រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៥ មេសា បានឃាត់ខ្លួនប្រធានចលនារណសិរ្សរំដោះជាតិខ្មែរលោក សម សេរី ដែលកំពុងមានវត្តមាននៅប្រទេសថៃក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែររូបនេះថា មានបំណងដាក់គ្រាប់បែកបំផ្ទុះនៅម្ដុំវត្តភ្នំ និងក្នុងខេត្តសៀមរាបកាលពីអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំកន្លងទៅ ។ តាមការផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃដដែលនេះបានឱ្យដឹងថា លោក សម សេរី បានផ្ញើអុីម៉ែលមកកាន់វិទ្យុនេះមុនការចាប់ខ្លួនថា សមត្ថកិច្ចថៃបានឃាត់ខ្លួនលោកនៅពេលលោកកំពុងបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសថៃ ។ ប្រភពពីមនុស្សជំនិតរបស់លោក សម សេរី ម្នាក់បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា លោក សម សេរី ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅឃុំខ្លួននៅមន្ទីរឃុំឃាំងមួយកន្លែងនៅក្នុងទីក្រុងបាងកកហើយ ។
ទោះជាយ៉ាងណាក៏ប្រភពដដែលនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើទិដ្ឋាការស្នាក់នៅក្នុងប្រទេសថៃរបស់លោក សម សេរី អស់សុពលភាព ឬមួយនៅមានសុពលភាពនោះទេ ។ លោក សម សេរី ជាអាណិកជនខ្មែររស់នៅប្រទេសដាណឺម៉ាក ហើយបើយោងតាមប្រភពព័ត៌មានខាងលើថា ពួកគេកំពុងស្វែងរកអន្តរាគមន៍ពីស្ថានទូតដាណឺម៉ាក ក្នុងទីក្រុងបាងកក និងអង្គការពាក់ព័ន្ធដទៃទៀតដើម្បីឱ្យដោះលែងលោក សម សេរី ឱ្យមានសេរីភាពឡើងវិញ និងសង្ឃឹមថាអាជ្ញាធរថៃនឹងមិនបញ្ជូនលោក សម សេរី ទៅកាន់ប្រទេសកម្ពុជានោះឡើយ ។
កាលពីខែកុម្ភៈ ស្រី្តឈ្មោះ សំ សុខា ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ខណៈពេលដែលស្ត្រីរូបនេះបានយកស្បែកជើងវាយ និងគប់លើរូបប៉ាណូដែលមានរូបថតសម្តេចប្រមុខគណបក្សប្រជាជនកម្ពុជាទាំង២ ដែលទង្វើនោះបានបង្ហាញនូវការខ្វះសីលធម៌ និងបានទទួលការថ្កោលទោស ទីបំផុតស្រី្តឈ្មោះ សំ សុខា ត្រូវបានតុលាការខេត្តកំពង់ស្ពឺកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ពីបទជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើងពាក់ព័ន្ធនឹងការយកស្បែកជើងគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន ។
ព័ត៌មានពីការចាប់ខ្លួនលោក សម សេរី នេះក៏ស្របគ្នានឹងការផ្សព្វផ្សាយឯកសារមួយចំនួនរួមជាមួយនឹងវីដេអូ ដែលមានរយៈពេលជិតមួយម៉ោងស្ដីពីបដិវត្តន៍ពណ៌កាលពីដើមសប្ដាហ៍នេះតាមកញ្ចក់ទូរទស្សន៍ ។
ការផ្សាយវីដេអូនោះបានបង្ហាញពីសកម្មភាពរបស់លោក សម រង្ស៊ី មានទំនាក់ទំនងស្អិតល្មួតជាមួយលោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិ ហើយបានឃុបឃិតគ្នាធ្វើសកម្មភាពជាសម្ងាត់ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ។ វីដេអូដែលត្រូវបានផ្សាយលើគេហទំព័ររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីយប់ថ្ងៃចន្ទ និងការផ្សាយបន្តតាមទូរទស្សន៍នានាដែលមានចំណងជើងថា«ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ»បានហៅអតីតគណបក្សប្រឆាំងនិងចលនាផ្សេងៗទៀត ដែលរិះគន់រាជរដ្ឋាភិបាលថា ជាក្រុមភេរវករនិងប្ដេជ្ញាទប់ស្កាត់និងកម្ទេចចលនាទាំងនោះមិនឱ្យកើតមានជាដាច់ខាត ។
វីដេអូនេះក៏បានលើកឡើងពីសុខសន្តិភាព និងការរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ប៉ុន្តែមានការជ្រៀតជ្រែករបស់ចលនាឧទ្ទាមមួយចំនួន ដែលក្នុងវីដេអូនោះបញ្ជាក់ថា ជាចលនាសហការជាមួយបរទេស ដែលមានចេតនាទុច្ចរិត ផ្ដួលរំលំរដ្ឋាភិបាលដោយខុសច្បាប់ ។ វីដេអូដដែលមានបង្ហាញពីរូបភាពរបស់លោក សម រង្ស៊ី ដឹកនាំបាតុកម្មក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែលឈានដល់មានអំពីហិង្សានៅលើកំណាត់ផ្លូវវេងស្រេងនិងបណ្ដាលឱ្យកម្មករយ៉ាងតិច៤នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស និងត្រូវបានចាប់ខ្លួន ។ ការអត្ថាធិប្បាយក្នុងវីដេអូបានបញ្ជាក់ថា«សុខសន្តិភាពនេះតែងតែមានការរំខានពីក្រុមចលនាឧទ្ទាមមួយចំនួនតែងសហការជាមួយបរទេសបង្កើតចលាចល បង្កភាពវឹកវរម្ដងហើយម្ដងទៀត ក្រោមមហិច្ឆតាដណ្ដើមអំណាចផ្លូវកាត់ ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។
តែទោះជាយ៉ាងណាចេតនាទុច្ចរិតទាំងនោះមិនបានសម្រេចនោះទេ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកមិនអនុញ្ញាតឱ្យជនទុច្ចរិតទាំងនោះ ឆក់ប្លន់សន្តិភាពដែលយកអាយុជីវិតរបស់វីរជនខ្មែរដែលប្ដូរមកនោះបានជាដាច់ខាត» ។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការរៀបគម្រោងបំផ្ទុះគ្រាប់បែកចំនួន២កន្លែងក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញនិងខេត្តសៀមរាប គឺជាគម្រោងរបស់លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា«មេភេរវករ»ព្រមទាំងបានចាក់ផ្សាយខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទ ដែលថាជាសំឡេងទាក់ទងគ្នារបស់ក្រុមភេរវករក្នុងការរៀបគម្រោងដាក់គ្រាប់បែកបំផ្ទុះជាដើម ។
ចំពោះទំនាក់ទំនងរវាងលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម សេរី ត្រូវបានចោទថា បានរៀបចំកម្លាំងបង្កប់ដើម្បីបំផ្លាញការបោះឆ្នោតនិងថាលោក សម សេរី មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី យ៉ាងស្អិតល្មួត និងបានឃុបឃិតគ្នាធ្វើសកម្មភាពជាសម្ងាត់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដោយរួមមានទាំងការជួបជាមួយជនបរទេសមួយចំនួនផងដែរ ។
«ឆាកវីដេអូនេះបានចាត់ទុកថា ភស្តុតាងនេះបានបញ្ជាក់ឱ្យឃើញថា ក្រុមចលនាឧទ្ទាមក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី និង សម សេរី និងបក្ខពួកពិតជាបានសហការគ្នាជាប្រព័ន្ធដោយមានការជ្រោមជ្រែងពីបរទេស ពិតជាមានចេតនាបំផ្លាញភាពសុខសាន្តរបស់កម្ពុជាក្នុងមហិច្ឆតាដណ្ដើមអំណាចឱ្យខាងតែបាន បើទោះបីជាអំពើទាំងនោះបង្កការខូចខាតធ្ងន់ធ្ងរ ឬនាំឱ្យប្រទេសជាតិវឹកវរចលាចលយ៉ាងណាក្ដី ។
តាមវិទ្យុ VOA ក៏បានដកស្រង់សារអេឡិចត្រូនិក (អុីម៉ែល) របស់លោក សម រង្ស៊ីថា«បានបដិសេធការចោទប្រកាន់នេះ ។ វាគ្មានមូលដ្ឋានអ្វីទាល់តែសោះ ហើយអ្នកដែលបង្កើតវីដេអូនេះគឺឆ្កួតលីលា» ។
វីដេអូដែលមាននិយាយពីចលនាផ្សេងៗមួយចំនួនទៀតនោះ រដ្ឋាភិបាលក៏បានបញ្ជាក់ថា លោក សម សេរី ក៏បានសហការគ្នាជាមួយលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលកំពុងស្ថិតក្នុងពន្ធនាគារ ក្រោយរងការចោទពីបទបង្ខូចទឹកចិត្តកងទ័ពថា បានធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងបានដុតទង់ជាតិវៀតណាមជាដើម ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ថា លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសរសេរលិខិតទៅកាន់ភាគីថៃផ្លូវការហើយ ដើម្បីឲ្យបញ្ជូនជនជាប់ចោទឈ្មោះ សម សេរី មកទទួលទោសនៅកម្ពុជាក្រោយការអនុវត្តទោសនៅថៃ ។ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្វើឡើងក្រោយពីសមត្ថកិច្ចថៃបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សម សេរី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះក្នុងប្រទេសថៃ។ លោកថា លោកសម សេរី ត្រូវបានតុលាការកម្ពុជាកាត់ទោសកំបាំងមុខដាក់ពន្ធនាគារចំនួន៩ឆ្នាំពីបទភេរវកម្មកាលពីឆ្នាំ២០១៣ តែការបញ្ជូនមកកម្ពុជានៅពេលណានោះសម្រេចលើភាគីថៃ ៕
ចែករំលែកព័តមាននេះ