះវិហារ​ទៅ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការយូ​ណេ​ស្កូ ។ លោក​ចម្លង​ស្រ៉ី​មឿង និយាយ​ទៀត​ថា រូប​លោក​បាន​តាមដាន​ការ​ប្រជុំ​របស់​គណៈក​ម្មា​ធិ​ការ​អចិន្ដ្រៃយ៍​បេតិកភណ្ឌ​ពិភពលោក លើក​ទី​៣៤ តាំងពី​ថ្ងៃ​ដំបូង ដែល​រៀបចំ​ធ្វើ​​ឡើង​នា​ថ្ងៃ​ទី​២៥ កក្កដា ហើយ​លោក​ទទួល​បាន​ព័ត៌មាន​ថា ផែនការ​របស់​កម្ពុជា​ចំពោះ​​ការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​គឺជា​របៀប​វារៈ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ផង​ដែរ ។ ដូច្នេះ​​ហើយ​លោក​ក៏​បាន​ទទូច​សុំ​ឱ្យ​ក្រុម​របស់លោក​ប្រមូលផ្ដុំ​គ្នា ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​អង្គការ​យូ​ណេ​ស្កូ ទោះបីជា​ការ​ប្រមូលផ្ដុំ​​នោះ​រំលោភ​បំពាន​ច្បាប់​គ្រាអាសន្ន​ដែលកំពុង​ប្រើប្រាស់​នៅឡើយ​ក៏​ដោយ ។

លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ទទួល ស្គាល់​ផែនទី​របស់​កម្ពុជា​ដែល​រំពឹង​ថា នឹង​ដាក់ ជូន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​នោះ ដែល​ក្នុង​ផែនទី​នោះ​ជា​ការ សំរេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង ឡា​អេ ឆ្នាំ​១៩៦២ ថាប្រាសាទព្រះវិហារ​ជារបស់​ខ្មែរ ។ អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​បាន​មើលឃើញ​ថា តើ​ផែនទី​របស់​កម្ពុជា ឬ​សៀម​មួយណា​ត្រឹមត្រូវ? សំរាប់​កម្ពុជា​បាន​ច្រានចោល ផែនទី​ឯកតោភាគី​របស់​សៀម​រួច​ទៅហើយ ។ ដូច្នេះ​បញ្ហា​នេះ​កំពុង​តែ​ខ្វែងគ្នា ១៨០​អង្សា​ស្ដី​ពី​បញ្ហា​ព្រំដែន សូ​ម្បី​តែ​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​សោះ​ក៏​សៀម​នៅ​តែ ស្រែក​ទារ​មិន​អៀនខ្មាស​ដែរ ។

  • ចលនា​អាវ​លឿង​សៀម​កំពុង​តាំងខ្លួនជា​អ្នក​រំលោភច្បាប់​អន្ដរជាតិ

លោក​ឡុ​ង សុ​គុណ អ្នក​សិក្សា​រឿង​ក្ដី ប្រាសាទព្រះវិហារ ក្នុង​សបា្ដហ៍​នេះ​បាន​ធ្វើការ កត់សំគាល់ និង​បាន​លើក​ទឡ្ហីករណ៍​ថា កាល ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១០ កន្លង​ទៅ​*​ថ្មី​ៗ​នេះ ពួក​ចលនា​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ថៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ផ្សាយ​តាម​ទូរទស្សន៍ អេ អេស ធី​វី ថៃ សុំ​ឱ្យ​រដ្ឋបាល​អាប់​ភី​ស៊ី​ត លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​ទាំង​​អស់​ពាក់ព័ន្ធ​នឹង​កម្ពុជា ។ សេចក្ដីថ្លែងការណ៍​នោះ​បាន​ប្រកាស​លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ អនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០១ និង​បែបបទ​ការងារ​បច្ចេក​ទេស ឆ្នាំ​២០០៣ ។ សាធារណៈ​មតិ​ជាតិ និង​អន្ដរជាតិ​បាន យល់​ដឹង​កាន់តែ​ច្បាស់​ថា ក្រុម​ដែល​ហៅ​ថា ចលនា​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ​កំពុង​តែ​តាំងខ្លួន​ជា​ក្រុម​ជន​អ​នាធិ​ប​តេ​យ្យ​ប្រឆាំង​នឹង​ច្បាប់​អន្ដរជាតិ​ដែល ធ្វើ​ឡើង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណា​ចក្រ​ថៃ ។ ទ​ង្វើ​ដ៏​ល្ងង់ខ្លៅ​របស់​ចលនា សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​បាន​និង​កំពុង​រំលោភ​ទៅ​នឹង​គោលការណ៍​ច្បាប់​អន្ដរជាតិ និង​ទំនៀមទំលាប់ អន្ដរជាតិ​ទាក់ទង​ទៅ​នឹង​ការ​អនុវត្ដ​នៃ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​អន្ដរជាតិ ឬ​ពហុភាគី ដែល​គោលការណ៍​ទាំង​អស់នោះ​មាន​ចែង នៅ​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យ៉េន ស្ដី​ពី​នីតិ​សន្ធិ សញ្ញា ឆ្នាំ​១៩៦៩ ។

ការ​រំលោភច្បាប់​អន្ដរជាតិ​ដោយ​ក្រុមចលនា​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ខ្លួន ឯង​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​អាប់​ភី​ស៊ី​ត បាត់បង់​នូវ​កិត្យានុភាព​មុខមាត់ និង​ជំនឿ​ទុកចិត្ដ​ពី​សហគមន៍​អន្ដរជាតិ​ទាំងមូល ហើយ​បើសិន​រដ្ឋ​ជា​ភាគី​មួយ​ក្នុង​សន្ធិសញ្ញា ឬ​អនុសញ្ញា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លុប​ចោល​ស្រេច​តែ​ចិត្ដនោះ វា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​អនាធិបតេយ្យ ក្នុង​ទំនាក់ទំនង​អន្ដរជាតិ ក៏​ដូច​ជា​បំផ្លាញ ស្ថិរភាព និង​សន្ដិសុខ ពិសេស​សណ្ដាប់ធ្នាប់ និង​របៀបរបប​ក្នុង​ពិភពលោក​យើង​នេះ​តែម្ដង ។ ស្ថិរភាព សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ពិភពលោក ត្រូវ​បាន​ថែរក្សា​ការពារ​ដោយ​ធម្មនុញ្ញ សហប្រជាជាតិ និង​គោលការណ៍​នៃ​ច្បាប់ អន្ដរជាតិ​នា​សម័យ​ទំនើប​យើង​នេះ ។ ដូច្នេះចលនា​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ​មិន​អាច​ដើរ​តាម​គន្លង​នៃ​អំណាច ហ្វា​ស៊ី​ស និង​ណា​ស៊ី​ស ឬ​ធ្វើ​តាម​ហ៊ី​ទ្លែ និងមូ​សូលី​នី ដែល​លុប​ចោល​សន្ធិសញ្ញាក្រុង វែក​សៃ ឆ្នាំ​១៩១៩  ហើយ​ក្រោយមក​បើកការ​វាយលុក​លើ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុងពិភពលោក ។

អំពើ​នៃ​ការ​លុប​ចោល​នៃ​កិច្ចព្រមព្រៀង អន្ដរជាតិ​ធ្វើ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ មិនមែន​ប៉ះពាល់​តែ​លើ​ទំនាក់ទំនង​អន្ដរជាតិធម្មតា​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ប៉ះពាល់​ដល់​គ្រប់វិស័យ​ផ្សេង​ៗ​ទៀត​នៃ​កិច្ច​សហប្រតិបត្ដិការ និង​ការ​អភិវឌ្ឍន៍​រវាង​ប្រទេស​ទាំង​ពីរ​ពិសេស ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ គឺ​សន្ដិសុខ ការ​អភិវឌ្ឍន៍ និង​ជីវភាព​ល្អប្រសើរ​របស់​ប្រជាជន ។ ចំពោះ​ផែនទី​អន្ដរជាតិ​ឆ្នាំ​១៩០៨ គឺជាកេរ​មរតក​អន្ដរជាតិ​ដែល​បាន​កសាង​ឡើង មាន​អាយុ​ជាង​១០០​ឆ្នាំ និង​បន្សល់​ទុក​ដោយ ព្រះមហាក្សត្រ​សៀម ជូ​ឡា​ឡុ​ង​កន និងរ​ដ្ឋាភិ​បាល​បារាំង ក្នុង​នាម​ជា​អ្នក​អាណាព្យាបាល លើ​បី​ប្រទេស កម្ពុជា ថៃ និង​ឡាវ  ដែល​បានកើត​ចេញពី​កិច្ចព្រមព្រៀង​អន្ដរជាតិ​ឆ្នាំ ១៩០៤ និង​១៩០៧ ។ ផែនទី​អន្ដរជាតិ ឆ្នាំ​១៩០៨ មាន​១១​ផ្ទាំង​គ្របដណ្ដប់​លើ​បី ប្រទេស​កម្ពុជា ថៃ និង​ឡាវ ។ ដូច្នេះ​បើសិន​ក្រុម​វង្វេង​ប្រវត្ដិសាស្ដ្រ​ស្នើ សុំ​ឱ្យ​រដ្ឋបាល​អាប់​ភី​ស៊ី​ត​លុប​ចោល​ផែនទី​ឆ្នាំ ១៩០៨ គឺ​មាន​ន័យ​ថា​លុប​ចោល​នូវ​ខ្សែ​ព្រំដែន​អន្ដរជាតិ​រវាង​បី​ប្រទេស ។ បើ​ដូច្នោះ ភាព​អ​ស្ថិរភាព និង​អសន្ដិសុខ​នឹង​កើតឡើង ក្នុង​តំបន់ និង​ពិភពលោក​ដែល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​ធម្មនុញ្ញ​សហប្រជាជាតិ និង​គោលការណ៍​នៃ​ច្បាប់​អន្ដរជាតិ ។

មុន​នេះ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ ២០១០ ថ្មី​ៗ​នេះ ថេ​ម៉ុ​ន​ទ្រី ដែល​ជា​អ្នក​ប្រវត្ដិសាស្ដ្រ​វង្វេងទិស​ថៃ បាន​ថ្លែង​តាម​ទូរទស្សន៍ អេ អេស ធី​វី ថៃ ថាខ្លួន​ក្នុង​ឋានៈ​ជា​ប្រធានគណៈប្រតិភូ​ថៃ​នឹង​ធ្វើ​ដំណើ​ទៅ​ប៉ា​រី​ស ប្រទេស​បារាំង ដើម្បី​ដាក់​លិខិតតវ៉ា​ប្រឆាំង នឹង​យូ​ណេ​ស្កូ​លើ​៣​ចំណុច ដោយ​សុំ​ឱ្យ​យូ​ណេ ស្កូ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​គណៈ កម្ម​ការ​បេតិកភណ្ឌ​ពិភពលោក លើ​ករណីការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ ពិភពលោក សុំ​ឱ្យ​យូ​ណេ​ស្កូ​ធ្វើ​លិខិត​សុំ​ទោស ប្រជាជន​ថៃ​ដែល​មិន​អាច​គ្រប់គ្រង​អង្គការ ដែល​នៅ​ក្រោម​អង្គការ​យូ​ណេ​ស្កូ​បាន ដែលបណ្ដាល​ឱ្យ​កើត​មាន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ និង​សុំ​ឱ្យ​យូ​ណេ​ស្កូ​ប្រើប្រាស់​អំណាច​អគ្គនាយក​លុប​ចោល​នូវ​របៀបវារៈ​ប្រាសាទ​ព្រះ វិហារ​ពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣៤ នៅប្រទេស​ប្រេ​ស៊ី​ល​ខាង​មុខ​នេះ និង​ចេញ​បញ្ជា ឱ្យ​ដក​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ចេញពី បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​បន្ទាន់​។ សាធារណ​មតិ​ជាតិ និង​អន្ដរជាតិ​បាន យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​ថេ​ម៉ុ​ន​ទ្រី បាន​និង​កំពុង​វង្វេងទិស​មិន​ស្គាល់​ប្រវត្ដិ សាស្ដ្រ​ថៃ​ច្បាស់លាស់ បាន​និង​កំពុង​តាំងខ្លួនជា​ជន​អនាធិបតេយ្យ​មិន​គោរព​នូវ​គោលការណ៍​នៃ​ច្បាប់​អន្ដរជាតិ និង​របៀបរបប ពិភពលោក​ក្រោម​ធម្មនុញ្ញសហប្រជាជាតិ ក្នុង​ឋានៈ​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ស៊ី​វី​ល័យមួយ ។

គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​ប្រទេស​២១ ជា​សមាជិក​អចិន្ដ្រៃយ៍ បាន​បំពេញការងារ​ដោយ​ការ​ទទួលខុសត្រូវខ្ពស់​លើ​ការងារ​វប្បធម៌​ក្នុង​បុព្វហេតុ​ដើម្បី កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​ពិភពលោក ប្រកបដោយ​ចីរភាព​ឱ្យ​មាន​និរន្ដរភាព ដើម្បី​រក្សា​ទុកជា​សម្បត្ដិ​សំរាប់​មនុស្សជាតិ ទាំងអស់​គ្នា ដោយ​គោរព​តាម​គោលការណ៍ នៃ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​រក្សា​មិត្ដភាព និងកិច្ច​សហប្រតិបត្ដិការ​ល្អ​ក្នុង​ទិស​ដៅ​ដើម្បី កសាង​វប្បធម៌​ដើម្បី​សន្ដិភាព ។ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ខ្មែរ មិន​ត្រឹមតែ​ធ្វើឡើង​ដោយ​គ្មាន​ការ​ភ័ន្ដ​ច្រឡំ ប៉ុន្ដែ​ថែម​ទាំង មាន​លក្ខណៈ​ច្បាស់លាស់​ឥត​ងាករេ​ដែល​ផ្អែក​តាម​លក្ខណៈ​វិនិច្ឆ័យ​បច្ចេកទេស​វប្បធម៌ ឥតលាយឡំ​ជាមួយ​ទិដ្ឋភាព​ព្រំដែន ដូចដែល​ពួកអ្នកប្រវត្ដិសាស្ដ្រ​វង្វេងទិស​ថៃ​រូប​នេះ​លើកឡើង​ឡើយ ។ ការ​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​ចូល ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​សុក្រឹតត្រឹមត្រូវ​បំផុត​របស់​ក្រុម​អ្នកជំនាញ​របស់ ក្រុមប្រឹក្សា​អន្ដរជាតិ​វាយតម្លៃ​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន ដែល​ជា​អង្គការ​ក្រៅរ​ដ្ឋាភិ​បាល​មួយ​អម​នឹង​គណៈកម្មាធិការ​បេ​តិក ភណ្ឌ​ពិភពលោក ដែល​ទទួលខុសត្រូវ​នៅ ក្នុង​ការ​វាយតម្លៃ​សំណើ​សម្រាប់​ការ​ចុះបញ្ជី​សម្បត្ដិ​វប្បធម៌ ។ ស្រប​តាម​គោលការណ៍ ប្រតិបត្ដិការ​សម្រាប់​ការ​អនុវត្ដ​តាម​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ក្រុមប្រឹក្សា វាយតម្លៃ​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន បាន​បំពេញ​ការ​វាយតម្លៃ​ដែល​មាន​គោលដៅ តឹងរ៉ឹង និង​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ដ្រ ស្រប​តាម​កំរិត​វិជ្ជាជីវៈ​។

ដោយឡែក​ចំពោះ​ប្រាសាទព្រះវិហារ​ខ្មែរ ក្រុមប្រឹក្សា​នេះ​បាន​បង្ហាញ​ថា ជា​រមណីយដ្ឋា​ន​មាន​តម្លៃ​សាកល​លេចធ្លោ ។ ហើយ​ថា ទ្រព្យសម្បត្ដិ​នេះ រក្សា​បាន​នូវ​លក្ខណៈ​វិនិច្ឆ័យ (១) (២) និង (៣)​។ ចំពោះ​លក្ខណៈ​វិនិច្ឆ័យ (១) ៖ ប្រាសាទព្រះ​វិហារ គឺជា​ស្នាដៃឯក​ដ៏​ល្បីល្បាញ​របស់ ស្ថាបត្យកម្ម​ខ្មែរ​ ។ គឺជា “​ភាពល្អ​ឥត​ខ្ចោះ​” ទាំង​គម្រោង​ប្លង់ ទាំង​រចនា​ក្បាច់​តាក់តែង ។ លក្ខណៈ​វិនិច្ឆ័យ​(២) ព្រះ​វិហារ​បង្ហាញ​ឱ្យឃើញ​នូវ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ដ៏​មាន សារសំខាន់​ក្នុង​តម្លៃ​មនុស្ស និង​ការ​អភិវឌ្ឍន៍ ក្នុង​សិល្បៈ​ស្ថាបត្យកម្ម និង​ប្លង់​ទេសភាព ។ លក្ខណៈ​វិនិច្ឆ័យ​(៣) ការ​រួម​ផ្សំ​ខាង​ស្ថា​ប​ត្យកម្ម មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​តំណាង របស់​ខ្លួន​តាម​រេខា​គណិត​វិទ្យា​ខាងព្រះពុទ្ធ សាសនា ។ ទីតាំង​នៃ​ប្រាសាទព្រះវិហារ​ស្ថិត នៅ​លើ​រមណីយដ្ឋាន​ថ្ម​លយ​ដែល​មានលក្ខណៈ​គួរ​ឱ្យ​ចាប់អារម្មណ៍​ពិសេស ​។ ជណ្ដើរបុរាណ និង​ផ្លូវ​ចូល​ជា​ប្រវត្ដិសាស្ដ្រ​ដែល​នៅមាន​រហូត​ជាង​រាប់​ពាន់​ឆ្នាំ​បង្ហាញ​នូវ​ចំណេះ ដឹង​បច្ចេកវិទ្យា​ទំនើប ។ រចនាសម្ព័ន្ធ​ទាំងមូល​បង្ហាញ​នូវ​ចំណុច​ខ្ពស់​បំផុត​នៃ​ស្ថានភាព​ដ៏ មាន​សារសំខាន់​ក្នុង​ប្រវត្ដិ​មនុស្ស​ ។ ដូច្នេះហើយ​ក្រុមប្រឹក្សា​នេះ បាន​ផ្ដល់​អនុសាសន៍​ថា រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​ត្រូវ​ដាក់​ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការយូ​ណេ​ស្កូ ។

កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣១ នៃ​គណៈក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្រៃ​ឆឺ​ច ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ បាន​ទទួលស្គាល់​ថា រមណីយដ្ឋាន​ជាទី​សក្ការៈ​នៃ​ប្រាសាទព្រះ​វិហារ មាន​តម្លៃ​សាកល​លេចធ្លោ និង​មានសារសំខាន់​ជា​អន្ដរជាតិ​សម្បើម​ក្រោម លក្ខណៈ​វិនិច្ឆ័យ​(១) (២) និង​(៣) ហើយ ឯកភាព​ជា​គោលការណ៍​ថា នឹង​ត្រូវ​ចុះ​ក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ រហូត​ដល់​ថ្ងៃ ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ក្នុង​សម័យប្រជុំ ប្រចាំឆ្នាំ​លើក​ទី​៣២ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក ប្រកាស​ជា​ឯកច្ឆ័ន្ទ​ដាក់​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក ។ ដូច្នេះ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព លោក​ដែល​មាន​ប្រទេស​ចំនួន​២១ ជាស​មាជិ​ក បាន​បំពេញការងារ​ដោយ​ទទួលខុសត្រូវ ខ្ពស់​បំផុត ក្នុង​កិច្ចការ​វប្បធម៌ គឺ​កិច្ច​អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សម្បត្ដិ មនុស្សជាតិ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា ឆ្នាំ​១៩៧២ ដែល​គ្មាន​ហេតុផល​ណាមួយ​ត្រូវអនុវត្ដ​តាម​គំនិត​ល្ងីល្ងើ វង្វេង​ប្រវត្ដិសាស្ដ្រ និង​មិន​យល់​ដឹង​អំពី​គោលការណ៍​ច្បាប់ និងនីតិវិធី​ច្បាប់​អន្ដរជាតិ​របស់​ថេ​ម៉ុ​ន​ទ្រី​នោះ​បានឡើយ ។ ដូច្នេះ​ហើយ​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​នឹង​គ្មាន​ហេតុផល​ដែល​នឹង​ត្រូវពិចារណា​លើ​សំណើ​ជំទាស់​របស់​ថៃ​ឡើយ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​បាន​បំពេញ តាម​លក្ខខណ្ឌ​តម្រូវ​គ្រប់​ចំណុច​នៃ​គណៈ​ក​ម្មា ធិ​ការ​បេតិកភណ្ឌ​ពិភពលោក ។ ត្រង់​ចំណុចនេះ ថៃ​នឹង​ទទួល​បរាជ័យ​ដោយ​ក្ដី​អាម៉ាស់ ។

បុព្វហេតុ​បណ្ដាល​ឱ្យ​មាន​ជម្លោះ​រវាងកម្ពុជា និង​ថៃ​តាម​របៀប​គិត​ដោយ​អ្នកជំនាញ​ប្រវត្ដិសាស្ដ្រ​វង្វេងទិស​រូប​នេះ បាន ធ្វើ​ឱ្យ​សាធារណៈ​មតិ​ជាតិ និង​អន្ដរជាតិ មើលឃើញ​កាន់តែ​ច្បាស់​នូវ​មហិច្ឆតា​ដ៏​ល្ងង់ខ្លៅ របស់​ជន​ជ្រុលនិយម​មួយ​នេះ ឬ​អ្នក​ប្រវត្ដិសាស្ដ្រ និង​អ្នកនយោបាយ​មួយ​ក្ដាប់​តូច​ទៀត ដែល​ចិញ្ចឹមចិត្ដ​ប្រឆាំង​នឹង​កិច្ច​អភិរក្ស និងអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្ដិ​មនុស្សជាតិ ។ ក៏​ប៉ុន្ដែអាស្រ័យ​ដោយ​អ្នកនយោបាយ​ជ្រុលនិយម ថៃ​ខ្លះ បាន​លួច​គូស​ផែនទី​សម្ងាត់​ជា​ឯកតោភាគី ដែល​ត្រូវ​បាន​គេ​មើលឃើញ​ក្នុង​ឆ្នាំ ២០០៧ ដើម្បី​ចិញ្ចឹមចិត្ដ​ឈ្លានពាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា គឺជា​បុព្វហេតុ​នៃ​ជម្លោះរវាង​កម្ពុជា និង​ថៃ ហើយ​បាន​លើក​បញ្ហា​ព្រំដែន​ធ្វើ​លេស ដើម្បី​បង្វែរ​ការ​យកចិត្ដ​ទុកដាក់​ពី​វិបត្ដិ​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន ហើយទំលាក់​ផលវិបាក​មក​លើ​កម្ពុជា ។ កម្ពុជា និង​ថៃ​គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវ​មាន​ជម្លោះ​ជាមួយ​គ្នា​ឡើយ ខណៈ ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ខ្សែ​ព្រំដែន អន្ដរជាតិ​មួយ​ច្បាស់លាស់ និង​ស្ថាពរ​ដោយផ្អែក​លើ​ផែនទី​ឆ្នាំ​១៩០៨ បន្ថែម​លើ​ចំណងទាក់ទង​គ្នា​ស្រាប់​ខាង​វប្បធម៌ សាសនា ភាសា និង​ទំនៀមទម្លាប់ ពិសេស​ផល ប្រយោជន៍​នៅ​ក្នុង​កិច្ច​សហប្រតិបត្ដិកា​រលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងសន្ដិសុខ កាន់តែ​មាន​សារសំខាន់​សម្រាប់ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ប្រាថ្នា​ចង់រួមរស់​ក្នុង​សន្ដិភាព​និង​ការ​អភិវឌ្ឍន៍ ប្រសើរជាង​បំផុសគំនិត​ជាតិនិយម​ជ្រុល ហើយ​នាំគ្នា​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​សង្គ្រាម​មួយ​ដែលគ្មាន​ទី​បញ្ចប់ ។ ដូច្នេះ​ដំណើរការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​គឺ​មិន​អាច​ដកថយ​បាន​ឡើយ អាស្រ័យដោយ​ប្រទេស​កម្ពុជា​បាន​អនុវត្ដ​តាម​គោលការណ៍ និង​លក្ខខណ្ឌ​តម្រូវ​នៃ​គណៈ​ក​ម្មា​ធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេស្កូ ។ ការ​ស្រមើល​ស្រមៃ​របស់​ចលនា​អាវលឿង​សៀម​បាន​ត្រឹម​បំផ្លាញ​មុខមាត់​ជាតិសាសន៍​ខ្លួន​ប៉ុណ្ណោះ ៕